លោកស្រី​ម៉ែន សំអន បួងសួង​សុំ​សេចក្ដីសុខ​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ នៅ​ទួល​បារមី​យាយ​ដូន ក្រុង​បាវិត​

ស្វាយរៀង: លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ដល់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ ក្នុង​ខេត្តស្វាយរៀង នៅ​ទួល​បារមី​យាយ​ដូន​ក្រុង​បាវិត ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​-​ក្រុង​បាវិត​។​

​ពី​ធី​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​យស់​ស៊ី​មន ម៉ឺង​សំផន និង​លោក​ជៀង​អំ អភិបាលខេត្ត ព្រមទាំង​អស់លោក​លោក​ស្រី ដែលជា​ប្រតិភូ​អមដំណើរ​មន្ត្រីរាជការ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ ជាច្រើន​កុះករ​ផងដែរ​។​

​លោកស្រី​ម៉ែន សំអន បាន​មានប្រសាសន៍ថា ការធ្វើ​បុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ​នៅ​ទួល​យាយ​ដូន​នេះ ឡើង​ដើម្បី​ឲ្យ​លោកយាយ​ដូន ដែលជា​អ្នកមាន​បារមី​ពូកែ​ស័​ក្កិ​សិទ្ធិ​នោះ ជួយ​បីបាច់​ថែរក្សា​កូនចៅ​នៅ​ទូទាំង​ខេត្តស្វាយរៀង ក៏ដូចជា​ក្រុង​បាវិត​នេះ​ផងដែរ​។ ម្យ៉ាងវិញទៀត​រយៈកាល​កន្លងមក ខេត្តស្វាយរៀង​យើង ក៏​ធ្លាប់​ជួប​នូវ​ឧបទ្ទវហេតុ ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស អស់​ជាច្រើន​នាក់ និង​មាន​កូដកម្ម​បាតុកម្ម​កើតឡើង ដោយបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ និង​រងរបួស​សមត្ថ​កិច្ច​ជាច្រើន​នាក់ ដែល​បង្កឡើង​ដោយ​ជន​មួយ​ក្ដាប់​តូច នាំ​ឲ្យ​ថៅកែ​រោងចក្រ​មិន​សប្បាយចិត្ត​ផងដែរ​។​

​លោកស្រី​បាន​បន្តថា ដូច្នេះហើយ​ទើប​រូបលោក​ស្រី​ផ្ទាល់ និង​ក្រុមការងារ​អាជ្ញាធរខេត្ត បានរៀបចំ​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន នៅ​ទួល​បារមី​យាយ​ដូន​នេះ ដើម្បី​ដេញ​ឧបទ្រពចង្រៃ​ឲ្យ​ជៀស​ចាកចេញ​ឲ្យ​ឆ្ងាយ និង​នាំ​មកវិញ​នូវ​សេចក្ដីសុខ​សប្បាយ និង​ការរីកចម្រើន​ដល់​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី​ម៉ែន​សំអន ក៏បាន​រំលឹក​អំពី​ប្រវត្តិ​សង្ខេប នូវ​ទួល​យាយ​ដូន​នេះ ដោយបាន​លើកឡើងថា កាលពី​ដើមឡើយ​មាន​មេទ័ព​ទិស​ប្រាំមួយ​មក​ច្បាំង នៅ​ទិស​ឥ​សាន្ត​មាន​ថ្ងៃមួយ​នោះ ពេលយប់​មេទ័ព​បាន​សុ​បិ​ន្ត​និមិត្ត​ឃើញ​ទេពអប្សរ​មួយ ព្រះ​នាង​ស្រស់ស្អាត​ហើយ​មានចិត្ត​ពេញ​ព្រះទ័យ​យ៉ាងខ្លាំង​។ ព្រះ​នាង គឺជា​ត្រី​ផ្សោត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ មាន​បារមី​អាច​ប្រែ​ក្រឡា​ជា​មនុ​ស្សបាន​។​

​លោកស្រី​ម៉ែន សំអន បន្តថា នៅ​គ្រាមួយ​នោះ មានរឿង​កើតឡើង​នៅ​ទិសទក្សិណ មេទ័ព​ក៏​ទៅធ្វើ​សង្គ្រាម​ជាមួយ​សត្រូវ​នៅ​ទិសទក្សិណ ពេលនោះ ព្រះ​នាង​ក៏​យាង​ទៅតាម​ធ្វើសង្គ្រាម​ជាមួយ​ស្វាមី លុះ​គ្រា​ក្រោយមក​ស្វាមី​ព្រះ​នាង​ក៏​ស្លាប់បាត់​បង់ជីវិត​មុន និង​ស្លាប់​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​ព្រះ​នាង​គោរព​ព្រះ​បរមគ្រូ​៣​អង្គ​របស់​ប្ដី គឺមាន​ព្រះព្រហ្ម ព្រះ​វិស្ណុ ព្រះ​សិវ​។ ក្រោយមក​ព្រះ​នាង បាន​ដឹកនាំ​កងទ័ព​ទាំង ៥០០ របស់​ប្ដី ធ្វើសង្គ្រាម​រហូត​បាន​ជ័យជម្នះ​នៅលើ​ទួល​នេះ​។ ព្រះ​នាង មាន​ព្រះនាម​ថា​មេទ័ព​ស្រី​ស្រអែម ដល់​រយៈកាល​ក្រោយមក ព្រះ​នាង​អស់បុណ្យ​ជាមួយ​មនុស្ស​។ ទីទួល​នោះ គេ​ក៏បាន​ហៅថា​ទួល​ស្រី​ស្រអែម ដល់​ដំណាក់កាល​ក្រោយមក គេ​ហៅថា​ទួល​យាយ​ដូន​។​

​សូមបញ្ជាក់ថា ទួល​យាយ​ដូន​នេះ សមិទ្ធផល​ជាច្រើន ដែល​បាន​កសាង​នៅលើ​ទួល​នេះ មានការ​ឧបត្ថម្ភ​គ្រាំទ្រ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ឺង​សំផន​និង​លោកស្រី​ផងដែរ​។​

​ពិធី​បន្ទាប់ លោកស្រី​ម៉ែន សំអន ក៏បាន​ចែកជូន​ថវិកា​ដល់​យាយជី​តាជី​និង​ប្រជាពលរដ្ឋ​មួយចំនួន និង​បញ្ចប់​វិធី​នេះ​តែម្ដង​៕​