អាចម៍គោ​ឡើងថ្លៃ​!

​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ អាចម៍គោ បាន​ឡើងថ្លៃ ១ គុណ​នឹង ៤ ដង​។ កសិករ​អះអាងថា កាលពី ១​ឬ​២ ឆ្នាំមុន​អាចម៍គោ ក្នុង​មួយ​បាវ​មានតម្លៃ​តែ ២ ពាន់​រៀល​ប៉ុណ្ណោះ តែ​នាពេល​បច្ចុប្បន្ននេះ អាចម៍គោរ​ឡើងថ្លៃ​ដល់​មួយ​បាវ ៨ ពាន់ ឬមួយ​ម៉ឺន​រៀល​។

​កសិករ​គំរូ​នៅ​ខេត្តតាកែវ លោក រស់ ម៉ៅ បាន​ថ្លែងថា អាចម៍គោ បាន​ឡើងថ្លៃ​យ៉ាងខ្ពស់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។ លោក​ថា រយៈពេល​តែ​ជាង ១ ឆ្នាំ​ប៉ុណ្ណោះ អាចម៍គោ ដែល​លោក​ធ្លាប់​​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ចិញ្ចឹម​គោ​តែ ២ ពាន់​រៀល​ក្នុង​មួយ​បាវ​កាលពី​ឆ្នាំមុន ឡើងថ្លៃ​ដល់ ៨ ពាន់​ឬមួយ​ម៉ឺន​រៀល​ក្នុង​មួយ​បាវ​នាពេល​បច្ចុប្បន្ន​។ លោក រស់ ម៉ៅ ដែល​ទិញ​អាចម៍​មក​ធ្វើ​ជីកំប៉ុស​ដើម្បី​ដាក់​ដំណាំ​ខ្លួន បាន​ពន្យល់ថា មូល​ហេតុដែល​អាចម៍គោ​ឡើងថ្លៃ ដោយសារ​កសិករ​ភាគច្រើន​បាន​ឈប់​ចិញ្ចឹម​គោ ដើម្បី​ភ្ជួរស្រែ​ចម្ការ បែរមក​ប្រើគោ​យន្ត​វិញ​ម្តង​។

​ជាងនេះទៅទៀត​កសិករ​ល្បីល្បាញ​នៅ​កម្ពុជា​ដែល​រស់នៅ​ស្រុក​ត្រាំកក់​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា កំណើន​អ្នក​ដាំ​ចម្ការ​ម្រេច​ច្រើន ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​អាចម៍គោ​ឡើងថ្លៃ​ដែរ​។​« អ្នក​ដាំ​ម្រេច​គេ​ត្រូវការ​អាចម៍គោ ដើម្បី​បំប៉ន​ដំណាំ​គេ​ណាស់ ព្រោះ​វា​ជា​ជីធម្មជាតិ​។ ហើយ​ម្រេច​គេ​នាំទៅ​ក្រៅប្រទេស គេ​ត្រូវ​ប្រើ​អាចម៍គោ​ធម្មជាតិ ដើម្បី​កុំ​ឲ្យ​មាន​ជាតិគីមី​។ បើ​គេ​ធ្វើ​ឡ​ជីវឧស្ម័ន​ក៏​ត្រូវការ​អាចម៍គោ​ដែរ​»​។ ទន្ទឹមនឹង​និយាយ​ដូច្នេះ លោក រស់ ម៉ៅ ក៏​អះអាងថា កសិករ​វៀតណាម ក៏​ប្រមូល​ទិញ​អាចម៍គោ​ពី​កសិករ​កម្ពុជា​ខ្លះ​ផងដែរ ខណៈដែល​កសិករ​ខ្មែរ​នាំយក​ជីគីមី​ចូលមក​ប្រទេស​ខ្លួន​។

​បើតាម លោក រស់ ម៉ៅ អ្នកត្រូវការ​ទិញ​អាចម៍គោ​ភាគច្រើន​ទិញ​ពី​កសិករ​ចិញ្ចឹម​គោ​នៅ​ខេត្តតាកែវ កណ្តាល ព្រៃវែង និង​កំពង់ស្ពឺ ជាដើម​។ សម្រាប់​កសិករ​គំរូ រស់ ម៉ៅ អាចម៍គោ​ដាក់​ដំណាំ​ល្អ​ជាង​អាច​ក្របី និង​អាចម៍សត្វ​មួយចំនួនទៀត​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖« អាចម៍គោ អាចម៍ក្របី គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​បើទោះជា​សត្វ​ទាំងពីរ​ស៊ី​ស្មៅ​ដូចគ្នា​។ អាចម៍គោ​ល្អ​ជាង​។ ខ្ញុំ​ប្រើតែ​អាចម៍គោ​»៕