សាលាក្តីខ្មែរក្រហម គ្រោងបញ្ចប់ការសួរដេញដោល លើអង្គហេតុ ក្នុងសំណុំរឿង ០០២/០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំនេះ

ភ្នំពេញ៖ មន្ត្រីសាលាក្តីខ្មែរក្រហម បានឲ្យដឹងថាតាម គ្រោងអង្គជំនុំជម្រះសាលាដំបូង មានផែនការក្នុងការបញ្ចប់ការសួរដេញដោល លើអង្គហេតុ ក្នុងសំណុំរឿង ០០២/០២នៅអំឡុងត្រីមាសទី៣ ឆ្នាំ ២០១៦ និងការធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសួរដេញដោល នៅអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៦ ខាងមុខ។

លោក នេត្រ ភក្ត្រា មន្ត្រីអ្នកនំាពាក្យសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា រហូតមកទល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៦ នេះ អង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/០២ បានចំនួន ១២៧ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៥៥ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣១ រូប និងអ្នកជំនាញចំនួន ១ រូប។

គម្រោងបញ្ចប់សួរដេរដោលរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពី បើកសវនាការសូរដេញដោលសាក្សីឈ្មោះថេង ផលនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។ ក្នុងសវនាកសាក្សី ថេង ផលដែលឆ្លងការកាត់ក្នុងរបបខ្មែរក្រហម បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូង ដោយបានរៀបរាប់ពីខ្លួនអ្នកជាប់ខ្សែស្រឡាយជនជាតិវៀតណាម ត្រូវខ្មែរក្រហម បានដើរតាមផ្ទះ និងធ្វើការចាប់ខ្លួនជនជាតិវៀតណាម នៅក្នុងភូមិរបស់ខ្លួន ក្នុងខេត្តព្រៃវែងយកទៅសម្លាប់ចោល។

លោកថា គ្រួសារដែលមាន ជាប់សែស្រឡាយវៀតណាម (ប្តីឬប្រពន្ធជាជនជាតិវៀតណាម) ចំនួនបីគ្រួសារត្រូវបានគេចាប់ខ្លួន ដោយ បន្សល់តែសមាជិកគ្រួសារជាជនជាតិខ្មែរតែប៉ុណ្ណោះ ចំណែកកូនៗដែលមានឈាមជ័រ ជាជនជាតិវៀតណាម ក៏ត្រូវបានចាប់ខ្លួន ទៅជាមួយម្តាយពួកគេ។

សាក្សីថេង ផល គឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីចំនួន ១០រូបដែលអង្គជំនុំជម្រះសាលាដំបូងកោះហៅដើម្បីស្តាប់សក្ខីកម្មទាក់ទងនឹងនឹងអង្គហេតុឧក្រិ ដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលប្រព្រឹត្តទៅលជនជាតិវៀតណាម។

ក្នុងអង្គជំនុំជម្រះសាក្សី ថេង ផល បានថ្លែងថាប្រសិនបើឪពុកជាជនជាតិវៀតណាម ម្តាយជាខ្មែរ នោះខ្មែរក្រហមចាប់តែឪពុកជាជនជាតិវៀតណាម ហើយទុកម្តាយជាជនជាតិខ្មែរ និងកូនៗរបស់គេឱ្យនៅរស់ ប៉ុន្តែបើសិនជាម្តាយជាជន ជាតិវៀតណាម និងឪពុកជាជនជាតិខ្មែរ នោះខ្មែរក្រហមនឹងចាប់ខ្លួនទៅលើម្តាយជាជនជាតិវៀតណាម និងកូនៗ របស់ខ្លួនយកទៅសម្លាប់ចោល។

