តុលាការ​ខេត្ត​ព្រះវិហារ​កោះ​ហៅ​តំណាង​អ្នក​ភូមិ​៤​នាក់​សាកសួរ​នៅ​ថ្ងៃ​ទី​១៣​មករា

ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​ឈ្នួន ឃុំ​រួសរាន់ នៃ​ស្រុក​រវៀង ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ភី.អិន.ធី (PNT) បាន​កើត​មាន​តាំង​តែ​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ។ ក្រុម​អ្នក​ភូមិ និង​ក្រុមហ៊ុន បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ដោយ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​ការ​រំលោភ​បំពាន​លើ​ដី​កម្មសិទ្ធិ និង​ទ្រព្យ​សម្បត្តិ។

ក៏ប៉ុន្តែ គេ​សម្គាល់​ឃើញ​ថា តុលាការ​ខេត្ត​ព្រះវិហារ ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ទៅ​លើ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ខាង​មុខ គឺ​តុលាការ​នឹង​កោះ​ហៅ​តំណាង​អ្នក​ភូមិ​ចំនួន ៤​នាក់​ទៅ​សាកសួរ​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ យោង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​វិញ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈ្នួន ឃុំ​រួសរាន់ ស្រុក​រវៀង ចំនួន ៤​នាក់ កំពុង​ភ័យ​ខ្លាច​ក្រែង​តុលាការ​ខេត្ត​ព្រះវិហារ ចាប់​ខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ។

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​ពួក​គេ ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ខាង​មុខ យោង​ទៅ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ភី.អិន.ធី (PNT)។

តំណាង​អ្នក​ភូមិ​ឈ្នួន ម្នាក់​ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត​ដែល​មាន​ដីកា​កោះ​ហៅ​របស់​តុលាការ​នោះ គឺ​លោក វង្ស សុខេងលី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​មករា ថា រូប​លោក និង​តំណាង​អ្នក​ភូមិ ៣​នាក់​ទៀត កំពុង​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ បុរស​ដដែល​បញ្ជាក់​ថា តុលាការ​ខេត្ត​ព្រះវិហារ បាន​កោះ​ហៅ​រូប​គាត់ និង​អ្នក​ភូមិ​ឈ្មោះ សាន រ៉េត សូ ថាល់ និង​ថេត សុភី ទៅ​សាកសួរ​ពី​ករណី​ព្រហ្មទណ្ឌ​ក្នុង​បទ​ឧក្រិដ្ឋ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។ លោក វង្ស សុខេងលី អះអាង​ថា លោក​មិន​ដឹង​ថា​បាន​ធ្វើ​អ្វី​ខុស​ទេ គឺ​ធ្លាប់​តែ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ភី.អិន.ធី មិន​ឲ្យ​ឈូស​ឆាយ​រំលោភ​យក​ដី​ចម្ការ​របស់​លោក​ទំហំ ៥​ហិកតារ​ប៉ុណ្ណោះ៖ «គេ​ចោទ​ប្រកាន់​ខ្ញុំ​នៅ​ក្នុង​តុលាការ​ហ្នឹង គេ​ថា​ខ្ញុំ​ហ្នឹង​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តែ​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​អ្វី​ខុស​ផង»

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​រូប​នេះ​ធ្លាប់​បាន​ក្រុម​ប៉ូលិស លួច​ឆ្មក់​ចាប់​ខ្លួន​ម្ដង​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ ក្នុង​ពេល​ដែល​គាត់​ទៅ​ចូលរួម​ដេក​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះ​លែង​វិញ ដោយសារ​តែ​អ្នក​ភូមិ​តវ៉ា​ខ្លាំង ដោយ​យក​គោយន្ត​បិទ​ផ្លូវ​មិន​ឲ្យ​មន្ត្រី​សាលា​ខេត្ត​ចេញ​ចូល​ធ្វើ​ការ​បាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​មករា។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​កំពុង​ព្រួយ​បារម្ភ​ជុំវិញ​រឿង​ដែល​តុលាការ​កោះ​ហៅ​តំណាង​អ្នក​ភូមិ ៤​នាក់​ទៅ​សាកសួរ​នេះ៖ «ព្រួយ​បារម្ភ​ត្រង់​ថា បើ​សិន​ជា​ក្រុមហ៊ុន​នៅ​តែ​មាន​ចេតនា​ឲ្យ​តុលាការ​បន្ត​នីតិវិធី គឺ​តុលាការ​អាច​ប្រើ​ឆន្ទានុសិទ្ធិ​ឃុំ​ខ្លួន​បាន»

ទោះ​យ៉ាង​ណា តំណាង​អ្នក​ភូមិ​ឈ្នួន ឃុំ​រួសរាន់ ទាំង ៤​រូប ប្ដេជ្ញា​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ខាង​មុខ ដោយ​មិន​គេចវេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។