កូរ៉េខាងជើង អះអាងថា​បាន​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដ៏​មាន​ឥទ្ធិពល​ដោយ​ជោគជ័យ​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង អះអាងថា បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ ការបាញ់​សាកល្បង​នេះ ក៏បាន​បង្ក​ឲ្យ​មាន​គ្រោះរ​ញ្ជូ​យ​ដី​នៅក្បែរ​រោងចក្រ​ផលិត​គ្រាប់បែកបរមាណូ ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន South China Morning Post​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៦ មករា​នេះ រដ្ឋាភិបាល​កូរ៉េខាងជើង បានប្រកាសថា​បាន​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន ដែលជា​ប្រភេទ​គ្រាប់បែក​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​ដោយ​ជោគជ័យ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​រង្វាស់​ប្រមាណ​៥.១ វិចទ័រ ដែល​អ្នកជំនាញ​ជាច្រើន​បាន​ចាត់​ថា កើតឡើង​ដោយសារតែ​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​នោះឯង​។​

​បើសិនជា​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង ពិតជា​បានកើត​ឡើង​ដូច​ទៅនឹង​ការចុះ ផ្សាយ​របស់​ព័ត៌មាន​មែន នោះ​ការបាញ់​នេះ នឹង​ក្លាយជា​ការបាញ់​សាកល្បង​លើក​ទី​បួន​ហើយ​នៃ​ការ បាញ់​គ្រាប់បែក​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េខាងជើង​។ យោងតាម​សារព័ត៌មាន BBC កូរ៉េខាងជើង ធ្លាប់បាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បី​លើក​ហើយ​។ ក្នុងនោះ វា​កើតឡើង​នៅ​ឆ្នាំ​២០០៦ ២០០៩ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៣​។​

​សូម​រមឹ្ល​ក​ផងដែរ​ថា កាលពី​ថ្ងៃទី​១០ ធ្នូ ២០១៥ កន្លងទៅ មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានប្រកាស​ជា​ផ្លូវការ​ថា ប្រទេស​កូរ៉េខាងជើង​បានសម្រេច​ជោគជ័យ​ក្នុង​ការផលិត​គ្រាប់បែក​អ៊ីដ្រូសែន​។ ហើយ​លោក ក៏បាន​សង្កត់ធ្ងន់ថា កូរ៉េខាងជើង ក៏​អាច​ប្រើប្រាស់​គ្រាប់បែក​នេះ​បំពាក់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​ការពារ​អធិបតេយ្យ​ខ្លួន ប្រឆាំង​រាល់​ការឈ្លានពាន​ពី​បរទេស​។ កូរ៉េខាងជើង​ចាត់ទុកថា ជោគជ័យ​នេះ​ជួយ​ឲ្យ​ខ្លួន​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​មួយ​លើ​លោក​។​

​អ្វី​គួរកត់សម្គាល់​នោះ ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​ខួបកំណើត​របស់លោក​ប្រធានាធិបតី​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។ អ្នកវិភាគ​មួយចំនួន​ចាត់ទុក ការបាញ់​នេះ គឺជា​ការ​សាទរ​ចំពោះ​លោក គីម ជុង​អ៊ុន ដ្បិត​ជា​ទម្លាប់ កូរ៉េខាងជើង តែងតែ​សាកល្បង អាវុធ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងឱកាស​ពិសេស ឬ​បុណ្យជាតិ​របស់​ប្រទេស​ខ្លួន​៕