សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្ប​កម្មផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ​

ភ្នំពេញ:  អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​គ្រប់គ្រង​កន្លែង​ផលិត​ស្រាស និង​ស្រា​លាយ​គ្រប់​ប្រភេទ ដែល​កំពុង​តាំង​ដាក់លក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុខភាព​អ្នក​បរិភោគ​ស្រប​ពេលដែល​អ្នកស្លាប់​ដោយសារ​ពុល​ស្រា​កាន់​តែមាន​ចំនួន​កើនឡើង ទាំង​នៅក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​។
         
 អាជ្ញាធរ​រាជធានី​ភ្នំពេញ ដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ពាក់ព័ន្ធ​ចុះ​ស្រង់​ស្ថិតិ​ទីតាំង សិប្បកម្ម​ផលិត​ស្រា​ទាំង​តូច ទាំង​ធំ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឈានទៅ​ការគ្រប់គ្រង​គុណភាព​និង​សង្វាក់​ផលិតកម្ម​ឲ្យ​ការផលិត​កាន់តែ​ល្អប្រសើរ​តាម​បច្ចេកទេស មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើង​ក្នុង​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ​ការគ្រប់គ្រង​ផលិតផល និង​ការ​ចែកចាយ​ស្រាស​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា​នេះ​ថា ចាប់ពីពេលនេះ​ទៅ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អា​ជ្ញ​ធរ​ខណ្ឌ​ត្រូវ​សហការគ្នា ចុះ​ស្រង់​ទិន្នន័យ​កន្លែង​ផលិត​ស្រាស​នៅ​គ្រប់​ទីកន្លែង​ឲ្យ​បានច្បាស់លាស់ ព្រោះ​កន្លងមកនេះ​មាន​ផ្ទុះ​ករណី​ស្លាប់​ដោយសារ​ពុល​ស្រា​ជាច្រើន​នាក់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ហើយ​ថ្មីៗ​នេះ​ទៀត មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ទៀត​ដោយសារ​ពុល​ស្រា​ស្ថិតក្នុង​ស្កាត់​ទួល​ស្វាយព្រៃ​ក្នុង​ខណ្ឌចំការមន​។​

​លោក​បញ្ជាក់ថា បន្ទាប់ពី​ចុះ​ស្រង់​ស្ថិតិ​រួច សាលាក្រុង​នឹង​បង្កើត​ឲ្យ​មាន គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ចុះ​ត្រួតពិនិត្យ​គុណភាព ហើយ​ជំរុញ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ វេច​ខ្ចប់ មាន​ស្លាក់​សញ្ញា លេខ​កូត ឈ្មោះ និង​លេខ​ទូរស័ព្ទ​ត្រឹមត្រូវ ដើម្បី​បានដឹង និង​ស្គាល់​ប្រភព​ច្បាស់លាស់ ងាយ​ទប់ស្កាត់បាន​ទាន់ពេល នៅពេល​មាន​បញ្ហា​កើតឡើង​។​លោក​អះអាងថា​សព្វថ្ងៃ​ស្រាស និង​ស្រា​លាយ​ជាច្រើន ត្រូវបាន​ចរាចរណ៍​ពេញ​រាជធានី​ភ្នំពេញ ដែល​ពុំ​បានដឹង​ប្រភព​និង​មាន​រូបមន្ត​លាយ​បានច្បាស់លាស់​នោះឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ងាយ​ប្រឈម​ពី​បញ្ហា​សុវត្ថិភាព​ទាំងនេះ​។

​លោក​បាន​បញ្ជាក់ថា ដើម្បី​គ្រប់ គ្រង​ផលិតផល​ស្រាស​ក្លែងក្លាយ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ប្រសិទ្ធិភាព សុំ​ឲ្យ​ជំនាញ​បច្ចេកទេស មាន​មន្ទីរ​ឧស្សាហកម្ម  កាំកុងត្រូល មន្ទីរ​សុខាភិបាល ចុះ​ស្រង់​ស្ថិតិ​កន្លែង​ស្រាស ឲ្យ​បាន​ច្បាស់​លា​ល់ ដើម្បី​ចុះហត្ថលេខា​រួមគ្នា​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវ​កម្មល​ផលិត​ស្រាស​នេះ​។​

​លោក ធិ​ប សុ​វង់ ប្រធានការិយាល័យ មន្ទីរ​ឧស្សាហកម្ម​សិប្បកម្ម​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​គុណភាព​ច្ចេកទេស​ផលិត​ស្រាស​នេះ មន្ទីរ​បាន​ចុះ​រៀងរាល់​៣​ខែម្តង ដោយ​មិនមាន ចោទ​ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ ការ​ប្រឈម​នោះ គឺ​ការ​ចែកចាយ​បន្ត ដែល​ឈ្មួញ​ខ្លះ​ចង់​ចំណេញ យកទៅ​លាយ​សា​ធាតុ​បន្ថែម និង​ធ្វើជា​ស្រា​កែច្នៃ ដែល​នាំ​ឲ្យ​ស្រា​នោះ​ខូចគុណភាព​។​

 លោក​បន្តថា ដើម្បី​ឲ្យ​ការគ្រប់គ្រង និង​ការធ្វើ​អធិការកិច្ច​ផលិតផល​ស្រា​ទាំងនោះ​ឲ្យ​ទទួលបាន​ជោគជ័យ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយគ្នា​ឲ្យ​បានល្អ រវាង​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ត្រូវ​ហាន​រាយការណ៍​ឲ្យ​បាន​ទាន់ពេលវេលា​នៅពេល​មាន​ករណី​មិន​ប្រក្រតី​ណាមួយ កើតឡើង​នៅ​មូលដ្ឋាន​របស់ខ្លួន ដើម្បី​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា​។
​យ៉ាងណាក៏ដោយ​មន្ត្រី​សាលាក្រុង​បាន​ព្រមាន​នឹងដាក់​ទោសទណ្ឌ​ចំពោះ​ម្ចាស់​សិប្បកម្ម​និង​ម្ចាស់​អាជីវកម្ម​លក់​ស្រា​ណា​ដែល​ផលិត​មិន​ស្របតាម​បច្ចេកទេស​បង្ក​ផល​ប៉ៈ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ការផលិត​ទាំងអស់​ត្រូវ តែ​ស្អាត មាន​អនាម័យ​ខ្ពស់​។​

​គួររំលឹកថា​៖ ប៉ុន្មាន​ឆ្នាំនេះ គេ​សង្កេតឃើញ​អ្នកពុល​ស្រាស បណ្តាល​ឲ្យ​ស្លាប់ មាននៅ​ខេត្តក្រចេះ ខេត្តពោធិសាត់  ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​៕

សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្ប​កម្មផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ​

សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្ប​កម្មផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ​

សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្ប​កម្មផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ​

សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្ប​កម្មផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ​