គជប​៖​លោក ទេព នីថា ជាប់​វគ្គ​ជម្រុះ​អគ្គលេខាធិការ ឯ នី ចរិយា ជាប់​វគ្គ​ជម្រុះ​អគ្គលេខាធិការរង​

​ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​កាន់​តួនាទី​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាង​២០​រូបនោះ ពេល​ជម្រុះ​បាន​នៅសល់តែ​៣​រូប​ប៉ុណ្ណោះ ក្នុងនោះ​ក៏មាន​លោក ទេព នីថា ដែរ​។ ចំណែក​លោក នី ចរិយា ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​សម្ដែង​មតិ​គាំទ្រ​នោះ ក៏​ជាប់​ក្នុង​វគ្គ​ជម្រុះ​អគ្គលេខាធិការរង​ដែរ ក្នុងចំណោម​បេក្ខជន​ដាក់​ជាង​៨០​នាក់​។​

​ក្រោយពី គ​.​ជ​.​ប បាន​ប្រជុំ​ពិភាក្សាគ្នា​ជម្រុះ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​តួនាទី អគ្គលេខាធិការ និង​អគ្គលេខាធិការរង យ៉ាង​តានតឹង​អស់​រយៈពេល​២​ថ្ងៃ​រួចមក នៅពេលនេះ​សមាសភាព​បេក្ខជន​ប្រកួតប្រជែង​កាន់តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប បាន​លេច​មុខមាត់​ចំនួន​៣​រូប ក្នុងនោះ​មាន​លោក ទេព នីថា អគ្គលេខាធិការ​ចាស់ គ​.​ជ​.​ប  លោក ហេង មណី​ចិន្ដា ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ និង​លោក យ៉ា ណា​វុ​ធ នាយក​អង្គការ​ខា​រ៉ា​ម​កម្ពុជា​។​

​ចំណែក​តួនាទី​អគ្គលេខាធិការរង គជប ក៏បាន​លេចចេញ​សមាសភាព​ចំនួន​១២ រូប ដោយ​ក្នុងនោះ​ក៏មាន​លោក នី ចរិយា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ដែលមាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ស្គាល់​និង​គាំទ្រ​ឲ្យ​លោក​កាន់​តួនាទី​នេះ​។

​ក្រៅពី​លោក នី ចរិយា ក៏មាន​បេក្ខជន​មកពី​អង្គភាព និង​ស្ថាប័ន​ផ្សេង​ជាប់​វគ្គច​ម្រុះ​នេះ​ក្នុងនោះ​រួមមាន លោក ម៉ៅ សុភា​រិ​ទ្ធិ លោក សំ សុ​គង់ លោក គឹម ឈន លោក សោម សូ​រី​ដា លោក ម៉ុក ដា​រ៉ា លោក កាន់ ប៊ុន​វីរៈ លោក ណេ ហ្សូ​នី លោក សុ​កុលៈ ទី​ប៉ោ លោក រស់ សូ លោក យ៉​ត ប៊ុន​នី និង​អ្នកស្រី លឹម ច័ន្ទ​លីដា​។​

​ប៉ុន្តែ​យ៉ាងណា​បេក្ខជន​ដែលមាន​ឈ្មោះ​ជាប់​ក្នុង​បញ្ជី​តួនាទី​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​ទាំងនេះ គឺជា​ជំហាន​ទី​១ ប៉ុណ្ណោះ ហើយ​ពួកគេ​ស្ថិតនៅក្នុង​វគ្គ​ជម្រុះ​ម្ដងទៀត​។ បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប នេះ  គឺ​ត្រូវអនុវត្ត​តាមរយៈ​ការបោះឆ្នោត​សម្រេច​ពី​សមាជិក​គ​.​ជ​.​ប​ ដោយ​សំឡេង ៥០ ភាគរយ​បូក ១ ។ ហើយ​នៅ​ថ្ងៃទី​១៥ មករា នេះ គ​.​ជ​.​ប នឹង​ប្រកាស​ឈ្មោះ​បេក្ខជន ដែល​ប្រឡង​ជាប់​តំណែង​អគ្គ​លេ ខា​ធិ​ការ និង​អគ្គលេខាធិការរង គជប ។​

​គួរ​បញ្ជាក់ថា គ​.​ជ​.​ប ជ្រើសរើស​អគ្គលេខាធិកា​រ ១រូប និង​អគ្គលេខាធិការរងចំនួន​៤​រូប​៕