កម្មករ ៤នាក់ ជាប់ពាក់ព័ន្ធកុបកម្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងបាវិត អាចត្រូវដោះលែង ក្រោយថ្ងៃ១០មករា

ភ្នំពេញ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា កម្មករ ៤នាក់ក្នុងចំណោម ១១នាក់ ដែលត្រូវបានអាជ្ញាធរ ចាប់ខ្លួនពាក់ព័ន្ធក្នុងករណីកុបកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាត់ធេន និងតាយសេង នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ អាចនឹងត្រូវដោះលែងក្រោយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។

ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី៦ មករា លោកប៉ាវ ស៊ីណា បញ្ជាក់ថា ការដោះលែងនេះ ទំនងដោយសារមេធាវី បានរៀបចំបំពេញបែបបទ តាមផ្លូវច្បាប់ធានា ឲ្យកម្មករទាំង ៤នាក់ នោះឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។

យ៉ាងណាក៏ដោយលោក ស្វាគមន៍ចំពោះដំណឹង នៃការដោះលែងនេះ ខណៈដែលបញ្ហានេះត្រូវបាន អូសបន្លាយរហូតដល់ បច្ចុប្បន្ននេះផងដែរ។

សូមបញ្ជាក់ថា ក្រុមកម្មករជាង ៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតនេះ បានផ្ទុះបាតុកម្មកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីទាមទារឲ្យថៅកែបន្ថែមប្រាក់ខែ គោលថែមទៀត លើប្រាក់ខែដែលរាជរដ្ឋាភិបាលប្រគល់ ១៤០ដុល្លារ។ ក្នុងនោះក្រុមកម្មករបានគប់ដុំថ្ម ទៅលើរោងចក្រផងដែរ ហើយក៏បានចាប់ខ្លួនកម្មករជាបន្តបន្ទាប់៕

កម្មករ ៤នាក់ ជាប់ពាក់ព័ន្ធកុបកម្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងបាវិត អាចត្រូវដោះលែង ក្រោយថ្ងៃ១០មករា