កងទ័ព​អេ​ហ្ស៊ី​ប​សម្លាប់​ពួក​បះបោរ​61​នាក់​នៅ​ស៊ី​ណៃ​អីុ​ខាងជើង

កងទ័ព​ស​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ មក​រា ថា ជន​សកម្មប្រយុទ្ធ​យ៉ាងតិច​៦១​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​១០​នាក់​ទៀត​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​យោធា​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ខេត្ត​ស៊ី​ណៃ​អីុខាងជើង ។

កងទ័ព​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​៤ មក​រា នៅ​មូលដ្ឋាន AL ARICH CHEIKH ZOUWEID និង RAFAH នៅ​ស៊ី​ណៃ​អីុ​ខាងជើង ព្រមទាំង​ក្នុង​តំបន់​ភ្នំ​ទាំងឡាយ​នៅ​ស៊ី​ណៃ​អីុកណ្តាល ភេរវ​ករ​៣២​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​ជនសង្ស័យ​៦​នាក់​ត្រូវ​ចាប់ខ្លួន ។ តួលេខ​នេះ​បូក​បន្ថែម​មនុស្ស​២៩​នាក់​ទៀត​ដែល​ត្រូវ​សម្លាប់​ដែរ ព្រមទាំង​មនុស្ស​៤​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​ឱកាស​នៃ​សកម្មភាព​នានា​ក្នុង​តំបន់​ទាំងនេះ​កាលពី​ថ្ងៃ​ទី​៣ មក​រា ។

តាម​សេចក្តី​ប្រកាស​មួយ កងទ័ព​អេ​ហ្ស៊ី​ប​បន្ត​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ទាំងនេះ កងទ័ព​ក៏​បំផ្លាញ​ផង​ដែរ​គ្រាប់បែក​ច្នៃ​៨០​គ្រាប់ គ្រឿងញៀន​ជាង​១​តោន ព្រមទាំង​អាវុធ​មួយ​ចំនួន ។

ប្រទេស​អេ​ហ្ស៊ី​បរង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ប៉ូលិស និង​ទាហាន​ជា​ច្រើន​រយ​នាក់​ស្លាប់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៣ ដែល​កងទ័ព​ផ្តួលរំលំ​អតីត​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម​លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី មក ។

កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​បាន​បើក​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដោយ​ទ្រង់ទ្រាយ​ធំ​នានា​នៅ​ស៊ី​ណៃ​អីុខាងជើង ដោយ​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ជា​ច្រើន​រយ​នាក់ ហើយ​ជនសង្ស័យ​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន ៕