​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

សៀមរាប: អង្គរ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ​នៅតែមាន​អ្នកយល់ច្រឡំ​ថា ការចុះបញ្ជី​បេតិកភណ្ឌ​នេះ គឺ​សំដៅ​ទៅលើ​ប្រាសាទអង្គរវត្ត​។ តាមពិត​មិនមែន​មានតែ​ប្រាសាទអង្គរវត្ត​មួយ​ទេ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​អង្គរវត្ត គ្រាន់តែ​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជិត​១០០ ដែល​បាន​ចុះបញ្ជី​។ បេតិកភណ្ឌ​អង្គរ​ដែល​បាន​ចុះបញ្ជី​នេះ​គឺ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ដែលមាន​ប្រាសាទ បុរាណ​ដ្ឋា​ន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផងដែរ​។​

​តំបន់​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ មាន​ផ្ទៃដី​សរុប ៤០១​គីឡូម៉ែត្រ​ក្រឡា ដែល​បែង​ចែកជា​បី​តំបន់​ធំៗ​គឺ ៖ តំបន់​កណ្តាល​ដែលមាន​ប្រាសាទ​ច្រើន ដូចជា​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម នាគព័ន្ធ​។​ល​។ មាន​ផ្ទៃដី​សរុប ៣៥១០០​ហិកតា​។ តំបន់​ខាងជើង​ដែលមាន​ប្រាសាទបន្ទាយស្រី មាន​ផ្ទៃដី​សរុប ២០០០​ហិកតា​។ តំបន់​ខាងត្បូង ឬ​ហៅថា តំបន់​រលួស​ដែលមាន​ប្រាសាទបាគង ព្រះ​គោ លលៃ​។​ល​។ មាន​ផ្ទៃដី​សរុប ៣០០០​ហិកតា​។ សរុប​តំបន់​ទាំងបី​នេះ​មក ហៅថា ឧទ្យាន​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​។​

​ក្នុង​ឧទ្យាន​អង្គរ​ទាំងមូល​មាន​របស់​៣​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​គឺ ប្រាសាទ បរិស្ថាន និង​សហគមន៍​មនុស្ស ឬ​ហៅ​ម្យ៉ាង​ទៀតថា វប្បធម៌ ទេសភាព និង​ប្រជាជន​។​

​ប្រាសាទ​

​ក្នុងពេលដែល​អង្គរ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ប្រាសាទ ស្ថានីយ​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​សរុប​ចំនួន​៩១​។ ត្រង់ចំណុច​នេះ អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ចំនួន​៩១ ដែលមាន​ក្នុង​ចុះបញ្ជី​កាលណោះ ដោយសារ​យោងតាម​បញ្ជី​ចាស់ ដែល​ធ្លាប់បាន​ស្រាវ​កន្លងមក និង​ដោយ​ត្រួសៗ​ប៉ុណ្ណោះ​។ តែ​ក្រោយមកទៀត អ្នក​បុរាណវិទ្យា​បាន​រកឃើញ​ប្រាសាទ និង​ស្ថានីយ​បុរាណ​រាប់រយ​ទៀត ដែល​ស្ថិតនៅក្នុង​តំបន់​អង្គរ តែ​មិនទាន់​មានឈ្មោះ​នៅក្នុង​បញ្ជី​នៅឡើយ​។ លោក​បាន​លើក​ឧទាហរណ៍​ថា គ្រាន់តែ​ប្រភេទ​ឧបោសថាគារ​នៅ​អង្គរធំ ជុំវិញ​ប្រាសាទបាយ័ន និង​ក្នុងព្រៃ​មាន​ដល់​ទៅ​១០០ ហើយ​គ្រឹះ​ប្រាសាទ​ដែល​កប់​ក្នុងព្រៃ​ក៏មាន​ដល់​ទៅ​រាប់រយ​ទៀត​។​

​បរិស្ថាន​

​បរិស្ថាន​ដែល​សំខាន់​នៅ​តំបន់​អង្គរ គឺ​ព្រៃឈើ និង​ទឹក​។ តាម​សិ្ថ​តិ​ជំរឿន​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៣ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ​មាន​ប្រមាណ​ជាង​៥៧០០​ហិកតា គឺ​ស្មើនឹង​១៣%​នៃ​ផ្ទៃដី​ទាំងមូល​។ ព្រៃឈើ​មិន​ត្រឹម​ជា​ប្រភព​នៃ​ភ្លៀង​ប៉ុណ្ណោះ​ទេ តែមាន​តួនាទី​ពិសេស​សម្រាប់​ប្រាសាទ ធ្វើជា​រនាំង​ការពារ​ប្រាសាទ ទប់​ទល់នឹង​ខ្យល់​ព្យុះភ្លៀង​ខ្លាំង​ដែល​បក់បោក​មកលើ​ប្រាសាទ និង​ជា​ម្លប់​ការពារ​ប្រាសាទ​ទៀតផង​។ ជាពិសេស​ព្រៃឈើ​ប្រៀបដូចជា​សម្លៀកបំពាក់ ឬ​ជា​អលង្ការ ដែល​ធ្វើ​ឲ្យ​ប្រាសាទ​មាន​ភាព​រឹងរឹតតែ​ស្រស់បំព្រង​ថែមទៀត​។ ប្រាសាទតាព្រហ្ម គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់ពាន់នាក់​ចូលទៅ​ទស្សនា​រៀងរាល់ថ្ងៃ​។​

