បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ជាពិសេស​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នៅតែ​កើតមាន​យ៉ាង​រាលដាល​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​សំអាង​ជាបន្ទាន់ ព្រោះ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវបាន​គេ​ដឹងថា ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់​។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​កំពុង​រង​ការកាប់​ឆ្ការ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​កម្មករ​របស់​ឈ្មួញ​ជាច្រើន​ក្រុម ហើយ​កម្មករ​ទាំង​នោះបាន​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ​ឲ្យ​ឈ្មួញ​ជាច្រើន​ខែ​មកហើយ​ដែលមាន​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​នៅ​ពី​ក្រោយខ្នង​។ បញ្ហា​នេះ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី គួរពិនិត្យមើល​ជាបន្ទាន់​ផងដែរ ព្រោះ​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​បន្ទាប់ពី​ឈ្មួញ​មានអំណាច​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រុក​កាប់ឆ្ការ ដើម្បី​យក​ដី​ប្រើប្រាស់​ជា​កម្មសិទ្ធិឯកជន​និង​ធ្វើ​អាជីវកម្ម​។ អ្នកភូមិ​បាន​រិះគន់ថា ប្រធាន​សហគមន៍​មិនបាន​យកចិត្តទុកដាក់​ការពារ​ព្រៃភ្នំ​ជម្រក​សត្វ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ហើយ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។

តាម​សេចក្ដីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​កួយ​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា មាន​កម្មករ​ប្រមាណ​៤​ទៅ​៦​ក្រុម ហើយ​ក្នុង​១​ក្រុម​មាន​៤​ទៅ​៦​នាក់ បាន​បោះតង់​ក្នុងព្រៃ​ដើម្បី​ស៊ីឈ្នួល​កាប់​ឈើ​ឲ្យ​អនុប្រធាន​សហគមន៍​ឈ្មោះ ភឿ​ក ស៊ី ឈ្មោះ ភាព និង​ឈ្មោះ លួ​ន រយៈពេល​ជាច្រើន​ខែ​មកហើយ​។ ជនជាតិដើម​ភាគតិច​កួយ​បាន​ឲ្យ​ដឹងថា ក្រុមកម្មករ​កាប់ឆ្ការ​ដោយ​ប្រើ​រូបមន្ត​ស្បែក​ខ្លា​ក្នុង​មួយកន្លែង​ចាប់ពី​១០​ទៅ​៤០​ហិកតា ត្រង់ចំណុច​អូរ​ឆ្កូត ត្រពាំង​ស្នួល ភ្នំ​គោល​រោល សរុបទៅ​អស់​រាប់រយ​ហិកតា​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដូច្នេះ​លោក មុំ សារឿន ជា​អភិបាលខេត្ត​ស្ទឹងត្រែង មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ចំណែក​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីក្រោមឱវាទ​នៅ​ខេត្តស្ទឹងត្រែង​ខ្លះ​ផង ព្រោះ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ឡើយ​៕

12483556_1513794882249422_309705163_nលោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ
image