អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​ស្ថាបនា​ផ្លូវ​ទៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​អន្លង់​ស្វាយ

អាជ្ញាធរ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង គ្រោង​បញ្ចេញ​ថវិកា​អភិវឌ្ឍ​ឃុំ​ឆ្នាំ​២០១៦ ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ២​គីឡូម៉ែត្រ ទៅ​តំបន់​ធម្មជាតិ​ទឹក​ធ្លាក់​អន្លង់​ស្វាយ។ តំណាង​សហគមន៍ សាទរ​ចំពោះ​គម្រោង​នេះ ហើយ​សង្ឃឹម​ថា សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នក​ភូមិ​នៃ​ឃុំ​ក្បាលទឹក នឹង​រីក​ចម្រើន​ជាង​មុន​តាម​រយៈ​ការ​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ។

មេ​ឃុំ​ក្បាលទឹក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ឃុំ​ក្នុង​មួយ​ឆ្នាំៗ​មាន​ចន្លោះ​ពី ៥០​លាន​រៀល​ទៅ ៦០​លាន​រៀល​នោះ នឹង​បែង​ចែក​ទៅ​ស្ថាបនា​ផ្លូវ​ទៅ​កាន់​តំបន់​ទឹក​ធ្លាក់​ក្នុង​ឆ្នាំ​២០១៦ នេះ។

មេ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស អ្នកស្រី ស៊ឹម រ៉ុន មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​ឃុំ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ថា នឹង​ស្ថាបនា​ផ្លូវ​នេះ ហើយ​អាជ្ញាធរ​ស្រុក និង​ខេត្ត ក៏​បាន​ចុះ​វាស់​កំណត់​ប្រវែង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​នោះ​រួច​ហើយ​ដែរ កាល​ពី​ចុង​ឆ្នាំ​២០១៥។ អ្នកស្រី​ថា គម្រោង​ស្ថាបនា​ផ្លូវ​នេះ​នៅ​មាន​ដំណាក់​កាល​ដេញ​ថ្លៃ​ទៀត ប៉ុន្តែ​ក្នុង​នាម​អ្នកស្រី​ជា​មេ​ឃុំ អ្នកស្រី​ប្ដេជ្ញា​ថា​នឹង​បញ្ចប់​គម្រោង​នេះ​ក្នុង​ឆ្នាំ​២០១៦៖ «កន្លែង​ហ្នឹង គឺ​ជា​អាទិភាព បាន​យើង​ជា​ក្រុម​ប្រឹក្សា​ឃុំ​អនុម័ត​ទាំងអស់​គ្នា​ថា ដាក់​នៅ​កន្លែង​ហ្នឹង ហើយ​ខាង​សហគមន៍​ថា​កន្លែង​ហ្នឹង​ជា​តំបន់​ទឹក​ធ្លាក់ យើង​អាច​ឲ្យ​ប្រជាពលរដ្ឋ​មក​កម្សាន្ត ដើម្បី​ឲ្យ​ឃើញ​ទេសភាព​ក្នុង​ឃុំ​យើង​ហ្នឹង​មាន​ទឹក​ធ្លាក់»

អ្នកស្រី ស៊ឹម រ៉ុន បញ្ជាក់​ថា ផ្លូវ​ដែល​ត្រូវ​ធ្វើ​នេះ​មិន​មែន​ជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ក្រួស​ក្រហម​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​ផ្លូវ​ធម្មជាតិ ដោយ​កន្លែង​ខ្លះ​ត្រូវ​ក្រាល​ដី​ក្រាល​ខ្សាច់ និង​កន្លែង​ខ្លះ​ក្រាល​ដី​កណ្ដេង។ ផ្លូវ​នេះ​នឹង​ធ្វើ​ចេញ​ពី​ចំណុច​ភូមិ​ដូង រហូត​ដល់​កន្លែង​ទឹក​ធ្លាក់​អន្លង់​ស្វាយ ឋិត​នៅ​ភូមិ​ដូង នៃ​ឃុំ​ក្បាលទឹក ដដែល។ ផ្លូវ​នេះ​អាច​នឹង​ផ្ដល់​សារប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​ក្បាលទឹក។

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ នៃ​ឃុំ​ក្បាលទឹក លោក ហួន ណារិទ្ធ កូតា​មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា ការ​ចាយ​វាយ​ថវិកា​អភិវឌ្ឍន៍​ឃុំ​កន្លង​ទៅ​មាន​ប្រសិទ្ធភាព ដោយ​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​លើ​គម្រោង​ស្ថាបនា​អ្វី​មួយ​មាន​តម្លាភាព។ លោក​សង្ឃឹម​ថា ពេល​ធ្វើ​ផ្លូវ​នេះ​រួច ភ្ញៀវ​ទេសចរ​នឹង​លែង​លំបាក​ផ្លូវ​ឡើង​ទៅ​លេង​ទឹក ហើយ​ពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ពួក​គេ។

តំណាង​ពលរដ្ឋ​ម្នាក់ លោក ម៉ិល សារិទ្ធ ត្រេកអរ​នៅ​ពេល​ទទួល​បាន​ដំណឹង​នេះ ហើយ​ថា ផ្លូវ​អាច​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់ទាញ។ ក្រៅ​ពី​ទស្សនា ឬ​លេង​ទឹក​ធ្លាក់ ៧​ជាន់​នៅ​លើ​ភ្នំ ភ្ញៀវ​អាច​រក​ទិញ​ចេក ដូង ស្វាយ ខ្នុរ និង​ក្រូចថ្លុង ទៅ​តាម​រដូវ​កាល។ លោក​ថា បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​ទៅ​លេង​ទឹក​ធ្លាក់​នោះ​ប៉ុន្មាន​ទេ ព្រោះ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ពេក៖ «រាល់​ថ្ងៃ​មាន​បញ្ហា​ផ្លូវ​ហ្នឹង​ហើយ បើ​បាន​ផ្លូវ​មែន​នោះ គឺ​តំបន់​ទេសចរណ៍​អាច​កើត​មក​លោកគ្រូ! ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ប្រហែល ៥០​ភាគរយ​ទៀត»

ទាក់ទង​រឿង​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​របស់​មន្ទីរ កំពុង​ស្វែងរក​ជំនួយ ឬ​ប្រភព​វិនិយោគ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាមួយ​សហគមន៍។ លោក​ថា នៅ​ពេល​តំបន់​ទឹក​ធ្លាក់​អន្លង់​ស្វាយ ត្រៀម​រៀបចំ​ជា​តំបន់​ទេសចរណ៍ មាន​ភ្ញៀវ​មួយ​ចំនួន​និយម​ទៅ​លេង​នៅ​កន្លែង​ផ្សេង​ទៅ​វិញ គឺ​ទឹក​ធ្លាក់​ស្រែ​អម្ពិល។

តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់ ឬ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់​ស្វាយ ឋិត​នៅ​ភាគ​ខាង​លិច​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ។ តំបន់​នេះ ត្រូវ​បាន​អភិរក្ស​ដោយ​សហគមន៍​ក្នុង​ឃុំ​ក្បាលទឹក ដែល​មាន​ផ្ទៃ​ដី​ទំហំ​ជាង ១​ពាន់​ហិកតារ (១.១៦៣​ហិកតារ) និង​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។