គ.ជ.ប​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​១៥​នាក់​ចុង​ក្រោយ

បេក្ខជន​១៥​នាក់​ចុង​ក្រោយ​ក្នុង​ចំណោម​បេក្ខជន​ជិត​១០០​នាក់ ដែល​សល់​ពី​ការ​ជម្រុះ​ជាបន្តបន្ទាប់ សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ហើយ​នៅ​ថ្ងៃ​ទី​៦ មករា។

បញ្ជី​រាយ​នាម​បេក្ខជន​ទាំង​១៥​នាក់​នោះ មាន បេក្ខជន​៣​នាក់​សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ​១​កន្លែង គឺ​មានលោក ទេព នីថា អគ្គលេខាធិការ គជប ក្នុងតំណែង​បច្ចុប្បន្ន​ និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយក​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ។

ចំណែក​បេក្ខជន​១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង​៤​រូប រួម​មាន​អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក សុកុលៈ ទីប៉ោ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា អ្នក​សម្របសម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គឹម ឈន និង​លោក​មេធាវី សំ សុគង់ ជាដើម។

ក្នុង​ចំណោម​បេក្ខជន​ទាំង១៥​នាក់​នេះ មាន​ស្រ្តីតែ​ម្នាក់​គត់ ដែលជា​ក្រុមប្រឹក្សា​គណៈមេធាវី គឺអ្នកស្រី លឹម ច័ន្ទលីដា។

​បន្ទាប់ពីចេញបញ្ជីរាយនាមបេក្ខជនទាំងអស់នេះ គ.ជ.ប ​តម្រូវ​ឲ្យ​បេក្ខជន​ទាំង​១៥​នាក់​នោះ ប្រគល់​ព្រឹត្តិបត្រ​ថ្កោលទោស​របស់​ខ្លួន មក​គ.ជ.ប យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ២០១៦​ ជា​កំហិត។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់​បានបញ្ជាក់​ថា ការ​ជ្រើសរើស​ចុងក្រោយ​នឹងធ្វើឡើងដោយ​ប្រើ​រូបមន្ត បីយក​មួយ ហើយ​លទ្ធផល​​នឹង​ត្រូវ​ប្រកាសឲ្យដឹង​នៅ​ពាក់​កណ្ដាល​ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។