នារីវ័យក្មេង ជិះរថយន្ត RX350 ធ្លាក់រណ្តៅការដ្ឋាន សំណាងល្អ មិនគ្រោះថ្នាក់

ភ្នំពេញ ៖នារីវ័យក្មេងម្នាក់ ខណៈជិះរថយន្តម៉ាក ឡិចស៊ីស RX350 បត់ស្ដាំដោយមិនបានប្រុងប្រយ័ត្ន ធ្លាក់ចូលក្នុងរណ្តៅការ ដ្ឋានផ្លូវរងការខូចខាត សំណាងល្អមិនបណ្ដាលអោយអ្នកបើករថយន្ដរងរបួស ឬក៏គ្រោះថ្នាក់ដល់អ្នកដទៃ ។

បើយោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោង២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៧០ កែងនឹងផ្លូវលេខ5K ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX350 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5767 បើកបរដោយនារីវ័យប្រហែលជាង20ឆ្នាំ ម្នាក់ បើករថយន្តតា មបណ្តោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំមិនបានមើលមុខក៏ធ្លាក់ចូលក្នុងរណ្តៅការដ្ឋានសាងសង់ផ្លូវបណ្តាលឱ្យរងការខូចខាតរថយន្ត សំណាងល្អអ្នកបើកបរមិនមានរងរបួស និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយមកម្ចាស់រថយន្តបានទំនាក់ទំនងទៅរថយន្តស្ទូច ឱ្យមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង ហើយសមត្ថកិច្ចក៏មិនបានហាមឃាត់អ្វីនោះទេ ដោយសារតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឬសម្បត្តិសារធារណៈ៕

នារីវ័យក្មេង ជិះរថយន្ត RX350 ធ្លាក់រណ្តៅការដ្ឋាន សំណាងល្អ មិនគ្រោះថ្នាក់