ថៃ​ប្រឈម​នឹង​អត្រា​អតិផរណា​លើ​តម្លៃ​ប្រេង ធ្វើ​ឱ្យ​តម្រូវការ​ក្នុងស្រុក​ធ្លាក់​ចុះ

ប្រទេស​ថៃ ៖ រាជរដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ថា តម្លៃ​ទំនិញប្រើប្រាស់​ប្រហែលជា​មិន​អាច​វិល​ទៅ​រក​ភាព​ដូច​ដើម​ដែល​បាន​រំពឹង​ទុក​កាលពីដើម​ឆ្នាំ​ឡើយ បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​បាន​រុញច្រាន​ស​ន្ទ​ស្សន៍​អតិផរណា​របស់​ប្រទេស​ថៃ ឲ្យ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​ក្នុង​រយៈពេល​១២​ខែ​នេះ ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​ថៃ កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​នៃ​តម្លៃប្រើប្រាស់​បាន​ធ្លាក់​ចុះ​រហូត​ដល់​០,៨៥% គិត​ចាប់ពី​ដើមឆ្នាំ​នេះ គឺ​ចំនួន​នេះ​លើស​០,៧៦%​ដែល​អ្នក​សេដ្ឋកិច្ច​បាន​រំពឹង​ទុក​ទៅ​ទៀត ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​គោលនយោបាយ​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ លោក Somkiat Triratpan បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ៖ « តម្លៃ​ប្រេង គឺជា​កត្តា​គ្រោះថ្នាក់​បំផុត​សម្រាប់​បញ្ហា​អតិផរណា​ក្នុង​ប្រទេស​ថៃ ។ អត្រា​អតិផរណា គួរតែ​អាច​វិល​រក​ភាព​វិជ្ជមាន​វិញ​នៅ​ត្រីមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​វា​នៅ​តែ​មិន​ប្រាកដ ព្រោះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង​ការ​ព្យាករ​របស់​យើង​ទៅ​ទៀត » ។

យោង​តាម​ក្រុមហ៊ុន​រុករក និង​ផលិត​ប្រេង PTT ឱ្យ​ដឹង​ថា អ្នកជំនាញ​បាន​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​១១% កាលពី​ខែធ្នូ​នេះ ខណៈ​អ្នកជំនាញ​មួយ​ចំនួន​ទៀត​រំពឹង​ទុក​ថា តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ដល់​១៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដើរ​យឺត ។

« សម្ពាធ​អតិផរណា​នឹង​អាច​បន្ត​ចូល​ដល់​ដើមឆ្នាំ​២០១៦ ដោយសារ​តែ​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​តម្រូវការ​ក្នុងស្រុក​មាន​ចំនួន​តិច ។ លើស​ពី​នេះ​ទៀត បញ្ហា​អតិផរណា​ក្នុង​ប្រទេស​ថៃ នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ខែ​បន្ទាប់ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Weiwen Ng អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កត្តា​ចម្បង​នៃ​អតិផរណា​របស់​ថៃ​ដែល​មិន​រាប់​បញ្ចូល​នឹង​ថ្លៃ​ថាមពល បាន​ធ្លាក់​ចុះ​ពី​០,៦៨%​កាលពី​ខែធ្នូ បើ​ធៀប​នឹង​ខែវិច្ឆិកា មាន​អត្រា​០,៨៨% ។

ចំណែកឯ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ អត្រា​អតិផរណា​បាន​ធ្លាក់​ចុះ​ទៅ​ដល់​៣,៣៥% នៅ​ក្នុង​ខែធ្នូ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ។ ក្នុង​នោះ​ដែរ បើ​យោង​ទៅ​តាម​ទិន្នន័យ​រៀបចំ​ឡើង​ដោយ Bloomberg បរិមាណ​អត្រា​អតិផរណា​នេះ គឺជា​អត្រា​ដែល​ទាប​គេ​បំផុត​គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១០ ។
ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា អត្រា​អតិផរណា​របស់​ប្រទេស​ថៃ គួរតែ​មាន​អត្រា​ជា​មធ្យម​ពី​១% ទៅ​២% នៅ​ក្នុងឆ្នាំនេះ ប្រសិនបើ​តម្លៃ​ប្រេង​មាន​តម្លៃ​ចន្លោះ​ពី​៤៨​ដុល្លារ​អា​មេ​រិ​ក ដល់​៥៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ៕