ទាំង​អួល​ដើម​.​ក​ស្រក់​ទឹកភ្នែក លោក​អូ​បា​ម៉ា បង្ហាញ​ផែនការ​ស្តី​ពី​អាវុធ

ទាំង​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ មក​រា ពី​ភាព​បន្ទាន់​បំផុត​ដែល​ត្រូវធ្វើ​សកម្មភាព​លើ​ការ​ប្រើប្រាស់​កាំភ្លើង​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដោយ​លោក​លាតត្រដាង​វិធានការ​មួយ​ចំនួន​ដែល​មាន​កម្រិត​តែបើ​គិត​ពី​រឿង​នយោបាយ​គឺ​ក្តៅ​គគុក ដើម្បី​អាច​ទប់ស្កាត់ និង​ត្រួតពិនិត្យ​ការ​លក់​អាវុធ ។

លោក​អូ​បា​ម៉ា មាន​ប្រសាសន៍​ថា ក្រុម LOBBY អាវុធ​អាច​យក​សភា​ធ្វើ​ជា​ចំណាប់ខ្មាំង​តែ​គេ​ពុំ​អាច​យក​អា​មេ​រិ​ក​ធ្វើ​ជា​ចំណាប់ខ្មាំង​បាន​ឡើយ ។ លោក​បរិហារ​ពី​ភាព​អសកម្ម​​របស់​ពួក​ប្រជែង​សាធារណរដ្ឋ​មាន​កៅអី​ភាគច្រើន​ក្នុង​សភា​ទាំង​២ ដែល​បដិសេធ​ពុំ​ព្រម​អនុម័ត​ច្បាប់​មួយ​ស្តី​ពី​ប្រធានបទ​នេះ ។

ក្នុង​សង្កថា​ដ៏​វែង​មួយ​ថ្លែង​នៅ​សេត​វិមាន លោក​អូ​បា​ម៉ា លើក​ឡើង​ថា ទិស​ដៅ​សំខាន់​នៃ​វិធានការ​ទាំងនេះ​ផ្តោត​លើ​ការ​ត្រួតពិនិត្យ​បណ្តា​អ្នកទិញ​អាវុធ តើ​ពួក​គេ​ធ្លាប់​ឡើង​តុលាការ​កាលពីមុន និង​តើ​មាន​បញ្ហា​រោគ​ចិត្ត​ដែរ ឬ​យ៉ាងណា ។ ដោយសារ​ការ​លក់​អាវុធ​តាម​អីុ​ន​ធើ​រ​ណេ​ត​អ្នកទិញ​អាវុធ​មួយ​ចំនួន​បច្ចុប្បន្ន​គេច​ផុត​ពី​បណ្តា​នីតិវិធី​សហ​ព័ន្ធ ដែល​តម្រូវ​ឱ្យ​អ្នកទិញ​ទៅ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅ​កន្លែង​លក់​អាវុធ ។

រឿង​នេះ​ជា​រឿង​រសើប​បំផុត​មួយ​នៅ​សហរដ្ឋ​អា​​មេ​រិ​ក ដែល​វប្បធម៌​ប្រើ​អាវុធ​ចាក់​ឫស​យ៉ាង​ជ្រៅ​បំផុត​រួច​ជា​ចំណុច​សំខាន់​មួយ​នៃ​យុទ្ធនាការ​ឃោសនា ដើម្បី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៨ វិច្ឆិកា ខាង​មុខ​នេះ ។

ពួក​សាធារណរដ្ឋ​យល់​ថា លោក​អូ​បា​ម៉ា រំលោភ​បំពាន​អំណាច ហើយ​ជាន់ឈ្លី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​២ ដែល​ចែង​ថា​បែប​នេះ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​មាន​អាវុធ ។

មនុស្ស​ប្រមាណ​ជា​៣០.០០០​នាក់​ត្រូវ​ស្លាប់​នៅ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយសារ​កាំភ្លើង ។

ដោយ​លើក​ឡើង​នា​ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់​លោក​នូវ​ការ​បាញ់ប្រហារ​ក្នុង​សាលា​បឋម​សិក្សា SANDY HOOK កាលពី​ខែធ្នូ ឆ្នាំ​២០១២ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៦​នាក់ ក្នុង​នោះ​មាន​កុមារ​២០​នាក់​ហើយ លោក​អូ​បា​ម៉ា អួល​ដើម​.​ក ហើយ​ស្រក់​ទឹកភ្នែក លោក​មាន​ប្រសាសន៍​ថា​ពេល​ខ្ញុំ​នឹកឃើញ​ដល់​កុមារ​ទាំងនេះ ធ្វើ​ឱ្យ​ខឹង​ខ្លាំង​ណាស់ ៕