លោក វ៉ា គឹមហុង ៖ ការលើកឡើងរបស់ សម រង្ស៊ី ពាក់ព័ន្ធបញ្ហាព្រំដែន មិនមែនជារឿងថ្មី

ភ្នំពេញ៖ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការ ព្រំដែនគោករបស់កម្ពុជា ចាត់ទុករាល់ការលើក ឡើងរបស់ ឯកឧត្តមលោក សម រង្ស៊ី ពាក់ព័ន្ធបញ្ហាព្រំដែនមិនមែនជារឿងថ្មី  ហើយថា រាជរដ្ឋាភិបាលក៏មិនបានយកចិត្តទុកដាក់ដែរ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០១៦នេះ លោក វ៉ា គឹមហុង បានថ្លែង បន្តថា នឹងពិនិត្យមើលខ្លឹមសារ នៃការលើកឡើងរបស់ឯកឧត្តម សម រង្ស៊ី សិនមុនគណៈកម្មការជំនាញធ្វើការ ឆ្លើយតប។ លោកថា «ខ្ញុំមិនទាន់ឃើញអត្ថបទរបស់ឯកឧត្តម សម រង្ស៊ី ទេ ។ ចាំខ្ញុំឃើញសិនបាន យើងអាចថាបាន។ កាលដែលគណបក្សសង្គ្រោះជាតិចោទមកលើរដ្ឋាភិបាលគ្មានអ្វីថ្មីទេព្រំដែន គោកក៏ចោទព្រំដែនទឹកក៏ចោទ»។

ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា “ការបាត់បង់ដែនសមុទ្ររបស់យើង ទាំងខាងលិច ទាំងខាងកើត ដោយសារ សន្ធិសញ្ញាព្រំដែន ដែលរដ្ឋអំណាចប្រទេសកម្ពុជា បានចុះហត្ថលេខា ជាមួយប្រទេសជិតខាង ក្នុងទសវត្សរ៍ ឆ្នាំ ១៩៨០”។

សំណេររបស់ប្រមុខបក្សប្រឆាំងបានបន្តថា ទាំងប្រទេសវៀតណាម ទាំងប្រទេសថៃ បានហែកដែន សមុទ្រប្រទេសកម្ពុជា មួយផ្នែកធំ ចែកគ្នា ហើយបានបិទច្រកទឹក មិនឲ្យពលរដ្ឋកម្ពុជាមានសិទ្ធិចេញចូល សមុទ្រអន្តរជាតិដោយសេរី។ ប្រទេសថៃ បានយកដែនសមុទ្រខ្មែរទំហំ ៣០០០០ គីឡូម៉ែត្រក្រឡា ហើយប្រទេសវៀតណាមក៏បានយកដែនសមុទ្រទំហំ ៣០០០០ គីឡូម៉ែត្រក្រឡាដែរ។ លើសពីនេះទៅទៀត ប្រទេសវៀតណាម ចង់ដណ្តើមពីប្រទេសកម្ពុជា ដែនសមុទ្រទំហំ ១០០០០ គីឡូម៉ែត្រក្រឡាថែមទៀត ដែលស្ថិតនៅចំពីមុខខេត្តកំពត និងខេត្តកែប៕