ក្រុមអ្នកច្បាប់ ៣ប្រទេសរួមគ្នា លើកពីទិដ្ឋភាព និងការអនុវត្ត “យុត្តិសាស្រ្ត នៅក្នុងប្រព័ន្ធច្បាប់ ស៊ីវិល”

ភ្នំពេញ៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកច្បាប់មក ពីសាលាអន្តរជាតិហានដុង នៃសកលវិទ្យាល័យហានដុង សាធារណរដ្ឋកូរ៉េ និងសាលាច្បាប់ជប៉ុន នៃសកលវិទ្យាល័យ Temple ប្រទេសជប៉ុន បានជួបប្រជុំគ្នាដោយលើកយកនូវទិដ្ឋភាពទ្រឹស្តី និងការអនុវត្តរបស់ជាក់ស្តែងនៅក្នុង ប្រទេស មកបង្ហាញ និងចែករំលែកបទពិសោធន៍គ្នាតាមរយៈសិក្ខាសាលាមួយស្តីពី យុត្តិសាស្រ្តនៅ ក្នុងប្រព័ន្ធច្បាប់ស៊ីវិលឬទស្សនាទាន កម្ពុជា កូរ៉េ និងជប៉ុន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ លោក ប៊ុន ហុន ប្រធាគណៈមេធាវី កម្ពុជាអាណត្តិទី១០បានលើកឡើងថា សម្រាប់អ្នកច្បាប់ កាលណានិយាយអំពីប្រព័ន្ធច្បាប់ ពួកគេ នឹងនឹកឃើញទៅលើប្រព័ន្ធច្បាប់ធំ២ គឺ ប្រព័ន្ធច្បាប់ស៊ីវិល(រ៉ូម៉ាំង-អាល្លឺម៉ង) និង ប្រព័ន្ធច្បាប់ សាមញ្ញ(Common Law)។ ប្រព័ន្ធច្បាប់ទាំងពីនេះមានទាំងគុណសម្បត្តិ និង គុណវិបត្តិរៀងៗខ្លួន ហើយភាពខុសគ្នាមួយក្នុងចំណោមភាពខុសគ្នាផ្សេងទៀតនៃប្រព័ន្ធច្បាប់ គឺ តុលាការ ដែលជា អំណាចឯករាជ្យ និងដាច់ចេញពីនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

លោក ប៊ុន ហុន បន្តថា ជារៀងរហូតមកយុត្តិសាស្រ្ត ដើរតួនាទីសំខាន់នៅក្នុងប្រព័ន្ធយុត្តិធម៌ នៃ បណ្តាប្រទេសនានានៅលើសកលលោកទោះជាប្រទេសនោះ អនុវត្តប្រព័ន្ធច្បាប់ស៊ីវិល ឬប្រព័ន្ធ ច្បាប់ Common Law ក៏ដោយ។ យ៉ាងណាលោកថា ការឲ្យតម្លៃទៅលើ យុត្តិសាស្រ្ត (ជាសេចក្តី សម្រេចរបស់តុលាការជាន់ខ្ពស់ទៅលើករណីណាមួយ ដែលច្បាប់ចែងមិនច្បាស់ ហើយទុកឲ្យ តុលាការថ្នាក់ក្រោមអនុវត្តចំពោះករណីដូចគ្នានៅថ្ងៃក្រោយ) នៅមានលក្ខណៈខុសគ្នា ប្រសិនបើ ប្រៀបធៀបប្រព័ន្ធច្បាប់ទាំងពីរ។ ភាពខុសគ្នានេះអាចបញ្ជាក់បានតាមរយៈ វាក្យសព្ទបច្ចេកទេសពីគឺ Jurisprudence Constante ដែលមានន័យថា សេចក្តីសម្រេចជាបន្តបន្ទាប់លើរឿងដដែល និង Stare decisis (មានន័យថាត្រូវគោរពនូវអ្វីដែលបានសម្រេចហើយ)។

លោកបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល។ ហេតុនេះកម្ពុជាមិនមានច្បាប់យុត្តិសាស្រ្ត ដូចបណ្តាប្រទេសដែលបានអនុវត្តិប្រព័ន្ធច្បាប់ Common Lawឡើយ។ ប៉ុន្តែមិនមែនបញ្ជាក់ថាកម្ពុជាបដិសេធន៍មិនប្រើប្រាស់ យុត្តិសាស្រ្តក្នុងប្រព័ន្ធតុលាការរបស់ខ្លួនឡើយ ។ សម្រាប់គណៈមេធាវីកម្ពុជាគិតថាការឲ្យតម្លៃ ទៅលើយុត្តិសាស្រ្តនៅក្នុងប្រព័ន្ធ តុលាការកម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារមូលហេតុចម្បងមួយគឺ ការរិតត្បិតទៅលើការ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការជាសាធារណៈ។

សូមបញ្ចាក់ថា ក្នុងឱកាសនោះដែរ ក្រុមអ្នកច្បាប់អន្តរជាតិ មកពីប្រទេសកូរ៉េ និងជប៉ុន ក៏បានលើក មកបង្ហាញពីទិដ្ឋភាពនៃការអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល ក៏ដូចជាបទពិសោធន៍ជាក់ស្តែង នៅក្នុង ប្រទេសរបស់ខ្លួនដល់ក្រុមមេធាវីកម្ពុជា ដើម្បីទុកជាទុនសម្រាប់អនុវត្តនិងប្រើប្រាស់ច្បាប់ នៅក្នុង ប្រទេសកម្ពុជា៕

ក្រុមអ្នកច្បាប់ ៣ប្រទេសរួមគ្នា លើកពីទិដ្ឋភាព និងការអនុវត្ត “យុត្តិសាស្រ្ត នៅក្នុងប្រព័ន្ធច្បាប់ ស៊ីវិល”

ក្រុមអ្នកច្បាប់ ៣ប្រទេសរួមគ្នា លើកពីទិដ្ឋភាព និងការអនុវត្ត “យុត្តិសាស្រ្ត នៅក្នុងប្រព័ន្ធច្បាប់ ស៊ីវិល”

ក្រុមអ្នកច្បាប់ ៣ប្រទេសរួមគ្នា លើកពីទិដ្ឋភាព និងការអនុវត្ត “យុត្តិសាស្រ្ត នៅក្នុងប្រព័ន្ធច្បាប់ ស៊ីវិល”