ឯកអគ្គរាជទូត កម្ពុជាប្រចាំម៉ាឡេស៊ី ជួយពលការិនីរងគ្រោះ ៤នាក់ ឲ្យត្រឡប់មក កម្ពុជាវិញ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦នេះ បានអះអាងថា ក្រសួងបានបញ្ជាឲ្យឯកអគ្គរាជទូតកម្ពុជា អន្តរាគមន៍ដល់ពលការិនីខ្មែររងគ្រោះ ៤នាក់បន្ថែមទៀត ដែលទៅធ្វើការនៅម៉ាឡេស៊ី បានជួបប្រទះការលំបាក ក្នុងការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ពលការិនីខ្មែរដែលរងគ្រោះទាំង៤ នាក់នោះរួមាន៖ ១.ឈ្មោះ សត្វ ធីតា អាយុ ២៤ ឆ្នាំ រស់នៅភូមិតាគឹមក្រោម ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្ត សៀមរាប ។ ពលការិនីរូបនេះ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ ដើម្បីសុំឲ្យស្ថានទូត ជួយទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានត្រលប់មកកម្ពុជាវិញ។ ២.ឈ្មោះ ហ៊ឹម សោភ័ណ្ឌ អាយុ ២៨ ឆ្នាំ នៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៥ សុំជួយឲ្យបានត្រលប់មកកម្ពុជាវិញ។ ថៅកែបានយល់ព្រមបើកប្រាក់ខែឲ្យនាងគ្រប់ចំនួន ហើយកំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុកជូនដល់ពលការិនីទំាង២នាក់ នេះ ។

ប្រភពដដែលបានបន្ថែមថា “ ពលការិនី សត្វ ធីតា និង ហ៊ឹម សោភ័ណ្ឌ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៧: ៥០ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦”។

ចំណែកទី៣.ឈ្មោះ ហេង សុខណា អាយុ១៨ ឆ្នាំរស់នៅភូមិអណ្ដូងបី សង្កាត់គោរកា ខណ្ឌដង្កោ ក្រុងភ្នំពេញ , និងទី៤.ឈ្មោះ គឹម វាសនា អាយុ ៣១ ឆ្នាំ នៅភូមិអណ្ដូងបី សង្កាត់គោរកា ខណ្ឌដង្កោ ក្រុងភ្នំពេញ។ ពលការិនី ហេង សុខណា និង គឹម វាសនា បានទៅធ្វើការខុសច្បាប់ ជាអ្នកបោសសម្អាត នៅម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ និងបានមកស្ថានទូតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ទាំងពីរនេះ បានត្រឡប់មកដល់ភ្នំពេញហើយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១៦: ០០ នាទី រសៀល តាមជើងយន្តហោះ AK ៥៣៤៕