ប្រជាពលរដ្ឋ ទទួលស្គាល់ តម្លៃសន្តិភាព និងរួមគ្នាថែរក្សា សមិទ្ធិផលរបស់ រាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់របបអាវខ្មៅ ក៏ដូចជាក្រុមយុវជន ជំនាន់ក្រោយ ពិតណាស់គឺនៅតែចងចាំមិនភ្លេច នូវមេរៀនដ៏សែនឈឺចាប់ដែល ប្រទេសកម្ពុជាធ្លាប់បានទទួល រងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កត្តានេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនកម្ពុជា កាន់តែមានស្មារតីរឹងមាំ និងកាន់តែទទួលស្គាល់ពីតម្លៃសន្តិភាព ហើយចូលរួមថែរក្សាសមិទ្ធិផលនានា ដែលសម្រេចបានមក យ៉ាងលំបាកនាពេលកន្លងមក។

នេះជាការលើកឡើង របស់ប្រជាពលរដ្ឋ  ដែលបានចូលរួមក្នុង ពិធីប្រារព្ធវិញ្ញាណក្ខន្ត និងនិមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុវនាវីក្នុងបុព្វហេតុមាតុភូមិ ក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលដឹកនាំដោយឯកឧត្តមឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

អ្នកស្រីប៉ែន សុខ ជា ប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ បានរំលឹកបីភាពឈឺចាប់ របស់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងសម័យខ្មែរក្រហមថា ក្នុងសម័យខ្មែរក្រហម ប៉ុលពតបានជម្លៀសរូបអ្នកស្រី រួមទាំងប្រជាជននៅក្នុង រាជធានីភ្នំពេញ ទៅកាន់ជនបទ ដោយគ្រានោះ អ្នកស្រីត្រូវបានគេជម្លៀស ទៅខេត្តបាត់ដំបង ក្នុងពេលនោះពួកខ្មែរក្រហម បានធ្វើទុក្ខទារុណកម្ម មកលើប្រជាពលរដ្ឋជាខ្លាំង។

អ្នកស្រីបន្តថា "ឪពុករបស់ខ្ញុំត្រូវបានគេ យកទៅសម្លាប់ ក្រៅពីឪពុក បងប្អូនរបស់ខ្ញុំក៏បានស្លាប់ ជាបន្តបន្ទាប់គឺស្លាប់អស់ ៧នាក់ នៅសល់តែ ៤នាក់ ប៉ុណ្ណោះ ហើយការស្លាប់នេះ ដោយសារតែពួកប៉ុលពត បង្ខំឲ្យធ្វើការធ្ងន់ និងគ្មានអាហារហូបគ្រប់គ្រាន់"។

ដោយឡែកលោក គៀត សារិទ្ធ បានលើកឡើងដែរថា របបប៉ុលពត បានធ្វើឲ្យក្រុមគ្រួសារ របស់លោកបែកបាក់គ្នា ការធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃ និងយកទៅសម្លាប់ដោយ គ្មានក្តីមេត្តាសោះឡើយ។

លោកថា "បើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ទេ នោះប្រជាពលរដ្ឋកម្ពុជា ក៏គ្មានជីវិតរស់នៅ រហូតដល់សព្វថ្ងៃនេះដែរ ពិសេសគ្មានការកសាង នូវសមិទ្ធិផលជាច្រើន ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ថ្ងៃ៧មករា បានបង្កើតអ្វីៗគ្រប់យ៉ាងដែលកម្ពុជាមាន ទាំងសុខសន្តិភាព ប្រជាធិបតេយ្យពេញលេញ ដូចសព្វថ្ងៃនេះ"។

ជាការកត់សំគាល់ អស់រយៈពេល ៣៧ឆ្នាំ ហើយដែលប្រទេសកម្ពុជា បានចាកផុតពី របបកម្ពុជាប្រជាធិបតេយ្យ ឬហៅ របបវាលពិឃាត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ខ្មែរក្រហម ដែលបានបណ្តាលឲ្យប្រជាជនខ្មែរ ស្លាប់អស់ជាង២លាននាក់ និងបានបន្សល់ទុកនូវ ស្ត្រីមេម៉ាយ បុរសពោះម៉ាយ កុមារកំព្រារាប់សែននាក់ និរាសព្រាតប្រាស់ ដោយឈឺចាប់ខ្លោចផ្សា។

សូមបញ្ជាក់ថា បឹងជើងឯកដែលធ្លាប់ ជាតំបន់ប្រវត្តិសាស្ត្រ បុរាណវិទ្យា ត្រូវបានពួកខ្មែរក្រហម ប្រក្លាយជាកន្លែងសម្លាប់មនុស្ស ដ៏សាហាវព្រៃផ្សៃបំផុត ដែលភាគច្រើននៃជនរង គ្រោះទាំងនោះ បញ្ជូនមកពី មន្ទីរសន្តិសុខ ទទួលស្លែង ឬមន្ទីរស២១ សរុបប្រមាណ ១២,០០០នាក់ ដែលត្រូវបាន សម្លាប់នៅជើងឯកនេះ៕