សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​សង្ស័យ​២នាក់​​ ​គាស់​ទូ​​​លួច​យក​ទូរស័ព្ទ​នៅ​ក្រុង​ព្រះ​វិហារ

​ខេត្ត​ព្រះវិហារ ៖ ​​ជនសង្ស័យ​គាស់​ទូ​ទូរស័ព្ទ២​នាក់ ​ត្រូវបាន​​នគរបាល​ក្រុង​ព្រះ​វិហារ ចាប់ឃាត់ខ្លួន​​កាលពី​ថ្ងៃ​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​ខ្លែង​ព័រ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។

​លោក​វរសេនីយ៍ត្រី គង់ គា អធិការ​​នគរបាល​ក្រុង​ព្រះ​វិហារ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៦ ​នេះ​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​​ម្ចាស់​តូប​លក់​​ទូរស័ព្ទ ឈ្មោះ សាន់ សុភ័គ្រ អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ខ្លែង​ព័រ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ថា​ មាន​ក្រុម​ចោរ​បាន​លួច​គាស់​ទូ​ទូរស័ព្ទ ​​យក​ទូរស័ព្ទ និង​សម្ភារ​​​មួយ​ចំនួន​ទៀត កាលពី​យប់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៥​​ កន្លង​ទៅ​នេះ ។

លោក​​បាន​បន្ត​ថា ​សមត្ថកិច្ច​នគរបាលក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​​​​ឈាន​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យបាន​​​២​នាក់ ​កាលពី​​​ថ្ងៃ​ទី​៥ ខែមករា ​២០១៦ ដែលម្នាក់​​​ឈ្មោះ អឿ​ន ឈុ​ន​លី ​អាយុ​១៦​ឆ្នាំ ជា​សិស្ស ​និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ុយ ស៊ី​នឿ​ន អាយុ​១៥​ឆ្នាំ ​ទាំង​២​នាក់ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ​ យក​ទៅ​សួរ​នាំ ។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ជនសង្ស័យ​ទាំង២នាក់​​នេះបាន​សារភាពថា​ ខ្លួន​ពិតជា​បាន​គាស់​ទូ​ទូរស័ព្ទ​​​​ប្រាកដ​មែន ​ដោយ​លួច​យក​ទូរស័ព្ទ​ដៃ២៦​គ្រឿង កុំព្យូទ័រ Laptop ១​គ្រឿង ​និង​​សម្ភារ​ទូរស័ព្ទ​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ ​​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ចក​​សាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