លោកមិនបានដឹងពីមូលហេតុពិតប្រាកដឡើយ ប៉ុន្តែតាមសាក្សី និងដើមបណ្តឹង រដ្ឋប្បវេណីដែលបានផ្តល់សក្ខីកម្មនាពេលកន្លងទៅគឺដោយសារតែកូនដែលកើតពីម្តាយវៀតណាមមានឈាមជ័រជា ជនជាតិវៀតណាមដោយការបំបោះដោះពីម្តាយរបស់ខ្លួន។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់ការស្តាប់សក្ខីកម្ម សាក្សី ថេង ផល នៅរសៀលថ្ងៃទី៦ ខែមករា និងបន្តបើកសវនាការនៅថ្ងៃទី៨ ខែមករា ទៀតហើយគ្រោងនឹងស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀតដែលពាក់ព័ន្ធនឹងអង្គហេតុការប្រព្រឹត្តទៅលើជន ជាតិចាម។
បើតាមលោក នេត្រ ភក្ត្រា សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន១០ រូប ត្រូវបានកំណត់កាលបរិច្ឆេទសម្រាប់ការផ្តល់សក្ខីកម្មនៅក្នុងអំឡុងពេលសវនាការលើផ្នែកនេះក្នុងសំណុំរឿង ០០២/០២។ អង្គជំនុំជម្រះក៏កំពុងពិចារណាផងដែរថា តើត្រូវស្តាប់សក្ខីកម្មរបស់អ្នកជំនាញលើអង្គហេតុនេះដែរឬយ៉ាងណា។

យោងតាមដីកាដំណោះស្រាយ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយចំនួន ៥ដែលអនុវត្តដោយបក្សកុម្មុយនីស្តកម្ពុជា(ប.ក.ក)ដើម្បីការពារបដិវត្តន៍សង្គមនិយម គឺការដាក់ក្រុមជាក់លាក់ ជាគោលដៅតាមរយៈការប្រើប្រាស់មធ្យោបាយចាំបាច់នានា។

ទាក់ទងនឹងផ្នែកស្តីពីជនជាតិវៀតណាមដីកាដំណោះស្រាយ បានគូសបញ្ជាក់ថា គោលនយោបាយនេះមានអត្ថិភាពនៅមុនឆ្នាំ ១៩៧៥ និងរីករាលដាលពេញមួយរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩។

កាលពីដំបូង ប.ក.ក ត្រូវបានចោទប្រកាន់ថា បានផ្តោតទៅលើការបណ្តេញជនជាតិវៀតណាមទាំងអស់ ពីទឹកដីកម្ពុជា និងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ។ យោងតាមដីកាដំណោះស្រាយ គោលនយោបាយនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ១៩៧៣ និងត្រូវបានអនុវត្តបន្តក្នុងឆ្នាំ ១៩៧៥ និង ១៩៧៦។ ចាប់ពីខែ មេសា ឆ្នាំ ១៩៧៧ ប.ក.ក ត្រូវបានចោទប្រកាន់ថា បានមានចេតនាជំរុញគោលនយោបាយនេះ តាមរយៈការបំផ្លិចបំផ្លាញទាំងស្រុង ឬ មួយផ្នែកនូវក្រុមជនជាតិវៀតណាម។ នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង កម្មាភិបាល ប.ក.ក ត្រូវបានចោទប្រកាន់ថា បានធ្វើការចាប់ខ្លួន និងសម្លាប់ជនជាតិវៀតណាម ជាប្រព័ន្ធតាមរយៈការធ្វើដំណើរពីផ្ទះមួយ ទៅផ្ទះមួយ ឬ ហៅទៅប្រជុំដើម្បីចុះឈ្មោះជាតិពន្ធុវៀតណាម និងការប្រើប្រាស់បញ្ជីឈ្មោះប្រជាជនវៀតណាមដែលបានរៀបចំទុកជាមុន នៅពេលធ្វើការចាប់ខ្លួន។ ដីកាដំណោះស្រាយបានចោទប្រកាន់ថា នួន ជា និង ខៀវ សំផន ជាអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ជាលក្ខណៈបុគ្គលចំពោះឧក្រិដ្ឋកម្មទាំងឡាយ ដែលបានប្រព្រឹត្តមកលើក្រុមជនជាតិវៀតណាម ក្នុងអំឡុងពេលខាងលើ តាមរយៈតួនាទីនានារបស់ពួកគាត់ ក្នុងជួរ ប.ក.ក ៕

សាលាក្តីខ្មែរក្រហម គ្រោងបញ្ចប់ការសួរដេញដោល លើអង្គហេតុ ក្នុងសំណុំរឿង ០០២/០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំនេះ

សាលាក្តីខ្មែរក្រហម គ្រោងបញ្ចប់ការសួរដេញដោល លើអង្គហេតុ ក្នុងសំណុំរឿង ០០២/០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំនេះ