KGI Securities ព្យាករ​ថា សេដ្ឋកិច្ច​ថៃ​នឹង​កើន​3,4% ក្នុង​ឆ្នាំ​2016

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ KGI Securities (Thailand) ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ថៃ​នឹង​ពង្រីក​បាន​តាម​ការ​ព្យាករ​ទុក​៣,៤% ក្នុង​ឆ្នាំ​២០១៦ ស្រប​ពេល​ដែល​គ្រោះ​រាំង​ស្ងួត​បាន​ដាក់​ការ​គំរាមកំហែង​បំផុត​ដល់​ការ​ប្រើប្រាស់​វិស័យ​ឯកជន ។

អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន លោក Pragrom Pathomboorn បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​ខាង​មុខ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក នៅ​តែ​ជា​បញ្ហា​ដែល​ជា​ក្តី​បារម្ភ​បំផុត​ដដែល » ។

ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​កំណើន GDP ៣,៤%​ពី​អត្រា​៣% ក្នុង​ឆ្នាំ​២០១៥ ។
បើ​ទោះជា​វិស័យ​សាធារណៈ​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​មុន​ក្តី ក៏​វិស័យ​ឯកជន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​បំណុល​ពលរដ្ឋ និង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ ។

ការ​នាំ​ចេញ​បាន​បង្ហាញ​ពី​ភាព​រួញ​ខ្លី​៥,៥១%​ក្នុង​រយៈពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ឬ​ស្មើនឹង​១៩៧​ប៊ី​លាន​ដុល្លារ ។ លោក Pragrom Pathomboorn ថ្លែង​ថា ៖ « ការ​នាំ​ចេញ គួរតែ​ធ្លាក់​ចុះ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៦​នេះ នៅ​ពេល​ដែល​តម្លៃ​ទំនិញ និង​ប្រេង​មាន​កម្រិត​ទាប » ។

លោក​បន្ត​ថា ៖ « ប្រាក់​បាត​ថៃ​គួរតែ​ចុះ​ខ្សោយ​ក្នុង​ឆ្នាំ​ថ្មី​នេះ ក្នុង​លំដាប់​ហាងឆេង​ប្តូរ​ជា​ដុល្លារ​ស្មើនឹង​៣៥,២០ ទៅ​៣៨,៣០​បាត ដែល​ជា​មធ្យម​មាន​ហាងឆេង​ត្រឹមតែ​៣៧,៣០​បាត​។ ក្នុង​ឆ្នាំ​២០១៥ ប្រាក់​បាត​ដូរ​ជា​ដុល្លារ​ស្ថិត​ក្នុង​ហាងឆេង​៣៦,១០​បាត » ។

ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដំឡើង​អត្រា​ការ​ប្រាក់​គន្លឹះ​១% ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​ការ​ពង្រឹង​ប្រាក់​ដុល្លារ​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ ។
លោក Pragrom Pathomboorn បន្ត​ទៀត​ថា ៖ « ប៉ុន្តែ​យើង​បារម្ភ​អំពី​ការ​អូស​បន្លាយពេល​យូរអង្វែង​នៃ​បាតុភូត​ធម្មជាតិ EI Nino ដែល​នឹង​វាយប្រហារ​វិស័យ​កសិកម្ម​ដោយ​ផ្ទាល់ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អន់​ថយ​ក្នុង​កំណើនសេដ្ឋកិច្ច​ទៀត​ផង ។ គណៈកម្មការ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ថៃ នឹង​មិន​អាច​ចៀស​ផុត​ពី​ការ​កាត់​បន្ថយ​គោលនយោបាយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ក្នុង​អំឡុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ » ។

យោង​តាម​ការ​ព្យាករ​ទុក​របស់ KGI ឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​ក្នុងស្រុក​អាច​កើនឡើង​ត្រឹមតែ​១,៩%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ខាង​មុខ ជាមួយ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណើន​នាំ​ចេញ​១% និង​ការ​ធ្លាក់​ចុះ​ក្នុង​ផ្នែក​នាំ​ចូល​៥,៥% ។

ប្រាក់​បាត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដក​ពិសោធន៍​ក្នុង​កម្រិត​ទាប​៣៨,៣០​បាត ធៀប​នឹង​ដុល្លារ​នៅ​ចុងឆ្នាំ​២០១៦ ។ ចំណែក​ការ​វិនិយោគសាធារណៈ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា កើនឡើង​១២% នៃ​មុខងារ​របស់​ខ្លួន​ជា​ក្បាលម៉ាស៊ីន​កំណើន ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​បង្កើន​ថវិកា​វិនិយោគ​សារពើពន្ធ​សម្រាប់​ឆ្នាំ​២០១៦ ប្រមាណ​ជា​១៨,១% ឬ​ស្មើនឹង​៤២០,៤៩​ប៊ី​លាន​បាត​ពី​ឆ្នាំ​សារពើពន្ធ ២០១៥ ។

KGI រំពឹង​ថា កំណើន GDP ពិភពលោក​នឹង​មាន​កម្រិត​៣,២% ស្មើនឹង​ឆ្នាំ​២០១៥ ៕