យក​ថ្មពិល​ផ្សំ​ជាមួយ​ធ្យូង​និង​រុក្ខជាតិ​កិន​ផ្ទុះ​ឆេះ​ធ្លាយ​ខួរ​ស្លាប់​ម្នាក់​

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ ឆាន យ៉ា​ត អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក បាន​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ ដោយសារ​ផ្ទុះ​ឆេះ​បំណែក​គ្រឿងផ្ទុះ​ផ្សំ​ពី​ថ្មពិល​ចាស់​ៗ​លាយ​ជាយ​ធ្យូង​និង​ដើម​ព្រាល​ កិន​ដោយត្បាល់​ថ្ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ពញាក្រែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ខាងលើ​បាន​ដើរ​រើស​ថ្មពិល​ចាស់​ៗ​ពី​តាម​ផ្ទះ​របស់​អ្នក​ភូមិ​ដែល​គេ​បាន​ឈប់​ប្រើ​យក​មក​សន្សំទុក​នៅផ្ទះ​បានជា​ច្រើន​ដុំ ដំបូង​ៗ​គេ​មិន​បាន​ចាប់អារម្មណ៍​ថា​យក​មក​ធ្វើ​អ្វី​នោះ​ឡើយ ។

សម​ត្ថិ​ច្ច​ប្រាប់​ទៀត​ថា រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៦ ខែមករា​នេះ បុរស​ចំណាស់​ឈ្មោះ យ៉ា​ត បាន​យក​ថ្ម​ពល​ទាំងនោះ​មក​ដំ​បំបែក​លាយ​ជាមួយ​ធ្យូង និង​រុក្ខជាតិ​ដើម​ព្រាល បន្ទាប់​មក​បាន​ប្រើ​ត្បាល់​ថ្ម​កិន មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ផ្ទុះ​ឆេះ​បែក​ត្បាល់​ថ្ម​ជា​បំណែក​តូច​ៗ​ខ្ទាត​មក​ត្រូវ​ចិញ្ចើម​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​ប្រពន្ធ​ដែល​នៅ​ក្បែរ​នោះ​ ក៏​ត្រូវ​អំបែង​ថ្ម​ខ្ទាត​ត្រូវ​ជើង​រង​របួសស្រាល​ដែរ ។

លោក​វរសេនីយ៍ត្រី អោម មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែក បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ករណី​ខាងលើ​នេះ​ពិត​មាន​កើតឡើង​នៅ​ភូមិ​ឃុំ​ខាងលើ​មែន ដោយសារ​តែ​បុរស​វ័យ​ចំណាស់​នោះ​បាន​យក​ថ្មពិល​លាយ​ធ្យូង​កិន​លាយ​ជាមួយ​ដើម​រុក្ខជាតិ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ខ្ទេច​ត្បាល់​ថ្ម​ជា​បំណែក​ខ្ទាត​ត្រូវ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

សមត្ថកិច្ច​ស្រុក​ពញាក្រែក​បញ្ជាក់​ថា តាម​ការ​សន្និដ្ឋាន បុរស​ខាងលើ​នេះ​សង្ស័យ​មាន​អ្នក​ណា​ម្នាក់​ប្រាប់​ពី​របៀប​ផ្សំ​គ្រឿងផ្ទុះ លុះ​ពេល​យក​មក​អនុវត្ត​ផ្ទាល់​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ស្លាប់​តែ​ម្តង ។

សូម​បញ្ជាក់​ថា បុរស​រង​គ្រោះ​ខាងលើ​ជា​កសិករ​ធម្មតា មានកូន​២​នាក់ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