អាជ្ញាធរ​ក្រុង​បាត់ដំបង​រុះរើ​ផ្ទះ​ពលរដ្ឋ​៣​ខ្នង​ដែល​រស់នៅ​លើ​ដី​គម្រោង​សួន​សាធារណៈ

អាជ្ញាធរ​ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៦ មករា ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​ខ្នង​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៣០០​គ្រួសារ ដែល​រស់នៅ​លើ​ដី​គម្រោង​សួន​សាធារណៈ​របស់​រដ្ឋ នៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង។

អាជ្ញាធរ​ក្រុង​បញ្ជាក់​ថា ការ​រុះ​រើ​ផ្ទះ​នេះ ដើម្បី​បោស​សម្អាត​ដី​ឡូ​បែង​ចែក​ទៅ​ពលរដ្ឋ​ក្រីក្រ និង​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឲ្យ​មាន​របៀប​រៀបរយ។ ចំណែក​ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​ដី​នេះ ដោយ​ពុំ​បាន​ផ្ដល់​សំណង​សមរម្យ​ឡើយ។

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​វិធានការ​របស់​អាជ្ញាធរ​នេះ ថា​ជា​ទង្វើ​បង្ខំ​ពួក​គាត់​ឲ្យ​ចាក​ចេញ​ពី​ដី ដោយ​ពុំ​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ហាន់ ប៊ុនថា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ខណៈ​អាជ្ញាធរ​កំពុង​រុះរើ​ផ្ទះ​លោក​ថា ដី​របស់​លោក​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ២៥​ម៉ែត្រ គឺ​លោក​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក។ លោក​អះអាង​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​បង្ខំ​រូប​លោក និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​រស់នៅ​តំបន់​នោះ ឲ្យ​ចាក​ចេញ​ពី​ដី​របស់​ខ្លួន ដោយ​ផ្ដល់​ដី​តំបន់​នោះ​រស់នៅ​ទំហំ ៤​ម៉ែត្រ​កន្លះ​គុណ​នឹង ១៦​ម៉ែត្រ បើ​ទោះ​ពួក​គាត់​មាន​ផ្ទៃ​ដី​ទំហំ​ធំ​ធេង​យ៉ាង​ណា​ក៏ដោយ។ លោក ហាន់ ប៊ុនថា បញ្ជាក់​ទៀត​ថា សំណង​ដែល​អាជ្ញាធរ​ក្រុង​ផ្ដល់​ឲ្យ​នេះ មិន​សមស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​ដី​នោះ​ឡើយ៖ «»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ក្រុង​បាត់ដំបង លោក ឌី ពៅ មាន​ប្រសាសន៍​ថា មុន​នឹង​សមត្ថកិច្ច​ចុះ​អនុវត្ត​ការ​រុះរើ​ផ្ទះ​នេះ គឺ​អាជ្ញាធរ​ក្រុង​បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ដី​គម្រោង​សួន​សាធារណៈ​នោះ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ព្រម​រុះរើ​ផ្ទះ​សម្បែង និង​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ដី​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​អាជ្ញាធរ​បែង​ចែក​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ឲ្យ​មាន​របៀប​រៀបរយ៖ «»។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ដែល​បាន​ចុះ​ឃ្លាំ​មើល​សមត្ថកិច្ច​រុះរើ​ផ្ទះ​សម្បែង​ពលរដ្ឋ​ដល់​ទី​កន្លែង​នោះ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​គួរ​សិក្សា​ពី​មតិ​យោបល់ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​កាប់​ដី​ច្រើន​ឆ្នាំ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ មុន​នឹង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី ដើម្បី​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​ក្នុង​ក្រុង​នោះ៖ «»។

អាជ្ញាធរ​ក្រុង​បាត់ដំបង មាន​គម្រោង​បែង​ចែក​ដី​សួន​សាធារណៈ​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​សំណង់​អនាធិបតេយ្យ​ចំនួន ៨២​គ្រួសារ ដែល​មាន​ផ្ទៃ​ដី​ទំហំ ៤​ម៉ែត្រ​កន្លះ​គុណ​នឹង ១៦​ម៉ែត្រ ចំនួន ៨២​ឡូ ដែល​ជំហាន​ទី​១ នឹង​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ។ ចំណែង​ឯ​ពលរដ្ឋ​ផ្សេង​ទៀត នឹង​ទទួល​បាន​ដី​ដែល​អាជ្ញាធរ​បែង​ចែក​ជូន​ជា​បន្តបន្ទាប់។ កន្លង​មក ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​ដែល​រស់នៅ​លើ​ដី​នៅ​តំបន់​នោះ ពុំ​មាន​ឯកសារ​បញ្ជាក់​ថា មាន​ផ្ទះ​ដី​ប៉ុន្មាន​ហិកតារ​ច្បាស់លាស់​នោះ​ទេ។ ពួក​គាត់​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ក្រុង​នេះ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។