ជនរួមជាតិ​កម្ពុជា នៅតែ​ចងចាំ​អត្ថន័យ​នៃ ថ្ងៃជ័យ​ជម្នះ ៧ មករា​

ភ្នំពេញ: បើ​យើង​សម្លឹងមើល​ត្រឡប់ក្រោយ ទិវា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ មករា មាន​អាយុកាល​ជាង ៣៧​ឆ្នាំ ហើយ (៧​មករា ១៩៧៩-៧​មករា ២០១៦) ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ ចលនា​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យ​ប្រជាជាតិ​បាន​រស់​ឡើងវិញ ហើយ​បាន ស្ថិតស្ថេរ​គង់វង្ស និង​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹក​មួយរូប ក្នុងចំណោម​ប្រមុខ​ដឹកនាំ​ជាច្រើនរូប​ទៀត ដែល បាន​ដឹកនាំ​ចលនា តស៊ូ​រំដោះជាតិ បាន​គូសបញ្ជាក់ថា ក្រោយ​រដ្ឋប្រហារ​ថ្ងៃ ១៨ មីនា ឆ្នាំ​១៩៧០ ដឹកនាំ​ដោយ​លោក លន់ នល់ ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់ ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ​បំផុត ដែល​បាន​បង្ក​មហា​វិនាសកម្ម​ពុំ​អាច​នឹង ពណ៌នា​បានឡើយ​។​

​ក្រោយ​ថ្ងៃជ័យ​ជម្នះ​លើ​ពួក លន់ នល់ នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា ដែល សង្ឃឹម​បានរស់នៅ​ក្នុង​សន្តិភាព​វិញ​នោះ ត្រូវ​រលាយ​បង់​តែមួយ​ប៉ព្រិចភ្នែក ក្រោម​អំពើ​ផ្តាច់ការ នៃ​បន​ក្បត់ ប៉ុល ពត ដែល​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍ ដ៏​សាហាវយង់ឃ្នង​បំផុត ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។

ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃនេះ ពួក​បន​ប្រល័យ ពូជសាសន៍ ប៉ុល ពត បាន​បំផ្លាញ​សង្គមជាតិ​ទាំងមូល ឱ្យ​ទទួលរង​ការវិនាស​ដោយសារ​សង្គ្រាម ៥​ឆ្នាំ​រួចមកហើយ​នោះ (​ពី​ឆ្នាំ​១៩៧០-១៩៧៥) ឲ្យ​រលាយ​ខ្ទេចខ្ទី​ទាំងស្រុង​ដល់​ឬ​សគល់​។

​ប្រជាជន​កម្ពុជា ត្រូវ​ពួក​ឃាតករ​បំបិទ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​ទាំងស្រុង ក្លាយជា​ទាសករ​បាត់​បង់អស់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ហើយ​រង់ចាំតែ​ពេល​ពួក ប៉ុល ពត សម្លាប់​តែប៉ុណ្ណោះ​។​

​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយ​កម្ពុជា ទៅជា​វាលពិឃាត​គួរ​ឲ្យ​រន្ធត់​បំផុត ប្រជាជាតិ​ទាំងមូល​ត្រូវ​ជ្រមុជ​យ៉ាងជ្រៅ​ទៅក្នុង​សមុទ្រ​ឈាម និង​ទឹកភ្នែក ដែល​ពុំ​ធ្លាប់មាន​ក្នុង ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​។ ប្រជាជន ដែល​ពុំទាន់​ត្រូវបាន​សម្លាប់ មានតែ​ការលើកដៃ​បួងសួង បន់ស្រន់ សូម​ឲ្យ​ទេវតា និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​មកជួយ​សង្គ្រោះ​ឲ្យ​រួច​ផុតពី​ឋាននរក​អ​វចី​។​

​ថ្ងៃ ៧ មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា ដែលជា​សច្ចធម៌​ប្រវត្តិសាស្ត្រ គួរ​យល់ដឹង ច្បាស់លាស់ និង​ចងចាំ​ជា​រៀងរហូត​។ យើង​មិនមែន​ត្រូវ​រស់នៅក្នុង​ស្រមោល នៃ​អតីតកាល​ឡើយ ប៉ុន្តែ​ក្នុង​ជំហាន​ទៅមុខ​ឆ្ពោះទៅរក​អនាគត ដ៏​រុងរឿង យើង​ចាំបាច់ ត្រូវតែ​យល់​ពី​ប្រវត្តិសាស្ត្រ ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​រៀនសូត្រ​អំពី​មេរៀន​ជា​ប្រវត្តិសាស្ត្រ​ទាំងឡាយ ដើម្បី​បន្ត​កសាង និង​ការពារ ជាតិ​យើង​ត​ទៅមុខទៀត ឲ្យ​រុងរឿង ស្ថិត​សេ្ថ​រ​គង់វង្ស ដោយ​ជៀស​ឲ្យ​ផុតពី​ការកើតមាន​ជាថ្មី​នូវ សោកនាដកម្ម និង​គ្រោះមហន្តរាយ ដូចដែល​ប្រជាជាតិ​យើង​ធ្លាប់បាន​ឆ្លងកាត់ ហើយ​មិន​ធ្លាក់​ទៅ ក្នុង​ឧបាយកល​របស់​សមាស​ភាពអាក្រក់ និង​មជ្ឈដ្ឋាន​អគតិ​ណា​ដែល​ចង់​សម្រេច​នូវ​មហិច្ឆតា របស់ខ្លួន​នោះ​។​

​រយៈពេល ៣៧​ឆ្នាំ ក្រោយ​ការផ្តួលរំលំ​របប ប៉ុល ពត ស្មារតី ៧ មករា នៅតែ​ស្ថិតស្ថេរ​ជានិច្ច​ក្នុង ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា ជា​ប្រទីប​បំភ្លឺ​ផ្លូវ ដែល​បាន​នាំ​កម្ពុជា ឈាន​ពី​ជ័យជម្នះ​មួយ​ទៅ​ជ័យ ជម្នះ​មួយទៀត​ឥតឈប់ឈរ​។ ៧ មករា គឺជា​មោទនភាព ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ គ្នា​។ មានតែ​អ្នក​ស្រឡាញ់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែល​ប្រឆាំងនឹង​ថ្ងៃ ៧ មករា​។​

​ប្រជាជន​កម្ពុជា នាពេល​បច្ចុប្បន្ន កំពុង​រស់នៅ​ប្រកបដោយ​សុទិដ្ឋិនិយម​ជា មួយ​ក្តី​សោមនស្ស រីករាយ​ក្រៃលែង​ចំពោះ​សមិទ្ធផល ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​។

​ខឿន​ឯករាជ្យ​អធិប តេ​យ្យ បូរណភាព​ទឹកដី និង​សន្តិភាព ត្រូវបាន​ការពារ​គត់​មត់ ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​មាន​ភា​ព​ល្អប្រសើរ ទោះបីជា​មានការ​រំខាន​ពី សកម្មភាព​នយោបាយ​ខ្លះ​ក្តី​៕