អភិបាលខេត្ត​​​ជំរុញ​ឱ្យមន្ទីរជំនាញ​​​​ធ្វើ​ស្លាក​លេខនិង​បង់​ព​ន្ធ​​ជូនពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស

ខេត្តក្រចេះ ​៖ ​លោក សរ ចំរុង អភិបាលខេត្ត​​ ប្រជុំ​ពង្រឹង​​និង​ជំរុញ​​ឲ្យ​មន្ត្រី​នៃមន្ទីរ​ជំនាញ​ព​ន្លឿ​ន​ការ​ដោះស្រាយ​លើ​នី​តិ​វិធី​ចរាចរណ៍ឲ្យ​បាន​ឆាប់រហ័ស​ជូន​​​ពលរដ្ឋ ​ដូច​ជា​ការ​ផ្តល់​ស្លាក​លេខ និង​ការ​បង់​ព​ន្ធលើ​យានយន្ត និង​ម៉ូតូ​ដែល​បាន​មក​ពី​ការ​ចាប់ឃាត់​ក្នុង​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ ។

ថ្លែង​ទៅ​កាន់​លោក​ប្រធាន​មន្ទីរ​ពាក់​ព័​ន្ឋ រួម​មាន ​សាខា​គយ​ និង​រដ្ឋ​ករ​ខេត្ត មន្ទីរ​សា​ធារណការ មន្ទីរ​ព​ន្ឋ​ដារ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បានធ្វើ​ឡើង​នៅ​សាលាខេត្ត​ក្រចេះ នា​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា លោក សរ ចំរុង អភិបាលខេត្ត​​ ​និង​ជា​ប្រធានអនុ​គណៈក​ម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​សង្កត់ធ្ងន់​ថា មន្ត្រីនគរបាល​ចរាចរ​ ដែល​កំពុង​​​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់ ធ្វើ​ទៅ​តាម​សភាព​ជាក់ស្តែងចៀស​វាង​ទំនាស់ ត្រូវ​អនុវត្ត​ឲ្យ​ស្មើភាព​ ។

លោកឧត្ត​សេនីយ៍​ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្តច្បាប់​ចរាចរណ៍​ថ្មី ​​សមត្ថកិច្ច​បាន​​ឃាត់​ម៉ូតូ​គ្មាន​ព​ន្ឋ គ្មាន​ស្លាក​លេខ​បាន​ចំនួន៦៩​គ្រឿង នាំ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិ​វិធី​ ។ ហើយ​ល​ទ្ឋ​ផល​ការ​ផាកពិន័យ ក្នុងអំឡុង​ពេល​៤​ថ្ងៃ​ បាន​ចំនួន​១៧​លាន​រៀល ​និង​អប់រំ​ណែនាំ​បាន​ចំនួន​១៨៣​ករណី​ ។

លោក​​ស្នងការ​នគរបាល​ខេត្ត បាន​បន្ត​​ថា​ ​​ខេត្ត​ក្រចេះសព្វថ្ងៃ​មាន​ម៉ូតូ​ចំនួន​ជាង​២៨.៨១៤​គ្រឿង ក្នុង​នោះ​គ្មាន​ស្លាកលេខ​២១.២១៨​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​ជាង​២.៤១៧​គ្រឿង ​គ្មាន​ស្លាក​លេខ​ចំនួន​៧៦៤​គ្រឿង ​។

លោក​អភិបាលខេត្ត​​ ​​បាន​ជំរុញ​​ឲ្យ​បណ្តា​មន្ទីរ​ជំនាញ​ព​ន្លឿ​ន​បង្កើត​ក្រុមការងារ​ចុះ​វាយតម្លៃ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ជូន​​ប្រជាពលរដ្ឋ ទាំង​ការ​ផ្តល់​ស្លាក​លេខ​ម៉ូតូ និង​យានយន្ត និង​ការ​ធ្វើ​ព​ន្ឋ​ជូន​ទៅ​ពួក​គាត់ ៕