ក្នុង​ឆ្នាំ​2015 Mazda លក់​រថយន្ត​លើ​ទីផ្សារ​កម្ពុជា​កើនឡើង​ទ្វេ​ដង

រាជធានី​ភ្នំពេញ ៖ កំណើន​រថយន្ត​ស៊េរី​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​ដែល​ចំណូល​ប្រជាពលរដ្ឋ ក៏​ចាប់ផ្ដើម​កើនឡើង​ផង​ដែរ ក្នុង​នោះ​រថយន្ត​ស៊េរី​ថ្មី​គ្រប់​ម៉ូ​ដែល គ្រប់​ក្រុមហ៊ុន​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដោយ​រថយន្ត​ខ្លះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ចំពោះ Mazda ជា​រថយន្ត​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន​ក្នុងស្រុក HGB Auto និង​ទើបតែ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ តែ​រថយន្ត នេះ​ត្រូវ​បាន​ទទួលស្គាល់​លើ​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ កំណើន​នៃ​ការ​លក់​បាន​កើន​ឡើងជា​លំដាប់ និង​កើន​ឡើងជា​ច្រើន​ទៀត​ផង ។

អ្នក​នាង អ៊ុ​ន កញ្ញា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន HGB Auto បានឱ្យ​ដឹង​ថា ៖ « ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ទីផ្សារ​រថយន្ត Mazda នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ និង​ចូល​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន HGB Auto មក មានការ​គាំទ្រ​ពី​អតិថិជន​កម្ពុជា​ជា​ច្រើន ក្នុង​នោះ​ក្រុមហ៊ុន​ក៏​បាន​នាំ​ចូល​រថយន្ត​ស៊េរី និង​ម៉ូ​ដែល​ថ្មី​ៗ​សម្រាប់​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រថយន្ត​ក្នុង​ប្រទេស​ផង​ដែរ » ។

អ្នក​នាង​បន្ត​ថា ៖ « ក្នុង​ឆ្នាំ​២០១៥ ការ​លក់​រថយន្ត Mazda របស់​យើង បាន​កើនឡើង​ច្រើន ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កំណើន​នៃ​ការ​លក់​រថយន្ត Mazda កើន​មួយ​ទ្វេ​ជា​ពីរ ខ្ញុំ​អាច​ជម្រាប​បាន​ថា កាលពី​ឆ្នាំ​២០១៤ យើង​លក់​បាន​ប្រមាណ​៩០០​គ្រឿង ហើយ​ក្នុង​ឆ្នាំ​២០១៥ លើស​នេះ​ពីរ​ដង » ។

អ្នក​នាង​បន្ថែម​ថា ៖ « រថយន្ត Brand Mazda ដែល​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​លក់ដាច់​ស្ទើរតែ​គ្រប់​ម៉ូ​ដែល​ទាំងអស់ តែ​រថយន្ត​ដែល​មាន​សន្ទុះ​កើន​ឡើង​​ខ្លាំង​ជាងគេ​នោះ ជា​រថយន្ត Mazda ប្រភេទ Pick up ២​បាំង ហើយ​ជា​រថយន្ត​អាច​ដឹក​ទំនិញ​បាន​សម្រាប់​អាជីវករ និង​អ្នកជំនួញ ឬ​សម្រាប់​អ្នកដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាដើម ។ រថយន្ត Mazda ប្រភេទ Pick up ជា​រថយន្ត​រួមចំណែក​ទីផ្សារ​បាន​ច្រើន បើ​ធៀប​នឹង​រថយន្ត Mazda ម៉ូ​ដែល​ផ្សេង​ទៀត ក្នុង​នោះ Pick up របស់ Mazda បាន​រួមចំណែក​ស្ទើរតែ​ពាក់កណ្ដាល​ទៅ​ហើយ​នៃ​ទីផ្សារ​រថយន្ត Mazda » ។

អ្នក​នាង អ៊ុ​ន កញ្ញា បញ្ជាក់​ថា ៖ « ក្នុង​មួយ​ឆ្នាំ​ៗ ក្រុមហ៊ុន​តែងតែ​នាំ​ចូល​រថយន្ត​ស៊េរី​ថ្មី​ៗ និង​ម៉ូ​ដែល​ថ្មី​ៗ​សម្រាប់​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​ឱ្យ​រថយន្ត Mazda មានការ​ទទួលស្គាល់​ពី​សំណាក់​ប្រជាជន​កម្ពុជា ទាំង​សោភ័ណ​ភាព ការ​រចនា និង​គុណភាព ក្នុង​ការ​ប្រើប្រាស់​ធ្វើ​ឱ្យ​រថយន្ត Mazda ដែល​ទើបនឹង​ចូល​មក​ក្នុង​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា អាច​រួមចំណែក​ទីផ្សារ​បាន​ពី​២៥ ទៅ​៣០​ភាគរយ » ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​កំណើន​ទីផ្សារ​របស់​រថយន្ត Mazda ក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ដូច្នេះ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បង្កើត​អគារ​សម្រាប់​តាំង​បង្ហាញ​រថយន្ត​មួយ​កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​រក​មើល និង​ជាវ​រថយន្ត Mazda ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​សម្រាប់​ត្រួតពិនិត្យ និង​ជួសជុល​រថយន្ត​របស់​ខ្លួន ។ អ្វី​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ អតិថិជន​ដែល​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ និង​ជួសជុល​នៅ​អគារ​តាំង​បង្ហាញ​ថ្មី ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស នឹង​ទទួល​បានការ​បម្រើ​ភេសជ្ជៈ និង​អាហារ​បែប​ជប៉ុន ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ៕