បញ្ជាការដ្ឋាន កងពលតូច លេខ៧០ ប្រារព្ធខួប អនុស្សាវរីយ៍ លើកទី៣៧ ថ្ងៃជ័យជំនះ ៧មករា

ភ្នំពេញ៖ មេបញ្ជាការកងពលតូច លេខ៧០ លោក ម៉ៅ សុផាន់ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៣៧ ថ្ងៃជ័យជំនះ ៧មករា ដើម្បីរំលឹកពីប្រវត្ដិសាស្ដ្រ និងចលនាតស៊ូរំដោះជាតិមាតុភូមិ រហូតបានសន្ដិភាពដល់បច្ចុប្បន្ន ក្រោមអធិតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។

លោក ម៉ៅ សុផាន់ បានមានប្រសាសន៍ក្នុង ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៣៧ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៦នៅព្រឹកថ្ងៃទី៦ មករា នេះថា ការរំលឹកខួបនេះ គឺជាពន្លឺនៃសច្ចធម៌ និងដួងព្រលឹង ការរំលឹកភាព ជាម្ចាស់នៃការរស់ រានមានជីវិតរបស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោកបន្តថា “ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរ នៃយើងទាំងអស់គ្នា មានថ្ងៃ៧មករា ១៩៧៩ ទើបមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដោយមានប្រមុខ រាជរដ្ឋភិបាលដឹកនាំ ដ៏ឈ្លាសវៃ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព តាមកម្មវិធីនយោបាយ ឈ្នះ ឈ្នះ។ សម្ដេចទាំងបី ជាប្រមុខដឹកនាំ យើងខ្ញុំ ទាំងអស់គ្នា គោរពដឹងគុណជានិច្ច និង ប្ដេជ្ញាអនុវត្តន៍ តាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជ រដ្ឋាភិបាល ដែលមាន សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពជា”។

លោកឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា “នេះជាប្រវត្តិសាស្ដ្រជ័យជំនះ ៧មករា នៅក្នុងឱកាសនេះ ដែលខ្ញុំសូមរំលឹក អំពីជ័យជំនះ ៧មករា ដែលបានរំដោះប្រទេស ចេញពីភ្នក់ភ្លើងសង្រ្គាម”។

លោកបន្តថា មកដល់បច្ចុប្បន្ននេះ ៧មករា ឆ្នាំ១៩៧៩ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រទេស និងបានបំរើជាតិមាតុភូមិ។ ៧មករា មកដល់បច្ចុប្បន្ននេះ ៣៧ឆ្នាំហើយ យើងបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន មានតែ គណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានដឹកនាំ កម្ពុជា ឲ្យរីកចំរើនមកដល់បច្ចប្បន្ន៕