ក្រសួងការងារ ចេញអនុក្រឹត្យ ស្ដីពីការកាត់បន្ថយ ចំណាយកម្មករ លើការថែមទាំ សុខភាពត្រឹម១%

ភ្នំពេញ៖ ក្រុមកម្មករ នឹងចំណាយតែ១ភាគរយប៉ុណ្ណោះ សម្រាប់សេវាថែមទាំសុខភាព ដែលនេះគឺដំណឹងដ៏ល្អមួយ សម្រាប់ក្រុមកម្មករ នៅក្នុងវិស័យកាត់ដេរ។

យោងតាមអនុក្រឹត្យ ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងថា អនុក្រឹត្យនេះ មានគោលបំណងបង្កើត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមស្ដីពី របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ។

អនុក្រឹត្យនេះ ក៏មានគោលដៅបង្កើតយន្តការ ផ្តល់ជូនសមាជិករបបបេឡាសន្តិសុខសង្គម (ប.ស.ស) នូវសេវាបង្ការសុខភាព តាវកាលិកព្យាបាល ថែទាំវេជ្ជសាស្រ្ត និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការផ្អាកការងារ ដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។

នេះជាព័ត៌មានដ៏ល្អប្រសើរមួយ សម្រាប់បងប្អូនកម្មករ និយោជិត ដែលពេលកន្លមកធ្លាប់តែចំណាយប្រហែលជា ១៥ ទៅ ២០%នៃប្រាក់ខែសរុប ទៅលើសេវាសុខភាព ប៉ុន្ដែឥឡូវនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួនដំណឹងថា បងប្អូនទាំងអស់ ចំណាយបង់វិភាគទានមិនដល់ ១% ផងតែអាចរក្សាសុខភាពបានដូចមុនដដែល នេះយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ។

គួរបញ្ជាក់ថា ការព្យាបាល និងថែទាំវិជ្ជសាស្រ្ត ត្រូវផ្ដល់ដោយមូលដ្ឋានសុខាភិបាល ដែលមានការទទួលស្គាល់ពីក្រសួងការងារ ដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹង ប.ស.ស។ ការទទួលស្គាល់គុណភាពសេវាព្យាបាល និងថែទាំវិជ្ជសាស្រ្តត្រូវអនុវត្ត ស្របតាមគោលការណ៍ ដែលកំណត់ដោយក្រសួងសុខាភិបាល៕