ជនបរទេស​ស្រវឹងស្រា ដេញ​វាយ​មនុស្សម្នា​ផ្អើល​ពេញ​ផ្លូវ​

ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​ជោគជាំ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​សណ្ឋាគារ​លុច ដេញ​វាយ​បុគ្គលិក និង អ្នកដំណើរ​តាម​ដងផ្លូវ​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៣​ និង​ ៣០​​ នាទី​ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​សណ្ឋាគារ​លុច តាម​បណ្តោយ​ផ្លូវ​លេខ​ ១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​ បើតាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​បំរើការ​ក្នុង​សណ្ឋាគារ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​ជនជាតិ​បរទេស​ខាងលើ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ និង ​បាន​ចូលទៅ​សួរ​តម្លៃ​បន្ទប់​ដើម្បី​សម្រាក ។

ជនបរទេស​ស្រវឹងស្រា ដេញ​វាយ​មនុស្សម្នា​ផ្អើល​ពេញ​ផ្លូវ​

ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ជនជាតិ​បរទេស​រូបនោះ បាន​ស្រែក​ឡូឡារ​ និង​ វាយ​បោកប្រាស់​របស់របរ និង ​ទ្រព្យសម្បត្តិ​ក្នុង​សណ្ឋាគារ ថែមទាំង​ដេញ​វាយ​ខ្លួន និង​ បុគ្គលិក​ដ៏ទៃទៀត ហើយ​រត់​ចេញមកក្រៅ​ដេញ​វាយ​គេឯង បណ្តាលឱ្យ​រទេះ​លក់​សាច់គោ​អាំង និង​ ប្រហិត​បែកខ្ចាយ​ពេញ​ផ្លូវ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ប្រភព​បន្តថា ឃើញ​ដូច្នេះ​អ្នករត់ម៉ូតូឌុប និង ​អ្នក​នៅ​ជិត​កន្លែងកើតហេតុ​បាននាំគ្នា​មកឃាត់​ជាច្រើន​នាក់ ហើយ​ធ្វើការ​ចរាចរណ៍​ដើម្បី​សង​សំណង នូវ​រាល់​របស់របរ​ដែល​ខូចខាត ដោយបាន​សង​ថ្លៃ​ខូចខាត​ទៅខាង​រទេះ​លក់​សាច់គោ និង​ ប្រហិត ចំនួន​ ៥០​ ដុល្លារ​ ដើម្បី​បញ្ចប់រឿង ចំណែក​ទ្រព្យសម្បត្តិ​នៅក្នុង​សណ្ឋាគារ​បុរស​ជនជាតិ​បរទេស​ក៏​ធានា​ចេញសង ប៉ុន្តែ​អ្នក​បំរើការ​ក្នុង​សណ្ឋាគារ ឱ្យ​រង់ចាំ​ជួប​ម្ចាស់​សណ្ឋាគារ​ទើប​សម្រេច​ថា សង​ក្នុងតម្លៃ​ប៉ុន្មាន ៕ (ប្រភព TV5)

ជនបរទេស​ស្រវឹងស្រា ដេញ​វាយ​មនុស្សម្នា​ផ្អើល​ពេញ​ផ្លូវ​