ពលរដ្ឋ​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ចិន​បិទ​ផ្លូវ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ និង​នេសាទ​ត្រី នៅ​ក្នុង​ភូមិ-ស្រុក​របស់​ខ្លួន។ ភាព​លំបាក​នោះ បន្ទាប់​ពី​ផ្លូវ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ប្រចាំ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ចិន បិទ​មិន​ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ដូច​កាល​ពី​មុន។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជីទ្រុន ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមីនីវេន អ៊ិនវេសមេន (Haminivent Investment) ដើម្បី​បើក​ផ្លូវ​មួយ​ខ្សែ​នៅ​ចំណុច​បឹង​ព្រែក​ឆ្លូង ឲ្យ​ពលរដ្ឋ​អាច​ឆ្លង​កាត់​បាន​ដូច​ដើម​វិញ។ ពលរដ្ឋ​លើក​ឡើង​ថា ការ​បិទ​ផ្លូវ​មួយ​ខ្សែ​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​កសិកម្ម និង​នេសាទ ដោយសារ​មិន​អាច​ឆ្លង​កាត់​ទៅ​រក​ត្រី​សាច់​នៅ​បឹង​ព្រែក​ឆ្លូង​បាន ព្រម​ទាំង​មិន​អាច​ឆ្លង​កាត់​ទៅ​តំបន់​ដី​សហគមន៍​មួយ​ចំនួន​បាន​ថែម​ទៀត​ផង។

ពលរដ្ឋ​នៅ​ភូមិ​ជីទ្រុន លោក ឃីម លាប មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន បាន​បិទ​ផ្លូវ​មួយ​ខ្សែ​នោះ​ប្រមាណ​ពីរ​ខែ​មក​ហើយ។ លោក​បន្ត​ថា ផ្លូវ​មួយ​ខ្សែ​នោះ ពលរដ្ឋ​ត្រូវ​ឆ្លង​កាត់​ពី​ភូមិ​ទៅ​ធ្វើ​ស្រែ​ចម្ការ និង​នេសាទ ព្រម​ទាំង​ជីក​ទំពាំង​នៅ​តំបន់​ដី​សហគមន៍ ជាដើម៖ «ប្រជាពលរដ្ឋ​យើង​ហ្នឹង​ចង់​ទាមទារ​ដី​សហគមន៍ និង​ដី​មាត់​ព្រែក។ ដល់​អ៊ីចឹង មេ​ភូមិ​គេ​ហ្នឹង​ឲ្យ​ចិន បិទ​ផ្លូវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​បាន»

ផ្លូវ​ឆ្លង​កាត់​តាម​ដី​ក្រុមហ៊ុន​ចិន ដែល​កំពុង​មាន​វិវាទ​ពេល​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ឡើង​សម្រាប់​ធ្វើ​ដំណើរ​កាល​ពី​ឆ្នាំ​២០១១។ ការ​បិទ​ផ្លូវ កើត​ឡើង​ក្រោយ​ពេល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ក្រុមហ៊ុន បញ្ឈប់​សកម្មភាព​ឈូស​ឆាយ ព្រម​ទាំង​ប្រគល់​ដី​សហគមន៍​ប្រមាណ ២០​ហិកតារ​តាម​មាត់​ព្រែក​ក្បែរ​នោះ ជូន​អ្នក​ភូមិ​វិញ​កាល​ពី​ពេល​កន្លង​ទៅ។

ពលរដ្ឋ​មួយ​រូប​ទៀត លោក ឆុង ជា អះអាង​ថា ត្បិត​តែ​ផ្លូវ​នោះ ក្រុមហ៊ុន​ចិន ជា​អ្នក​ធ្វើ​ក៏ដោយ ប៉ុន្តែ​ក៏​បាន​យល់ព្រម​គ្នា​ថា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឆ្លង​កាត់ ឬ​ប្រើប្រាស់​បាន។ ទន្ទឹម​គ្នា​នេះ ផ្លូវ​នោះ​បាន​ជួយ​សម្រួល​ភាព​ងាយ​ស្រួល​ដល់​កសិករ​ច្រើន ដូចជា​អាច​ដឹក​ផលិតផល​កសិកម្ម​ចេញ​ចូល​ពី​ភូមិ​ទៅ​ចម្ការ ហើយ​ការ​បិទ​ផ្លូវ​ពេល​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រមាណ ២០០​គ្រួសារ។ លោក​បន្ត​ថា ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ផ្លូវ ពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ផ្សេងៗ ដើម្បី​ទៅ​កាន់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​ដឹក​ផលិតផល​អ្វី​បាន​ឡើយ ត្បិត​អី​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ធំៗ ហើយ​ជ្រៅ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ពិបាក​ឆ្លង​កាត់៖ «ខ្ញុំ​ឡើង​ទៅ​ឃុំ​ទៅ​ស្រុក​អី ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​ខ្ញុំ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​បើក​ផ្លូវ​ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្នា​រក​ស៊ី​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​ភាគី​ក្រុមហ៊ុន​ចិន ហាមីនីវេន អ៊ិនវេសមេន បាន​ទេ​នៅ​ថ្ងៃ​ទី​៥ មករា។

ដោយឡែក​មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​លោក​យល់​ថា អាច​ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ណា​ដែល​មិន​ស្គាល់​មុខ ហើយ​នៅ​តំបន់​ផ្សេងៗ​ឆ្លង​កាត់​ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​តែ​ម្តង គឺ​អាច​ឆ្លង​កាត់​ធម្មតា។ យ៉ាង​ណា លោក​នឹង​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត ដើម្បី​ចាត់​វិធានការ​បន្ត៖ «កន្លង​មក​មាន​បិទ​ខ្លះ ប៉ុន្តែ​ការ​បិទ​ហ្នឹង​អ្នក​ទៅ​យក​ត្រពាំង​នៅ​ស្រុក​ឆ្ងាយ ឆ្លង​កាត់​តាម​ហ្នឹង គេ​បិទ ប៉ុន្តែ​អ្នក​ភូមិ​នៅ​ហ្នឹង​ម៉ង​ដូច​មិន​ដែល​ឮ​ស្អី»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​បិទ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់ ត្បិត​អី​ផ្លូវ​នោះ​បាន​បម្រើ​ប្រយោជន៍​ឲ្យ​មនុស្ស​ទូទៅ៖ «បើ​សិន​ផ្លូវ​របស់​រដ្ឋ​នៅ​តែ​បម្រើ​ប្រយោជន៍​សាធារណៈ​របស់​រដ្ឋ អ្នក​បិទ​ផ្លូវ​ហ្នឹង គឺ​គាត់​រំលោភ​ច្បាប់​ហើយ»

លោក​បន្ថែម​ថា អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​ពាក់ព័ន្ធ អាច​អន្តរាគមន៍​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បើក​ផ្លូវ​ឲ្យ​អ្នក​ភូមិ​អាច​ធ្វើ​ដំណើរ​ដូច​ដើម​វិញ​បាន ពីព្រោះ​វា​ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ។ លោក​បារម្ភ​ថា ការ​ដោះស្រាយ​នឹង​មិន​អាច​ចេញ​ជា​រូបរាង ប្រសិន​បើ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ក្រុមហ៊ុន និង​មន្ត្រី​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។