ក្រុង​ហាណូយ​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ខ្លាំង​ថែម​ទៀត

ប្រទេស​វៀតណាម ៖ យោង​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ និង​វិនិយោគ​ក្រុង លោក Tran Ngoc Nam ឲ្យ​ដឹង​ថា ៖ « ឆ្នាំ​២០១៦​នេះ ក្រុង​ហាណូយ​នឹង​សម្លឹង​ឃើញ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​មូលធន​នៃ​ការ​វិនិយោគ » ។

កាលពី​ឆ្នាំ​២០១៥ ក្រុង​ហាណូយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណប្រយោជន៍​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​វិនិយោគ និង​បរិយាកាស​ពាណិជ្ជកម្ម ។ ទីក្រុង​មួយ​នេះ​បាន​ជ្រើស​យកគំនិត​ផ្តួចផ្តើម​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ចាំបាច់​ចំពោះ​ការ​បង្កើត​ឡើង​នូវ​ពាណិជ្ជកម្ម​ថ្មី ដែល​ធ្លាក់​ចុះ​ពី​អំឡុង​ពេល​៥​ទៅ​៣​ថ្ងៃមុន ខណៈ​តម្រូវការ​ពេលវេលា​នៃ​នីតិវិធី​បំពេញបែបបទ​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ ក៏​កាត់​បន្ថយ​មក​ត្រឹមតែ​១៥​ថ្ងៃ​ដែរ ជំនួស​ដោយ​រយៈពេល​កាលពីមុន​៤៥​ថ្ងៃ ។

លោក Tran Ngoc Nam បាន​ថ្លែង​ថា ៖ « នីតិវិធី​រដ្ឋបាល​ក្រៅពី​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដែរ ។ បើ​ទោះជា​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​លើកទឹកចិត្ត​ទាំងនេះ​ក្តី ក៏​បរិយាកាស​វិនិយោគ​របស់​ក្រុង​នេះ​នៅ​តែ​មាន​ភាព​ប្រកួតប្រជែង​តិច បើ​ប្រៀបធៀប​ជាមួយ​តំបន់​ក្នុងស្រុក​នៅ​ទូ​ទាំង​ប្រទេស​ដទៃ​ទៀត » ។

ដូច្នេះ អាទិភាព​ខ្ពស់​ជាងគេ​ឆ្នាំ​នេះ នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្នុង​ការ​បន្ត​ផ្សព្វផ្សាយ​លើ​ការ​កែទម្រង់រដ្ឋបាល និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​ដំណើរការ​ផែនការ ការ​វិនិយោគ និង​ការ​សាងសង់​ដើម្បី​គាំទ្រ​ពាណិជ្ជកម្ម ។ ម្យ៉ាងទៀត សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស និង​ក្នុងស្រុក​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

លោក​បន្ថែម​ថា ៖ « ទីក្រុង​នេះ​នឹង​អភិវឌ្ឍន៍​នូវ​ដំណោះស្រាយ​ឧបសគ្គ​ដែល​ជា​ការ​ប្រឈម​របស់​វិនិយោគិន » ។

រីឯ​លោក Do Nhat Hoang  អគ្គ​នាយ​ទីភ្នាក់ងារ​វិនិយោគ​បរទេស​ចំណុះ​ក្រសួងផែនការ និង​វិនិយោគ បាន​ថ្លែង​ថា ៖ « ដើម្បី​បង្កើន​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្រុង​ហាណូយ​តែង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខ្លួន និង​កាលានុវត្តភាព​នៃ​ការ​វិនិយោគ ក៏​ដូច​ជា​ការ​លុប​ចោល​នូវ​របាំង​ឧបសគ្គ​នានា » ។

ក្នុងអំឡុងពេល​សន្និសីទ​មួយ​ស្តី​ពី « ការ​ផ្សព្វផ្សាយ​វិនិយោគ​ក្រុង​ហាណូយ ឆ្នាំ​២០១៥» រៀបចំ​ឡើង​ដោយ​គណៈកម្មការ​សាមី កាលពី​ខែសីហា​កន្លង​មក លោក Do Nhat Hoang បាន​ស្នើ​ឱ្យ​ក្រុង​នេះ​ផ្សព្វផ្សាយ​ការ​វិនិយោគ និង​កា​រត​ភ្ជាប់​ពាណិជ្ជកម្ម តាម​រយៈ​ធនាគារ បណ្តា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា និង​មូលនិធិ​វិនិយោគ ។

យោង​តាម​គណៈកម្មការ​ប្រជាជន​ក្រុង​ហាណូយ​ឲ្យ​ដឹង​ថា ទីក្រុង​នេះ​ទាក់ទាញ​វិនិយោគ​បាន​ចំនួន​១,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ផ្នែក​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ឆ្នាំ​២០១៥ ។ ចំណែក​ការ​ចំណាយ​ក្នុង​ផ្នែក​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៨%​ដែរ ស្មើនឹង​១,១​ប៊ី​លាន​ដុល្លារ ។

ចាប់ពី​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​២០២០ ក្រុង​ហាណូយ​នឹង​ផ្តោត​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្នែករ​អភិវឌ្ឍ​សំណង់ ការ​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​ខ្ពស់ និង​ឧទ្យាន​ជីវសាស្ត្រ ក៏​ដូច​ជា​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​ផ្សេង​ៗ ។

វិស័យ​អាទិភាព​សម្រាប់​ស្វែងរក​ការ​វិនិយោគ​រួម​មាន វិស័យ​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ ផលិតកម្ម​វត្ថុធាតុដើម​ថ្មី ពាណិជ្ជកម្ម និង​ទេសចរណ៍ ក្រៅពី​នេះ​មាន​សុខាភិបាល និង​ការ​ហ្វឹកហ្វឺន ព្រមទាំង​ការ​អប់រំ​ជាដើម ៕