ខ្សឹបដាក់ត្រចៀក៖ ផ្លូវលំភូមិព្រែកជ្រៃលើ ស្ថាបនាបាន ៥៥% តែលុយដកឲ្យ អ្នកម៉ៅការ ១០០%

ព្រៃវែង៖ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ឃុំព្រែកជ្រៃ ក្រុមប្រឹក្សាស្រុក ពោធិរៀង ស្ទើរតែទាំងអស់បានតវ៉ា លើករណីស្ថាបនាផ្លូវលំប្រវែង ១៦៤៧ម៉ែត្រ ជាគម្រោងជួសជុលផ្លូវលំដី (ស ) ចំណាយថវិកាសរុបជាង ៧៥លានរៀល ស្ថាបនាទើបបាន ៥៥% ក៍ប៉ុន្តែម្ចាស់គម្រោង ដកយកថវិកា ១០០% ប្រគល់ឲ្យអ្នកម៉ៅការ។

មន្ត្រី ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក បានប្រាប់អ្នកយកព័ត៌មានថា ផ្លូវនេះពេលដាក់ដេញថ្លៃ ថវិកា ៧៧លានរៀល ហើយក្រុមហ៊ុនលោក យស ស៊ីណាត អភិបាលរងស្រុកពារាំង ជាអ្នកដេញថ្លៃបាន ជាង ៧៥លាន ហើយស្ថាបនា ជាង ១៦០០ម៉ែត្រ ខ្នងលើ ៥ម៉ែត្រ ហើយសប្តាហ៍កន្លងមកនេះ គណកម្មការលទ្ធកម្ម ស្រុកពោធិរៀង ខេត្តព្រៃវែង បានចុះពិនិត្យ ឃើញថា ផ្លូវនេះធ្វើទើបតែបាន ៥៥% ក៍ប៉ុន្តែបែរជា លោកអភិបាលស្រុក ជាម្ចាស់គម្រោងដកយកលុយនោះ ១០០% ឲ្យអ្នកម៉ៅការ ខុសច្បាប់នៃការដេញថ្លៃ ដោយផ្លូវនោះកន្លែងខ្លះ ត្រូវចាក់ដី (ស) កំពស់ ១ម៉ែត្រ តែជាក់ស្តែងមិនបានចាក់ ដល់កំរិតនោះទេ ហើយខ្នងលើប្រាំម៉ែត្រ តែជាក់ស្តែងកន្លែងខ្លះទើបតែធ្វើបានទទឹងជាង ៣ម៉ែត្រប៉ុណ្ណោះ។ 

ពួកគាត់បន្តថា ផ្លូវនេះធ្វើបណ្តើប្រះបែកបណ្តើរ ដោយសារមិនមានគ្រឿងចក្រ គ្រប់គ្រាន់ សម្រាប់កិនបង្ហាប់ដីនោះទេ ហើយតាមរយៈ ការចុះពិនិត្យមើល មិនរំពឹងថា ផ្លូវនេះជាប់បានយូរទេ ។

ជុំវិញលើការចោទប្រកាន់ ថាផ្លូវទើបស្ថាបនាបាន ៥៥% តែដកលុយគម្រោង ១០០% ឲ្យអ្នកម៉ៅការអស់នោះ លោក ម៉ៅ គឹមឡុង អភិបាលស្រុកពោធិរៀង ខេត្តព្រៃវែង ដែលជាម្ចាស់គម្រោង បានឆ្លើយតបថា គណកម្មការលទ្ធកម្ម បានចុះពិនិត្យហើយវាយតម្លៃថា បានស្ថាបនា ៥៥% មែន ក៍ប៉ុន្តែជុំវិញការដកលុយ ១០០% នោះ លោកមិនបានដឹងទេ។

សូមបញ្ជាក់ថា ចំណែកឯ មន្ត្រីសាលាស្រុកលួចបង្ហើបថា ការដកលុយនោះ ពិតជាលោកអភិបាលស្រុក ដកយកចេញ ១០០% មែន មូលហេតុដោយសារ គាត់ដើមឆ្នាំនេះ ចូលនិវត្តន៍ហើយ ទើបគាត់ធ្វើបែបនេះ៕