លោកប៉ា សុជាតិវង្ស ៖ អាជ្ញា​ធរ​មូលដ្ឋាន​ណា​ដែល​រៃ​អង្គាសលុយ​ពីប្រជាពលរដ្ឋ​ត្រូវមានទោស

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ដល់​គ្រប់​អភិបាល​ខណ្ឌ​ទាំងអស់ ត្រូវ​ណែនាំ​ទៅ​សង្កាត់ និង​ភូមិ​ទូ​ទាំង​រាជធានី​ភ្នំពេញ ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ក្នុង​ផែនការ​រៃ​អង្គាស​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​តាម​គ្រប់​រូបភាព ជា​ពិសេស​ជ្រក​ក្រោម​ស្លាក​ធ្វើ​ផ្លូវ ឬ​ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ជាដើម ។

លោកប៉ា សុ​ជាតិ​វង្ស បាន​ធ្វើការ​ព្រមាន​បែប​នេះ ក្នុង​ពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូក​សរុប ដក​បទ​ពិសោធន៍ សភាព​ការណ៍​លទ្ធផល​ប្រ​តិ​បត្ត​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ នៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០១៦ ដោយ​មានការ​ចូលរួម​ពី​តំណាង​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​កងកំលាំង​នគរ​បាល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មន្ទីរ​ជំនាញ​ពាក់​ព​ន្ធ័ និង​មន្ត្រី​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប
ទៀត ។

លោកប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា កាលពី​ពេល​កន្លង​មក មាន​ករណី​ជម្លោះ​រវាង​ប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ អំពី​ការ​រៃ​អង្គាស​ថវិកា​យក​ទៅ​ដាក់​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ​រហូត​ដល់​មានការ​បាញ់ប្រហារ និង​បាត់​បង់​អាយុជីវិត​ទៀត​ផង ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ និង​ការ​ថ្នាំងថ្នាក់​នានា​របស់​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ
បញ្ឈប់​ជា​បន្ទាន់​ក្នុង​ផែនការ​រ៉ៃ​អង្គាស​យក​លុយ​ពី​ប្រជាពលរដ្ឋ ។ បើ​ប្រជាពលរដ្ឋ​មានការ​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ចិត្ត​ឯង​នោះ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​លិខិត​ថ្លែង​អំណ​គុណ​តែ​ម្តង តែបើ​នៅ​មាន​សកម្មភាព​បែប​នេះ បន្ត​ទៀត​បុគ្គល​នោះ​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ជាប់​ទោសទណ្ឌ​តែ​ម្តង ។

លោកប៉ា សុ​ជាតិ​វង្ស​បាន​បញ្ជាក់​ថា បើ​ខណ្ឌ សង្កាត់​ឬ​ភូមិ​ណា នៅ​តែ​ធ្វើ​បញ្ហា​នេះ ទៀត ត្រូវ​ឆ្លងកាត់​មានទោស​ទណ្ឌ ដោយ​សាលា​រាជធានី​ភ្នំពេញ​មិន​ចង់​ចេញ​លិខិត​ជាលា​យល​ក្ខ័​អក្សរ​ទេ ។ លោក​បន្ត​ថា យើង​បាន​បិទ​សូ​ម្បី​តែ​ការ​ធ្វើ​ផ្លូវ​៥០+៥០ ក៏​យើង​បាន​បញ្ចប់​ទៅ​ហើយ គឺ​អាជ្ញាធរ​យើង​មាន​ថវិការ​ប៉ុណ្ណា ធ្វើ​ប៉ុ​ហ្នឹង ក្នុង​ការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ឈប់​ឲ្យ​ប្រជាជន​ចេញ​ថវិកា​ក្នុង​ការ​សាងសង់​បន្ត​ទៀត ប៉ុន្តែ​ករណី​តំបន់​ខ្លះ​ជួប​បញ្ហា​ដូច​ជា ផ្លូវ​ខូច​ឬ​លិច​ទឹកជា​ដើម​ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ស្នើ​សុំ​មក​អាជ្ញាធរ សាលា​រាជធានី​ភ្នំពេញ​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​កន្លង​មកនេះ មាន​ករណី​បាញ់​សម្លាប់​មេ​ភូមិ នៅ​ក្នុង​ខណ្ឌចំការមន ដោយសារ​ការ​ទារ​លុយ​ចំនួន​៥០​ដុល្លារ ដើម្បី​ត​បណ្តាញអគ្គីសនី​បំភ្លឺ​ផ្លូវ​សាធារណៈ ដែល​បណ្តា​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​រង​របួស​ម្នាក់ ។