ម្ចាស់រថយន្ត ទិញត ពីម្ចាស់ដើម ស្នើឲ្យ រាជរដ្ឋាភិបាល បញ្ឈប់កាត់ឈ្មោះ យាន្តយន្ត

ភ្នំពេញ៖ ក្រុមម្ចាស់រថយន្ត ដែលទិញតពីម្ចាស់ដើម បានធ្វើការរអ៊ូរទាំ ចំពោះច្បាប់ចរាចរណ៍ថ្មី តម្រូវឲ្យកាត់ឈ្មោះពី ម្ចាស់ដើមមកជា របស់ខ្លួនវិញ ដោយពួកគេបានស្នើ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការកាត់ឈ្មោះនេះ ពីព្រោះមានការលំបាកជាខ្លាំង ក្នុងការស្វែងរកម្ចាស់ដើម។

ចំពោះករណីនេះ ត្រូវបានមន្រ្តីជំនាញខាង សណ្តាប់ធ្នាប់លើកឡើងថា ខាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណៈ និងដឹកជញ្ជូន បាននិងកំពុងជួបប្រជុំគ្នា ដើម្បីរកដំណោះស្រាយ ដែលជាផ្លូវងាយស្រួល ទៅដល់ម្ចាស់រថយន្តទិញតពីគេ។

លោក ហៀម ដារ៉ា ដែលជាម្ចាស់រថយន្ត ទិញតពីគេ បានរៀបរាប់ថា ខ្លួនបានទិញរថយន្តតពីគេ ហើយក៏មិនដឹងថា ម្ចាស់ដើមជាអ្នកណា ហើយច្បាប់តម្រូវឲ្យកាត់ឈ្មោះ លោកមិនដឹងជាទៅ ស្រាវជ្រាវស្វែងរកនៅទីណានោះទេ។

លោកបន្តថា “កាត់ឈ្មោះតហ្នឹងវា មានការលំបាកច្រើន ។ យើងមិនដឹងថា តើទៅរកអ្នកទិញ តពីមុនហ្នឹងនៅឯងណា ហើយបើទៅហៅគេនៅឆ្ងាយៗ នាំឲ្យខាតពេលវេលា។ ជួនកាលអ្នកម្ចាស់ឡានចង់កាត់ឲ្យ អ្នកខ្លះមិនចង់កាត់ឲ្យ ហើយគេធ្វើមិនដឹងមិនលឺ ឲ្យយើងជាអ្នកទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត គឺរដ្ឋយកលុយច្រើន ប៉ុន្តែបើយកតិចយើងមានលទ្ធភាពក្នុង ការសម្រួលជាមួយអ្នកទិញដូចគ្នា”។

លោកថា តាមព័ត៌មានដែលលោកទទួលបាន គឺការកាត់ឈ្មោះនេះ រថយន្តប្រភេទធន់តូចតម្លៃ១០០ដុល្លារ ប៉ុន្តែរថយន្តធុនធំ ២០០ដុល្លារ។

ប៉ុន្តែលោកថា សម្រាប់ការកាត់ឈ្មោះនេះ ជាការល្អប្រសើរសម្រាប់អ្នកទិញរថយន្តថ្មី។

លោកបញ្ជាក់ថា “ខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាល កុំឲ្យមានកាត់ឈ្មោះចឹង បើកាត់គឺកាត់ពីពេលដែលច្បាប់ថ្មីចេញនេះ ហើយថ្ងៃក្រោយចាំរឹតបន្តឹង ហើយបើឡានចាស់ សុំឲ្យលើកលែងតែម្តង”។

ចំណែក លោក សេង វុទ្ធី ម្ចាស់រថយន្តម្នាក់ទៀត ក៏បានលើកឡើងមិនខុស ពីលោក ហៀម ដារ៉ាដែរ គឺថា ពិតជាមានការ លំបាកជាខ្លាំងមែន មិនដឹងទៅរកម្ចាស់ ដើមនៅទីណា ព្រោះអ្នកខ្លះក៏បានរើផ្ទះ ទៅនៅកន្លែងផ្សេង ដែលខុសពីការទៅទិញនៅពេលនោះ។

