ឆ្នាំ​២០១៥ ចំណូល​ពី​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៦០ លាន​ដុល្លារ​

ភ្នំពេញ: ​ចំណូល​ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ប្រចាំឆ្នាំ​២០១៥ មាន​ចំនួន​សរុប​ជាង ៦០ លាន​ដុល្លារ ដោយមាន​ភ្ញៀវទេសច​ទិញ​ប័ណ្ណ ចំនួន​សរុប​ជាង ២​លាន ១​សែន​នាក់​។ ចំណូល​នេះ បាន​កើនឡើង​ជាង ១% បើ​ធៀប​នឹង​រយៈពេល ១២ ខែ ក្នុង​ឆ្នាំ​២០១៤​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ បានបង្ហាញ​ពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៥ មាន​ចំនួន ២២២.៥៨១ នាក់ រីឯ​ចំណូល​នៅ​ខែធ្នូ ទទួលបាន ៦.៤៩៧.២២០ ដុល្លារ​។ គឺ​កើន ១,៥៨% ប្រៀបធៀប​នឹង​ខែធ្នូ ឆ្នាំ​២០១៤​។​

​សេចក្តីប្រកាស លើកឡើងថា ភ្ញៀវទេសចរ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សម្រាប់ ១២ ខែ ឆ្នាំ​២០១៥ មាន​ចំនួន ២.១០០.០១៨ នាក់ និង​ទទួលបាន​ចំណូល​សរុប ៦០.០៥៣.៧០០ ដុល្លារ​។ គឺ​កើនឡើង ១,២០% ប្រៀបធៀប​នឹង ១២ ខែ ឆ្នាំ​២០១៤​។​

​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​បរទេស​សរុប ២.០២១.៧១៥ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណែក​ចំណូល​ប្រចាំឆ្នាំ​២០១៣ មាន​ចំនួន ៥៧.៦៨៧.៦៨០ ដុល្លារ​។ រីឯ​ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ​បរទេស សរុប ២.០៥៩.៧០២ នាក់ និង​ទទួលបាន​ចំណូល ៥៩.៣៤២.០០០ ដុល្លារ​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល បានប្រកាស​សម្រេច​បញ្ច​ប់​កិច្ចសន្យា ស្តីពី ការប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ជាមួយ​ក្រុមហ៊ុន​សុខាអូតែល​។ រាជរដ្ឋាភិបាល បានសម្រេច​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​សហគ្រាស​សាធារណៈ ដើម្បី​គ្រប់គ្រង​ការងារ​នេះ​។

​សហគ្រាស​សាធារណៈ​នេះ ត្រូវ​ចាប់ផ្តើម​ដំណើរការ​ការងារ​រប​ស់​ខ្លួន នៅ​ដើមខែ​មករា ឆ្នាំ​២០១៦ នេះ​តទៅ​។ ម្យ៉ាងវិញទៀត បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​នេះ នឹង​បន្តការងារ​របស់ខ្លួន​ដដែល ក្រោម​ការគ្រប់គ្រង​រប​ស់​សហគ្រាស​សាធារណៈ​របស់​រាជរដ្ឋាភិបាល​៕​

ឆ្នាំ​២០១៥ ចំណូល​ពី​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៦០ លាន​ដុល្លារ​