ចំនួន​អ្នកទោស​នៅ​កម្ពុជា​លើស​ចំណុះ​ជាង​២៣​ភាគរយ ឯ​ការសាងសង់​ពន្ធនាគា​រ​គ្មាន មានតែ​ ​ជួសជុល

​ភ្នំពេញៈ​បច្ចុប្បន្ននេះ​ដោយសារ​ចំនួន​អ្នកទោស​មានការ​កើនឡើង​បន្តបន្ទាប់​ធ្វើឱ្យ​អត្រា​អ្នកទោស​នៅតាម​ពន្ធនាគារ​មួយចំនួន​ទាំង​បណ្តា​ខេត្ត​ក្រុង រាជធានី​ភ្នំពេញ​បាន​ផ្ទុក​ចំនួន​លើស​ចំណុះ​បង្កឱ្យមាន​ភាព​ច​ង្អៀ​ត​ណែន​ដែល​ក្នុងនេះ​បើ​គេ​ធ្វើ​អត្រា​ប្រៀបធៀប​ហើយ​គឺ​ចំនួន​អ្នកទោស​បាន​លើស​ចំណុះ​ប្រមាណ​២៣,៧៣​ភាគរយ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​និង​មន្ត្រី​នៃ​នាយកដ្ឋាន​ពន្ធនាគារ​រ​បស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦​កន្លងមក​។​

ចំនួន​អ្នកទោស​នៅ​កម្ពុជា​លើស​ចំណុះ​ជាង​២៣​ភាគរយ ឯ​ការសាងសង់​ពន្ធនាគា​រ​គ្មាន មានតែ​ ​ជួសជុល
ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​គោលការណ៍​ស្នើសុំ​បន្ធូ​បន្ថយ​​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត លោក​បេ​ទា​ឡេង​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន
​ពន្ធនាគារ​របស់​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ថាប​ច្ចប្ប​ន្ន​នេះ ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​ទាំង​អ្ន​​ក​ទោស អ្នក​ជាប់ឃុំ​និង​ទណ្ឌិត​សរុប​ចំនួន ១៧៨៩៦​នាក់​ហើយ​បើតាម​ចំណុះ​ពន្ធនាគារ​ដែល​អាចដាក់​បា​​ន​គឺមាន​ត្រឹមតែ​១២០០០​នាក់​ប៉ុណ្ណោះ​មានន័យថា​ចំនួន​អ្នកទោស​ល​លើ​ចំនួន​៥៨៩៦​នាក់​។​ដោយសារ​មូលតុ​នេះហើយ​ទើប​ធ្វើឱ្យ​ពន្ធនាគារ​ខ្លះ​ពោរពេញ​ដោយ​អ្នកទោស​ចង្អៀត​ណែន​។​ចំពោះ​ចំនួន​អ្នកទោស​លើស​ចំណុះ​នេះ គឺ​ខេត្ត​ខ្លះ​មាន​បន្តិច​បន្តិច​ឯ​ខេត្ត​ខ្លះ​ពោរពេញ​ទៅដោយ​ភាព​ចង្អៀត​ណែន​តែម្តង​។​

លោក បានឱ្យដឹងថា ចំពោះ​ពន្ធនាគារ​ដែលមាន​អ្នកទោស​ចង្អៀត​ណែន​នោះ​រួម​ន​មាន​ពន្ធនាគារ​ព្រៃ​ស​​ក្នុងនេះ​មាន ម​១ ម​២ ម​៣ ចំណែក នៅឯ​តាម​ខេត្ត​វិញ​មានដូចជា ស្ទឹងត្រែង ក្រចេះ ក្រុង​ព្រះ​ស​ហី​ហ​នុ​កំពង់ស្ពឺ ។​ពន្ធនាគារ​ទាំងនេះ​មិន​ត្រឹមតែ​ចង្អៀត​ទេ​ថែម​ទាំងចាស់​ទ្រុឌទ្រោម​ដែលជា​អគារ​បន្សល់ទុក​ពី​​សម័យ​បារាំង​មកម្ល៉េះ​។​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ភាព​ច​ង្ងៀត​ណែន​និង​អនុវត្តតាម​លក្ខខណ្ឌ​នៃ​ការរស់នៅ​ផង​ខាង​អ្នករប់គ្រង​ពន្ធនាគារ​បាន​អនុវត្ត​វិធី​ដោយពេល​ថ្ងៃ​បានឱ្យ​អ្នកទោស​ចេញទៅ​ប្រកប​មុខជំនាញ​វិជ្ជាជីវៈ​និង​បានឱ្យ​បញ្ចេញ​កម្លាំងកាយ​ដើម្បី​សុខភាព​ល្អ​ដោយ​ដាំ​បន្លែបង្កា​ជាដើម​។​ជាហេតុ​ពេល​ថ្ងៃ​មិន​ជួប​បញ្ហា​ទេ ប៉ុន្តែ​ពេលយប់​នៅពេល​ប្រមូល​អ្នកទោស​ចូល​វិញ​ធ្វើឱ្យ​ជួប​បញ្ហា​ចង្អៀត​ណែន​ឡើង​។​