​ក្រៅពី​ព្រៃឈើ ទឹកជា​បរិស្ថាន​ដ៏​សំខាន់​មួយទៀត​ផ្សារភ្ជាប់​ខ្លួន​នឹង​អង្គ​រដែរ​។ កាលណា​គេ​និយាយ​ពី​អង្គរ គេ​តែង​នឹក​ដល់​បារាយណ៍​ខាងលិច ដែល​ហៅថា បារាយណ៍ទឹកថ្លា ដែលមាន​ទំហំ ៨​គម​x ២.២​គម ជា​សំណល់​នៃ​វិស្វកម្ម​ធារាសាស្ត្រ ទុក​ប្រើប្រាស់​ជាពិសេស​សម្រាប់​ការងារ​កសិកម្ម​រហូត​ដល់​សព្វថ្ងៃ​។ បារាយណ៍​ខាងជើង ដែល​បាន​រីងស្ងួត​ទឹក​ជាង​៥០០​ឆ្នាំ​កន្លង ក៏​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ប្រព័ន្ធ​ទឹក​បុរាណ បញ្ចូល​ទឹក​ពេញ ដែលមាន​ប្រាសាទនាគព័ន្ធ​នៅ​ចំ​កណ្តាល​គួរ​ឲ្យ​ចង់​គយគន់​ក្រៃលែង​។ ក្រៅពីនេះ ប្រព័ន្ធ​ផ្លូវទឹក​ខ្វាត់ខ្វែង កសិណ​ទឹក ស្រះ​បុរាណ ដែលមាន​នៅក្នុង​ឧទ្យាន​អង្គរ ហាក់ដូចជា​សរសៃឈាម​នៃ​រាងកាយ​របស់​មនុស្ស​យើង​ដូច្នោះ​ដែរ​។ បណ្តាញ​ធារាសាស្ត្រ​ដ៏​ធំ​នេះ គឺ​សម្រាប់​បញ្ជៀ​ស​ទឹកជំនន់ មិន​ឲ្យ​លិច​លង់ដល់​ប្រាសាទ និង​ក្រុង​សៀមរាប​ទាំងមូល​។ ជាពិសេស ទឹក​ក្នុង​កសិណ​ជុំវិញ​ប្រាសាទ​នានា ជា​ប្រភពទឹក​ផ្ទុក​នូវ​សំណើម​ជាប្រចាំ ថែរក្សា​គ្រឹះ​ប្រាសាទ​ដែលជា​ខ្សាច់​កុំ​ឲ្យ​ស្ងួត ធ្វើ​ឲ្យ​ដួលរលំ ឬ​ទ្រេត​ប្រាសាទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាសាទ​។​

​ប្រជាជន​

​តំបន់​ជុំវិញ​ប្រាសាទ​សុទ្ធតែជា​ភូមិ​។ ភូមិ​ក្នុង​ឧទ្យាន​អង្គរ​បច្ចុប្បន្ន​មាន​១១៣​ភូមិ ២១​ឃុំ​សង្កាត់​។ ភូមិ​ទាំងនេះ​មាន​ប្រជាជន​រស់នៅ​តៗ​គ្នា​រាប់​ជំនាន់​មកហើយ ដែល​បានផ្តល់​ឲ្យ​នូវ​លក្ខណៈពិសេស​ដល់​ឧទ្យាន​អង្គរ ឲ្យ​ទៅជា​មត៌ក​រស់​។ អ្នកស្រុក​ទាំងនេះ ត្រូវបាន​ចាត់ទុកថា​ជា​បេតិកភណ្ឌ​ដែរ ដោយសារ​អ្នក​ទាំង​នោះបាន​ថែរក្សា​បេតិកភណ្ឌ​អរូបី​ដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធី​បុណ្យទាន បន់ស្រន់ សាសនា ព្រមទាំង​សិប្បកម្ម និង​របៀប​រស់នៅ​ប្រចាំថ្ងៃ តាំងពី​យូរលង់​មកហើយ​។ ភាសា​និយាយ​ក៏​ជា​មត៌ក​ដែរ ដូចជា​អ្នកភូមិ​ប្រដាក ភូមិ​អូរទទឹង ជាដើម មាន​ភាសា និង​សំនៀង​ប្លែក​ពី​គេឯង​។​

​បច្ចុប្បន្ន​ប្រពៃណី​មួយចំនួន ដែល​អ្នក​នៅ​តំបន់​ផ្សេងៗ​បាន​បំភ្លេចចោល ឬ​មិនសូវ​យកចិត្តទុកដាក់ នៅតែ​កំពុង​បន្ត​ប្រតិបត្តិ​ដោយ​អ្នកស្រុក​អង្គរ​នៅឡើយ​។ ទំនៀម​ទាំងនោះ​មានដូចជា ពិធី​កោរ​ជុក ពិធី​ឡើងអ្នកតា ពិធី​ហៅ​ទឹកភ្លៀង ពិធី​ហៅ​ព្រលឹង ។​ល​។ អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ភារកិច្ច​គ្រប់​គ្រង អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ទំនៀម​ទាំងអស់នេះ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ទំនៀម​ទាំងនេះ​អាច​គង់វង្ស​តកូនតចៅ​រហូត​តទៅ​៕

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?

​តើ​អ្វីខ្លះ​ជា​បេតិកភណ្ឌ​អង្គរ​?