ជប៉ុន​ចង់​ផ្គត់ផ្គង់​រថភ្លើង​ល្បឿន​លឿន​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី

ប្រទេស​ជ​ប៉ុ​ន ៖ ប្រទេស​ជប៉ុន​ទើបតែ​សម្រេច​បាន​ជោគជ័យ​លើ​ចិន ក្នុង​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​ផ្លូវដែក​ដែល​មាន​ទឹកប្រាក់​១៥​ប៊ី​លាន​ដុល្លារ​នៅ​ប្រទេស​ឥណ្ឌា ហើយ​ថែម​ទាំង​មាន​ទិស​ដៅ​លក់​ចេញ​នូវ​រថភ្លើង​ល្បឿន​លឿន​របស់​ខ្លួន​ដល់​គម្រោង​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​រវាង​រដ្ឋាភិបាល​សិង្ហ​បុរី និង​ក្រុង​គូ​ឡា​ឡាំ​ពួ ដែល​ជា​ការ​បើក​ទីផ្សារ​ថ្មី​ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា​ពី​សំណាក់​ក្រុមហ៊ុន Hitachi Ltd និង Mitsubishi Heavy Industries Ltd ។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន លោក Keiichi Ishii បញ្ជាក់​ថា ៖ « រដ្ឋាភិបាល​បាន​គាំទ្រ​ដូច​ជា​ការ​ដេញថ្លៃ ជាដើម ។ កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជំនួញ​នានា គឺ​មាន​សារសំខាន់​នៅ​ក្នុង​ការ​រឹតចំណង​នៃ​ការ​ធ្វើ​ជំនួញ​ជាមួយ​ឥណ្ឌា កាលពី​ស​ប្តា​ហ៍​មុន » ។

ជប៉ុន​ដែល​ជា​អ្នក​ផលិត​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​នៅ​លើ​ពិភពលោក​ជាង​មួយ​សតវត្សរ៍​មកនេះ កំពុង​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​ចេញ​បច្ចេកវិទ្យា​រថភ្លើង​ល្បឿន​លឿន​របស់​ខ្លួន ដើម្បី​សម្រេច​បាន​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ក្នុង​ការ​នាំ​ចេញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ទ្វេ​ជា​បី ឬ​ស្មើនឹង​៣០​ទ្រី​លាន​យេ​ន​នៅ​ឆ្នាំ​២០២០ ។

តាម​របាយការណ៍​ព័ត៌មាន​ពី​កាសែត The New Straits Times ឲ្យ​ដឹង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​បាន​ទទួល​នូវ​ពាក្យ​ស្នើ​ចំនួន​២៥០ បន្ទាប់​ពី​ការ​អំពាវនាវ​សម្រាប់​សំណើ​ចំពោះ​ព័ត៌មាន​សម្រាប់​គម្រោង​នេះ ហើយ​៩៨​ពាក្យ​ស្នើ​ត្រូវ​បាន​ចុះបញ្ជី ។

អង្គភាព​បរទេស​ចំនួន​១៤ ក្នុង​ចំណោម​៩៨​ត្រូវ​បាន​ពិនិត្យ​ពី​ទស្សនៈ​របស់​ពួក​គេ​នា​ពេល​បច្ចុប្បន្ន រួម​មាន Alstom SA របស់​បារាំង​, Siemens AG (​អា​ល្លឺ​ម៉​ង់​), CAF និង Talgo SA (​អេ​ស្ប៉ា​ញ​), Bombardier Inc (​កា​ណា​ដា​) ដែល​ជា​ក្រុមហ៊ុន​ដឹកនាំ​ដោយ​ផ្លូវដែក​ចិន ក៏​ដូច​ជា​សមាគម​នានា​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន ។ ចំពោះ​បណ្តាញ​ផ្លូវដែក​ឥណ្ឌា​បាន​រើស​យក​ជប៉ុន​ក្នុង​ការ​ជួយ​សាងសង់​ផ្លូវ​រថភ្លើង​ដែល​មាន​ប្រវែង​៥០៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីក្រុង Mumbai ជាមួយ​ក្រុង Ahmedabad ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សៅរ៍ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Hitachi ផលិត​រថភ្លើង​ល្បឿន​លឿន ខណៈ​ក្រុមហ៊ុន Mitsubishi Heavy គ្រប់គ្រង​គម្រោង​សាងសង់​រថភ្លើង​ល្បឿន​លឿន​រួម​មាន ការ​នាំ​ចេញ​បច្ចេកវិទ្យា​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់ ៕