លោក​បានឱ្យដឹង​ដែរ​ថា “​ដើម្បីឱ្យ​អ្នកទោស​មានមុខ​ជំនាញ​វិជ្ជាជីវៈ​ហើយ​ពេល​ត្រឡប់​ចេញមក​វិញ​អា​​ច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​មិន​វិលត្រឡប់​ទៅ​ប្រព្រឹត្តិ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើ់ម​បន្តទៅទៀត​ខាង​ពន្ធនាគារ​​បាន​ចែក​កម្មវិធី​ផ្សេងៗ​ដើម្បីឱ្យ​ពួកគេ​រៀន​មុខជំនាញ​វិជ្ជា​ជិ​វៈ​ដូចជា​ជួសជុល​ម៉ូតូ រៀន​កុំព្យូទ័រ រៀន​ជាង​​អេឡិចត្រូនិក​…​ជាដើម​”​។​

ចំនួន​អ្នកទោស​នៅ​កម្ពុជា​លើស​ចំណុះ​ជាង​២៣​ភាគរយ ឯ​ការសាងសង់​ពន្ធនាគា​រ​គ្មាន មានតែ​ ​ជួសជុល

លោក​បាន​មានប្រសាសន៍ថា​ជាគោលការណ៍​កន្លែង​សម្រាប់​ទណ្ឌិត​រស់នៅក្នុង​ពន្ធនាគារ​ក្នុង​ម្នាក់​ត្រូវ​​មាន​ទំហំ​១​ម៉ែត្រ​គុណ​នឹង​២​ការ៉េ ហើយ​ក្នុង​មួយ​បន្ទប់​ដាក់​អ្នកទោស​បាន​ចំនួន​៨​នាក់​ប៉ុន្តែ​ដោយសារ​ចំ​នួ​​ន​អ្នកទោស​ចេះតែ​កើនឡើង​ធ្វើឱ្យ​បន្ទប់​ខ្លះ​ឡើងដល់​២៨-៣០​នាក់​ទៀតផង​។​នាពេល​នេះដែរ​ដោយសារ​​កន្លែង​ចង្អៀត​ហេតុនេះហើយ​គេ​មិនអាច​បែងចែក​អ្នកទោស​ស្រាល​មធ្យម​ឬ​ធ្ងន់​ឱ្យ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​បានទេ​។​ព្រោះតែ​ហេតុនេះ​អ្នកទោស​ខ្លះ​នៅពេល​រស់នៅ​ជាមួយគ្នា​ពេលចេញ​មកវិញ​គេ​អាច​កាន់តែ​ប្រព្រឹត្តិ​បទល្មើស​ដែល​អាក្រក់​ធ្ងន់ធ្ងរ​ជាង​នេះ​បន្ថែមទៀត​។​

ទោះបីយ៉ាងណា​លោក​បាន​លើកឡើងថា​ទោះ​ចំនួន​អ្នកទោស​មានការ​កើនឡើង​ហួស​ចំណុះ​បែប​​ណា​ក្តី​ក៏​មកដល់ពេលនេះ​គេ​មិនទាន់មាន​គោលការណ៍​ក្នុងការ​សាងសង់​ពន្ធនាគា​រ​ថ្មី​ទេ​គ្រាន់​តែមាន​គោ​​ល​ការណ៍​ក្នុងការ​ជួសជុល​ពន្ធនាគា​រ​កន្លែងចាស់​ឡើងវិញ​ប៉ុណ្ណោះ​។​