លោកថា បើសិនជាទិញរថយន្តតពីម្ចាស់ ដើមតែម្នាក់ងាយស្រួលទាក់ទង ដើម្បីកាត់ឈ្មោះ ប៉ុន្តែបើ៣ទៅ៤ម្ចាស់នោះមិនដឹងជា ទៅរកនៅឯណានោះទេ។

លោកបញ្ជាក់ថា “ខ្ញុំចង់ច្បាប់ថ្មីហ្នឹង បន្ធូរបន្ថយខ្លះ ព្រោះបើតម្រូវ ឲ្យធ្វើអីចឹង ខ្ញុំជឿថា គឺពិបាកក្នុងការធ្វើ។បើម្ចាស់ដែលស្លាប់ ទៅតើយើងទៅរកនៅណា”។

លោកថា សម្រាប់រូបលោកផ្ទាល់ តាំងពីច្បាប់ថ្មីបើកឲ្យ ដំណើរការមក ប៉ូលីសមិនទាន់ធ្វើការ ផាកពិន័យនៅឡើយទេ ដោយសារតែលោកគោរពច្បាប់ ដោយភ្ជាប់មកជាមួយ នូវឯកសារគ្រប់ប្រភេទ។

សម្រាប់បញ្ហានេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា ច្បាប់ថ្មីតម្រូវឲ្យម្ចាស់រថយន្ត ធ្វើការកាត់ឈ្មោះត្រឹម រយៈពេល៩០ថ្ងៃ ប៉ុន្តែ សមត្ថកិច្ចមិនបានផាកពិន័យឡើយ។

លោកបញ្ជាក់ថា “រឿងនេះ យើងកំពុងធ្វើការសិក្សា ជាមួយក្រសួងសាធារណៈការ ដោយពួកគាត់ (ម្ចាស់រថយន្តទិញត) មានផលលំបាកអីចឹង ។ យើងចង់ធ្វើម៉េចឲ្យ ពួកគាត់មានការងាយស្រួល ដើម្បីឲ្យក្រសួងសាធារណៈការឯកភាពអត់ បើសិនជាគាត់ជឿជាក់ នៅថ្នាក់មូលដ្ឋានថា បើឡានហ្នឹងជាឡានគាត់ កាត់ឈ្មោះបានអត់ រឿងនេះ យើងកំពុងជជែកគ្នា។ ប៉ុន្តែ ប៉ូលីសខ្ញុំមិនបានផាកទៅទេ ហើយក៏យើងសម្រួលតម្លៃនៃការកាត់ហ្នឹងផងដែរ”។

ច្បាប់ចរាចរណ៍ថ្មីនេះ បានកំណត់គោលដៅដែល នគរបាលចរាចរណ៍ត្រូវធ្វើការ ឃាត់ខ្លួនចំពោះអ្នកធ្វើដំណើរ នៅតាមដងផ្លូវនោះ គឺមានអ្នកបើកបរ មានជាតិស្រវឹង បើកបរយានយន្ត អត់ស្លាកលេខ ការពាក់ស្លាកលេខក្លែងក្លាយ អ្នកអត់មានប័ណ្ណបើកបរ អ្នកអត់មានប័ណ្ណសំគាល់យានយន្ត និងការបើកបរខុសបច្ចេកទេស ជាច្រើនទៀត រួមទាំងការជេរប្រមាថ មកលើនគរបាលផងដែរ៕

ម្ចាស់រថយន្ត ទិញត ពីម្ចាស់ដើម ស្នើឲ្យ រាជរដ្ឋាភិបាល បញ្ឈប់កាត់ឈ្មោះ យាន្តយន្ត