ប្រជាជន​តៃវ៉ាន់​មាន​ទំនោរ​ខ្លាំង​ទៅ​បក្សប្រឆាំង​មិន​រណប​ក្រុង​ប៉េកាំង​

​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែលជា​បក្សប្រឆាំង​រប​ស់​តៃវ៉ាន់ លោក ស្រី Tsai Ing-wen បាន​នាំមុខ​ក្នុង​ការស្ទង់មតិ​មួយ​មុន​ការបោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៦ ខែមករាខាងមុខ​។ ឈ្មោះ​លោកស្រី​ ស្ថិតនៅលើ​គេ​ក្នុង​តារាង​បេក្ខជន ហើយ​លោកស្រី​បាន​នាំមុខ​បេក្ខជន​ មកពី​បក្ស​កាន់អំណាច​លោក Eric Chu ថែមទៀត​។​

​ក្នុង​ការស្ទង់មតិ​មួយ បាន​បង្ហាញថា​លោកស្រី Tsai Ing-wen បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែលមាន​និន្នាការ​ប្រឆាំង​ចិន បាន​នាំមុខគេនៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែមករា​នេះ។

​ការស្ទង់មតិ​ខាងលើ​រៀបចំឡើង​ដោយ សមាគម Cross-Strait Policy ហើយ​របាយការណ៍​នេះ​បង្ហាញថា លោកស្រី Tsai Ing-wen បានទទួល​សំឡេងគាំទ្រ​ចំនួន​៤៥.២ ភាគរយ​ក្នុងចំណោម​អ្នកចូលរួម ១,០៥២នាក់​។  នេះមានន័យថា លោកស្រី​នាំមុខ​បេក្ខជន​មកពី​បក្ស​កាន់អំណាច​លោក Eric Chu ដែល​ទទួល​សំឡេងគាំទ្រ​ត្រឹមតែ​១៦.៣ ភាគរយ​ប៉ុណ្ណោះ ។​

​ក្នុងការ​ផ្សាយ​របស់​សារព័ត៌មាន Channel NewsAsia  លទ្ធផល​នេះ​បញ្ជាក់ថា ប្រជាជន​តៃវ៉ាន់​ពេញចិត្ត​លទ្ធិប្រជាធិបតេយ្យ ជាជាង​គណបក្សកាន់អំណាច​ដែលមាន​និន្នាការ​ទៅរក​របប​កុម្មុយនីស្ត​របស់​ចិនដីគោក​ ដែល​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន។ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវជន​ ដែល​មិន​ពេញចិត្ត​គោលនយោបាយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​ពឹងផ្អែក​ខ្លាំងពេក​ទៅលើ​ចិន​ឡើយ​។​
 
​ជាមួយគ្នានេះដែរ ការស្ទង់មតិ​ខាងលើ​បង្ហាញថា ប្រជាប្រិយ​របស់លោក​ស្រី Tsai Ing-wen បាន​កើនឡើង​មួយ​ភាគរយ បើ​ធៀប​នឹង​ការស្ទង់មតិ​កាលពី​ខែធ្នូ​ឆ្នាំមុន​។ ចំណែក​លោក Eric Chu វិញ ប្រជាប្រិយភាព​លោក​មានការ​ធ្លាក់ចុះ៥.៨ ភាគរយ។  ហើយ​លោកស្រី Tsai Ing-wen បានទទួល​ការគាំទ្រ​ច្រើន​ក្នុងចំណោម​អ្នក​ឆ្លើយតប​ដែលមាន​អាយុ​ចន្លោះ ២០​ទៅ​៣៤ ឆ្នាំ។  យ៉ាងណាក៏ដោយ អ្នក​ឆ្លើយតប ២២.៤ ភាគរយ មិនបាន​សម្រេចចិត្ត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ណាមួយ​នោះទេ។

​ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនីស្ត​ចិន​ និង​បក្សប្រឆាំង DPP នឹង​ដើរតួនាទី​សំខាន់ ​ក្នុង​ការរក្សា​ទំនាក់ទំនង​ដែល​ផុយស្រួយ​រវាង​តៃវ៉ាន់ ​និង​ចិន ដោយសារតែ​កាំជ្រួច​រាប់រយ​ដើម​ ត្រូវបាន​ដាក់ពង្រាយ​តម្រង់​មកលើ​កោះ​នេះ​ ដោយ​ចិនដីគោក ។ កន្លងមក​ទីក្រុង​ប៉េកាំង​មិនសូវ​ជា​ពេញចិត្ត​បក្សប្រឆាំង​តៃវ៉ាន់​ប៉ុន្មាន​ទេ ព្រោះ​បក្ស​នេះ​គំរាមថា អនាគត​របស់​តៃវ៉ាន់​គឺ​ស្ថិត​លើ​ដៃ​ប្រជាជន​តៃវ៉ាន់ ២៣​លាន​នាក់ ដែល​រឿងនេះ​ត្រូវបាន​ចិន​ចាត់ទុកថា ជាការ​ប៉ុនប៉ង​ប្រកាស​ឯករាជ្យ​៕