លោក​អា​បេ​៖ ជប៉ុន នឹងមិន​អត់ឱន​កូរ៉េខាងជើង​ដែល​បាន​បាញ់​គ្រាប់បែក គំរាមកំហែង​សន្តិសុខ​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) បានប្រកាសថា ជប៉ុន នឹង​ចាត់វិធានការ​មួយ ដើម្បី​ជាការ​ឆ្លើយតប និង​ប្រឆាំង​ការសាកល្បង​ការបាញ់​គ្រាប់បែក​របស់​កូរ៉េខាងជើង​។ សេចក្តីប្រកាស នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េខាងជើង អះអាងថា​កូរ៉េខាងជើង បាន​បាញ់​គ្រាប់បែក អ៊ីដ្រូសែន​ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៦ មករា​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា ជប៉ុន នឹង​ចាត់វិធានការ​មួយ​សមស្រប​ដើម្បី​ឆ្លើយតប​ទៅ​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល​។ លោក ចាត់ទុក​សកម្មភាព​នោះ​ថា ជាការ​គំរាមកំហែង​ដល់ សន្តិសុខ​របស់​ជប៉ុន​។

​លោក អា​បេ ក៏បាន​សង្កត់ធ្ងន់ថា ជប៉ុន មិនអាច​អត់ឱន​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​ក្នុង​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​ប្រភេទ​អាវុធ​ដ៏​មាន​ឥទ្ធិពល និង​គ្រោះថ្នាក់​បំផុត​។

​សូមបញ្ជាក់​ផងដែរ នៅ​ថ្ងៃទី​០៦ មករា នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានប្រកាស​ពី​ភាពជោគជ័យ របស់ខ្លួន​ក្នុង​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​នៅក្បែរ​រោងចក្រ​ផលិត​អាវុធ បរមាណូ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កូរ៉េខាងជើង​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ថ្មី​ដ៏​មាន​ឥទ្ធិពល ដែល​កូរ៉េខាងជើង ទើបតែ​បាន​ផលិត និង​ប្រកាស​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។  គ្រាប់បែក​នេះ ក៏​ត្រូវបាន​កូរ៉េខាងជើង ចាត់ទុកថា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ដែល​នឹងធ្វើ​កូរ៉េខាងជើង ក្លាយ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក​។

​យ៉ាងណាក៏ដោយ ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​លើក​នេះ នឹងធ្វើ​ឲ្យ​មានការ​ប្រឈម​គ្នា​ខ្លាំង ផ្នែក​សព្វាវុធ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា ជាពិសេស​រវាង​ជប៉ុន និង​កូរ៉េខាងជើង​។ ហើយ​នោះ ក៏​ព្រោះតែ ជប៉ុន​ទើបតែ​អនុម័ត​បាន ច្បាប់​សន្តិសុខ​ថ្មី ដែល​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​យោធា​ដោយ​ស្របច្បាប់​តាមរយៈ​សិទ្ធិ​ការពារ​ខ្លួន លើ​ករណី​នៃ​ការគំរាមកំហែង​លើ​សន្តិសុខ​របស់​ប្រទេស​។ មានន័យថា ជប៉ុន នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ រាប់បញ្ចូល​ទាំង​យោធា​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់ កូរ៉េខាងជើង​។​

​បើ​ជប៉ុន ពិតជា​នឹង​ចាត់​វិធាន​ក្តៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​កូរ៉េខាងជើង​មែន នោះ​វា​នឹង​ក្លាយជា​យុទ្ធនាការ​លើកដំបូង​ហើយ​ដែល​ជប៉ុន​អនុវត្ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​។ តែ​ច្បាស់លាស់ គឺ​មិន មាន​លទ្ធផល​ល្អ​នោះទេ បើ​នឹងមាន​ការប៉ះទង្គិច​គ្នា​មែន​នោះ​៕