ទាក់ទិន​នឹង​ចំនួន​អ្នកទោស​ទាំងអស់​នៅ​កម្ពុជា​នេះដែរ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​បានលើកឡើង​ថា ក្នុងចំណោម​អ្នកទោស​ចំនួន​១៧៨៩៦​នាក់​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​​នេះ​មាន​១៥​ភាគរយ​ជា​អ្នក​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធំៗ​និង​បទល្មើស​គ្រឿងញៀន​៧០​ភាគរយ​។​
លោក​ថា ពន្ធនាគារ​បច្ចុប្បន្ននេះ​លែង​ត្រូវបាន​គេ​ដាក់​ឃុំខ្លួន​ចំពោះ​អ្នកទោស​ដូច​មុន​ទៀត​ហើយដោយ​​សារ​តែ​គេ បានប្រែក្លាយ​កន្លែង​អ្នកទោស​នេះ​មកជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពោលគឺ​បង្ហាត់បង្រៀន​​ដល់​ពួកគេ​ឱ្យ​ចេះ​មុខជំនាញ​ដើម្បី​នៅពេល​ចេញពី​ពន្ធនាគារ​វិញ​គេ​អាច​ប្រប​ការងារ​ដូច​ពលរដ្ឋ​ទូទៅ​មិន​ប្រព្រឹត្តិ​អំពើ​សង្គម​ស្អប់ខ្ពើម​បន្តទៅទៀត​។

លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា​ចំពោះ​ចំនួន​អ្នកទោស​ដែល​ត្រូវបានធ្វើ​​ការលើកលែងទោស​និង​បន្ធូ​បន្ថយទោស​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​មាន​ចំនួន​៤៧៥​នាក់​។​ចំពោះ​ការ ពិ​ចារ​​ណា​ទៅលើ​ទណ្ឌិត​សម្រាប់​ការបន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​នេះ​បានធ្វើ​ឡើង​៣​លើក​ក្នុង​មួយឆ្នាំ​​ដែល​ក្នុងនោះ​មានបុណ្យ​ចូលឆ្នាំថ្មី វិសាខបូជា​និង​បុណ្យ​អំ​ទូក​។​សម្រាប់​ទណ្ឌិត​ទាំងនេះ​មាន​ទាំង​ប្រព្រឹត្តិ​​បទល្មើស​ម​ជ្ឈឹ​ម​ដល់​ឧក្រិដ្ឋ ប៉ុន្តែ​យ៉ាងណា​អ្នកទោស​ដែល​ត្រូវបាន​គណៈកម្មាធិការ​លើក​យកមក​វាយ​ត​​ម្លៃ​នេះ​ចាំបាច់​ត្រូវអនុវត្ត​ទោស​យ៉ោ​ង​ហោចណាស់​២​ភាគ​៣​ហើយ​ពិសេស​មានការ​អនុវត្ត​ខ្លួន​បានល្អ​នៅពេល​ជាប់ពន្ធនាគារ​ថែមទៀត​។​

ជាមួយគ្នានេះដែរ​លោក​ជិន​ម៉ា​លីន​បានធ្វើការ​អះអាងថា​នា​កន្លងមក​មាន​ពាក្យរិះគន់​ទៅលើ​ការប្រព្រឹត្តិ​​មិន​ស្មើភាព​គ្នា​ទៅលើ​ទណ្ឌិត​នៅតាម​ពន្ធនាគារ​ព្រោះតែ​ហេតុនេះហើយ ប្រសិនបើ​គេ​បាន​រកឃើញថា​​ពិតជា​កើតឡើង​មែន​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ពួកគេ​អាច​នឹងត្រូវ​ដាក់ពិន័យ​ក្នុងនេះ​មាន​ទាំង​រដ្ឋបាល​និង​ទោស​ព្រហ្មទណ្ឌ​។​

លោ​កថា​នៅតាម​ពន្ធនាគារ​គេ​មិន​អនុ​ញ្ញា​ត្តិ​ឱ្យមាន​បងធំ​បងតូច​ឬ​ការប្រព្រឹត្តិ​ទៅលើ​អ្នកមាន​អ្នកក្រ​ឬ​ការ​​ប្រព្រឹត្តិ​មិន​ស្មើភាព​គ្នា​នោះឡើយ​ហើយ​បើ​គេ​រកឃើញ​ពិតមែន​នោះ​អ្នក​មន្ត្រី​ដែល​គ្រប់គ្រង​នៅ​កន្លែង​នោះ​ន​នឹង​ទទួល​នូវ​ទោសទណ្ឌ​ណាមួយ​ជាក់​ជាពុំខាន​៕ដេប៉ូ