លោក មិន ឃិ​ន រំឭកពី​ស​ម្ធិ​ផល​នានា​ដែល​កើត​ចេញពី​ថ្ងៃ​៧​មក​រា​ ដល់​​ពលរដ្ឋ​ក្នុងស្រុក​កងមាស

​ខេត្ត​កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ លោក មិន ឃិ​ន បាន​លើក​ឡើង​ពី​សមិទ្ធផល​ជា​ច្រើន​ដែល​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ​ គឺ​កើត​ចេញពី​គុណ​បំណាច់​ថ្ងៃ​៧​ មក​រា ​១៩៧៩ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​ហើយ​ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាតិ​ផង​ដែរ ​។

ការ​លើក​ឡើង​ខាង​លើ​នេះ លោក មិន ឃិ​ន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​​ក្នុង​ពិធី​អបអរសាទរ​មីទ្ទិញ​រំឭក​ខួប​ទី​៣៧ ​នៃ​ទិវា​ជ័យជម្នះ​ ៧​មក​រា (៧/១/១៩៧៩ - ៧/១/២០១៦) កាលពី​ថ្ងៃ​ទី​៥ ​ខែមករា​ឆ្នាំ​២០១៦ ​នៅ​បរិវេណ​វត្ត​កង​ត្រង់​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ​និង​មាន​សមាជិក​​សមាជិកា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ខេត្ត​មក​ពី​ឃុំ​ស្តៅ ឃុំ​កង​តា​ណឹ​ង និង​ឃុំ​រកា​រអា​ ចូលរួម​ចំនួន​៣០០​នាក់​​ផង​ដែរ ។

​លោក​​រដ្ឋ​មន្ត្រី​ ​មិន ឃិ​ន ​​បាន​មាន​ប្រសា​ស​ន៍​បន្ថែម​ថា យើង​ប្រារព្ធ​ពិធី​រំឭក​ដល់​ទិវា​ជ័យ​ជម្នះជា​ប្រវត្តិសាស្ត្រ​នេះ​ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​វីរ​យុទ្ធ​ជន យុទ្ធ​នារី អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​ឥត​គណនា​ និង​វីរជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ដែល​បាន​ប្រយុទ្ធ​ និង​ធ្វើ​ពលិកម្ម​​ដ៏​​អង់អាច​ក្លាហាន​​ ដើម្បី​រំដោះប្រទេស​កម្ពុជា ​ពី​របប​ប្រល័យពូជសាសន៍​ និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​ ។​ ទន្ទឹម​​នឹង​នោះ លោកក៏​បាន​រំឭក​​ឡើង​វិញ​នូវ​អតីតកាល​ដ៏​ខ្មៅ​ង​ងឹ​ត​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់​ខ្លោចផ្សា​រក​ទីបំផុត​គ្មាន ​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ និង​អំពើ​ប្រល័យពូជសាសន៍​របស់​ពួក​ប៉ុ​ល​ ពត​ ដែល​បាន​កាប់​សម្លាប់​​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ​ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ​ និង​២០​ថ្ងៃ​ ។

លោក មិន ឃិ​ន ​បាន​បន្ត​​ថា នេះ​ជា​កាលានុវត្តភាព​មួយ​ដែល​បាន​បញ្ជាក់​ឲ្យ​យើង​ឃើញ​កាន់តែ​ច្បាស់​ថា ​ប្រទេស​កម្ពុជា​ក្រោម ​ការ​ដឹកនាំ​របស់​សម្តេច​​​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អភិវឌ្ឍ​រីក​ចម្រើន​ និង​មាន​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់​ និង​លើ​ពិភពលោក ​។

​ក្នុង​ឱកាស​នោះ​​​ដែរ លោក មិន ឃិ​ន និង​លោកស្រី​ជា​ភរិយា​ បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ទាំង​៣០០​នាក់​ ក្នុង​ម្នាក់​ៗ​​ទទួល​បាន​ប្រាក់​១​ម៉ឺន​រៀល ​៕