ស្រវឹង​ស្រា​ចុះ​ងូត​ទឹក​រណ្តៅ​ដី​វណ្ឌ​ត្រកៀត​លង់​ស្លាប់​

ខេត្តកណ្ដាល ៖​ បុរស​ម្នាក់​ស្រវឹងស្រាចុះ​ងូតទឹក​ក្នុង​រណ្ដៅ​ដីខាងក្រោយ​ផ្ទះទឹក​ជ្រៅវ័ណ្ឌ​​ជាមួយ​ត្រកៀត​បណ្តាល​ឱ្យលង់​ស្លាប់ កាលពី​ម៉ោង​៨​យប់​ ថ្ងៃ​ទី​០៥ ​មករា ​២០១៦ នៅ​ចំណុច​រណ្តៅ​ដី​មានទឹក​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ចំងាយ​៨​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំឈើខ្មៅ ស្រុក​កោះធំ លុះ​ព្រឹក​ឡើង​ទើប​រក​សព​ឃើញ ។

មន្ត្រី​នគរបាលស្រុក​កោះធំ​ដែល​ទៅ​ពិនិត្យ​សាកសព បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ ឈ្មោះ ហេ ធី ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ​មុខរបរកម្មករ​លី​សែង​ មាន​ទីលំនៅ​ៗ​ភូមិ​-ឃុំ​កើតហេតុខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ស៊ីឈ្នួលលី​បាវ​ជី​ឲ្យ​គេ​នៅ​ឃុំ​សំពៅ​ពូន ហើយបាន​ទិញ​ស្រា.ស​ចំនួន​កន្លះ​លី​ត្រ​យក​មក​ផឹក​។ ​ពេល​ផឹកស្រា​អស់​ក៏​ចេញ​ទៅ​ផឹក​កាហ្វេ​នៅ​ក្នុងភូមិ​។​

លុះ​ដល់ម៉ោង​៨យប់​ក៏ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​​​ស្រវឹងស្រា​យ៉ាង​ខ្លាំង​ហើយ​បាន​ចុះ​ងូតទឹក​នៅ​ក្នុង​រណ្ដៅ​ដីមានទឹក​ជ្រៅ និង​មាន​ត្រកៀត​ច្រើន​នៅ​ជាប់​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​។ ពេល​នោះ​ប្រពន្ធ​ជន​រង​គ្រោះ​ឃើញ​ជន​រង​គ្រោះ​កំពុង​វណ្ឌ​​ជាប់​ជាមួយ​ត្រកៀត​ក៏​ទៅ​ជួយ​ទាញ​ដៃ​ឡើង​ តែ​ទាញ​មិន​រួច​ជន​រង​គ្រោះ​បាន​លិច​ចូល​ក្នុង​ទឹក​បាត់​តែ​ម្ដង​។

បន្ទាប់​មក​​បងប្អូន​ និង​អ្នក​ជិតខាង​ជួយ​រាវរក​រកតែ​រក​ពុំ​ឃើញ​។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៦ មក​រា ម៉ោង​៧​ និង​២០​នាទីព្រឹក​ ​ទើប​ក្រុម​គ្រួសារ​រក​ឃើញ​​សព​ និង​បាន​ស្រង់​សព​មក​ផ្ទះ រួច​រាយការណ៍​ជូន​នគរបាល​ចុះ​មក​ពិនិត្យ​សព​៕