ធ្លាក់​កញ្ចក់​មួយ​ផ្ទាំង​ពី​លើ​ផ្ទះ​ជាន់​ទី៣របស់ជន​ជាតិ​វៀត​ណាម​​ផ្អើល​ទាំង​អធ្រាត្រ​

ខេត្តរតនគិរី​ ៖ ផ្ទះ​ជនជាតិ​វៀតណាម​មួយ​កន្លែង​ត្រូវ​បាន​កញ្ចក់​មួយ​ផ្ទាំង​ធ្លាក់​ពី​ជាន់​ទី​បី​មក​ដល់​ដី​ ប៉ុន្តែ​មិន​បង្កឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ​ដោយសារ​គ្មាន​អ្នក​នៅ​ពីក្រោម​។

ហេតុការណ៍​​​នេះ​បាន​កើតឡើង​កា​ល​ពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​០៤ ​មករា ​​២០១៦ ​ត្រង់​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង​មាន​យីហោ​(​ជី​ង​ហុង​) ស្តិត​ក្នុងភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​។

បើ​តាម​សំដី​លោក ជី​ង ឡៅ​ចាង ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​មាន​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដូច​ជា​​ កង្ហារ ទូ​ទឹកកក ម៉ា​ស៊ី​ន​បោក​ខោអាវ​ជាដើម​។

លោក​បន្ត​ថា ​ផ្ទាំង​កញ្ចក់​នោះ​ជាង​ធ្វើ​ខុស​ប​ច្ចក​ទេស​បិទ​មិន​ជាប់​ទើប​ធ្វើ​ឱ្យ​របេះ​ធ្លាក់​មក​ក្រោម​ដំបូល​សំ​យ៉ាប​ផ្ទះរង​ការ​ខូចខាត​បន្តិចបន្តួច​។  កញ្ចក់​ធ្លា​ក់មក​នោះ​បែក​ហ្មត់​ដូច​គ្រាប់​គ្រួ​សរាយ​ប៉ាយ​ពេញ​ផ្លូវ​តែ​ម្តង​មិន​បង្កគ្រោះថ្នាក់​ដោយសារ​ពេល​យប់​គ្មា​នមនុស្ស​នៅ​ពីក្រោម​។

ក្រោយ​ពេល​កើតហេតុ​គេ​មិន​បានឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សួរនាំ​នោះ​ទេ​ ម្ចាស់ផ្ទះ​បាន​បោសសំអាត​មិន​ទុក​ឱ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​ ឬ​ខូច​សោ​ភ័ណភាព​នោះ​ដែរ​៕

                                 ​