ការមានផ្ទៃពោះ នៅសប្តាហ៍ទី ៣៤

ការមានផ្ទៃពោះ នៅសប្តាហ៍ទី ៣៤

កូនរបស់អ្នកនៅក្នុងអាទិត្យនេះ គឺប្រហែលជា ៣,‌១៧ គីឡូក្រាម ហើយប្រវែងវិញគឺប្រហែលជា ៤៥ សង់ទីម៉ែត្រ។ ស្រទាប់ខ្លាញ់របស់គេ (ដែលជាអ្នកគ្រប់គ្រងសីតុណ្ហភាព នៅពេលកើត) បានបំពេញគ្រប់គ្រាន់ ជុំវិញរាងកាយគេហើយ។

ស្បែករបស់កូនអ្នក ក៏ចាប់ផ្តើមមានសភាពរលោង និងភ្លឺថ្លា។ ប្រព័ន្ធសរសៃប្រសាទ បានរីកលូតលាស់ពេញលេញ ហើយសួតរបស់គេ ក៏កំពុងតែជិតគ្រប់អាយុដែរហើយ។

ប្រសិនបើអ្នកមានការថប់បារម្ភ ឬព្រួយចិត្ត ជុំវិញបញ្ហាការសម្រាលកូនមុនកំណត់ អ្នកគួរតែទៅពិភាក្សាគ្នា ជាមួយនឹងគ្រូពេទ្យរបស់អ្នក ប៉ុន្តែ អ្នកគួរដឹងថា ទោះបីជាអ្នកសម្រាលកូននៅចន្លោះ អាទិត្យទី ៣៤ និង ៣៧ គឺថា ទារកភាគច្រើន មិនមានបញ្ហាសុខភាពអ្វី គួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែ គេប្រហែលជាត្រូវការការមើលថែទាំ ជាពិសេសបន្តិច ដើម្បីប្រាកដថា គ្មានរឿងអ្វីនឹងកើតឡើង ពេលអ្នកចេញពីមន្ទីរពេទ្យ។

ការផ្លាស់ប្តូរជីវិតរបស់អ្នក
នៅសប្តាហ៍នេះ អ្នកប្រហែលជាឧស្សាហ៍វិលមុខ អស់កម្លាំង ឬសន្លប់ផងក៏មិនដឹង។ ភាពនឿយហត់របស់អ្នក នឹងកាន់តែខ្លាំងឡើង នៅចុងត្រីមាសនេះ ដោយសារតែអ្នកញ៉ាំមិនបាន ពិបាកគេង ពិបាកធ្វើដំណើរ ឬព្រួយចិត្តច្រើនពេក ដូច្នេះ ការសម្រាក ការលំហែរអារម្មណ៍ ឬដំណើរកំសាន្តជាមួយគ្រួសារ នៅទីជិតៗនេះ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នក និងកូន។

ម៉្យាងវិញទៀត អ្នកគួរតែត្រៀមខ្លួន និងកម្លាំងឲ្យបានល្អប្រសើរ ដើម្បីទុកសម្រាប់ការសម្រាលកូន ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។