ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​តម្លៃ​បង់​ពន្ធ​នាំ​ចូល​និង​ស្លាក​លេខ​ម៉ូតូ

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រើប្រាស់​ទោចក្រយានយន្ត ឬ​ម៉ូតូ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​ម៉ូតូ​គ្មាន​ពន្ធ កំពុង​ជួប​បញ្ហា​ប្រឈម​នានា។ បញ្ហា​ប្រឈម គឺ​ពួក​គាត់​មិន​អាច​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ជាតិ​ដូច​សព្វ​ដង​បាន បន្ទាប់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រឹត​បន្តឹង​ច្បាប់។

ពលរដ្ឋ​ខ្លះ ត្រូវ​ផ្អាក​សកម្មភាព​ប្រកប​មុខ​របរ​របស់​ខ្លួន ដោយសារ​ខ្លាច​មន្ត្រី​នគរបាល​ចាប់ ជាដើម។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ជួយ​សម្រួល​តម្លៃ​បំពេញ​ឯកសារ ឬ​ធ្វើ​ពន្ធ​នាំ​ចូល​សម្រាប់​ទោចក្រយានយន្ត ឬ​ម៉ូតូ​ទាំងឡាយ​ណា​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដូចជា មិន​មាន​ពន្ធ​នាំ​ចូល ឬ​ស្លាក​លេខ ជាដើម។ ពួក​គាត់​ថា ប្រសិន​បើ​មិន​មាន​ការ​បើក​ដៃ​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន​ទេ ម៉ូតូ​គ្មាន​ពន្ធ​ក៏​មិន​អាច​នាំ​ចូល​មក​បាន​ដែរ។

ពលរដ្ឋ​នៅ​ឃុំ​មេមត់ លោក ព្រៅ ចាន់ធឿន មាន​ប្រសាសន៍​ថា ដោយសារ​ថ្មីៗ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​មិន​ហ៊ាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ផ្សារ ឬ​ដឹក​ទំនិញ​ផ្សេងៗ​ទៅ​លក់​ដូរ​ដូច​ពេល​មុន​ឡើយ ពីព្រោះ​ម៉ូតូ​ពួក​គាត់​មិន​បាន​បង់​ពន្ធ​នាំ​ចូល។ លោក​បន្ត​ថា តម្លៃ​ធ្វើ​ពន្ធ​នាំ​ចូល ឬ​ឯកសារ​ពាក់ព័ន្ធ​មាន​តម្លៃ​ខ្ពស់ ដែល​នាំ​ឲ្យ​ពលរដ្ឋ​មិន​មាន​លទ្ធភាព​ធ្វើ៖ «ខ្ញុំ​មិន​ដឹង​ថា រដ្ឋាភិបាល​មិន​ដឹង​គាត់​គិត​របៀប​ម៉េច​ទេ ជាពិសេស​មន្ត្រី​នៅ​តាម​ព្រំដែន បាន​នាំ​យក​ម៉ូតូ​អត់​ពន្ធ​សម្រាប់​ប្រជាពលរដ្ឋ»

តម្លៃ​ធ្វើ​ពន្ធ​នាំ​ចូល គឺ​គេ​គិត​ទៅ​តាម​ស៊េរី​ម៉ូតូ​ទាំង​នោះ ដោយ​ត្រូវ​ចំណាយ​ចន្លោះ​ពី​ជាង ៤០​ម៉ឺន​រៀល​ទៅ​ជាង ១​លាន​រៀល។ លោក ព្រៅ ចាន់ធឿន ឲ្យ​ដឹង​បន្ត​ថា ម៉ូតូ​ភាគ​ច្រើន​របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ប្រើប្រាស់​សម្រាប់​ដឹក​ជ័រ ឬ​ផលិតផល​កសិកម្ម​របស់​ខ្លួន គឺ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទេ។ ម្យ៉ាង​លោក​ថា ស្រុក​មេមត់ នៅ​ជាប់​ព្រំដែន​វៀតណាម ស្រាប់​ផង ទើប​មាន​ម៉ូតូ​គ្មាន​ពន្ធ​ជាច្រើន​នាំ​ចូល​មក​លក់​នៅ​តាម​ទីផ្សារ។

ដោយឡែក​អាជ្ញាធរ​ភូមិ​ក្នុង​ឃុំ​មេមត់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា គ្រាន់​តែ​វិធានការ​របស់​សមត្ថកិច្ច​ចាប់​ផ្ដើម ប្រជាពលរដ្ឋ​មាន​ម៉ូតូ​ខុស​ច្បាប់​ទាំង​នោះ មិន​ហ៊ាន​ជិះ​ចេញ​ពី​ផ្ទះ​ឡើយ។ រីឯ​កូន​សិស្ស​វិញ ក៏​មិន​ហ៊ាន​ជិះ​ទៅ​សាលា​ដែរ។ លោក​មើល​ឃើញ​ថា ផល​ប៉ះពាល់ គឺ​មាន​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ ត្បិត​អី​ពួក​គាត់​ជា​ជន​រងគ្រោះ ពីព្រោះ​លោក​ថា ម៉ូតូ​គ្មាន​ពន្ធ​អាច​ចូល​មក​ស្រុក​មេមត់ បាន គឺ​អាជ្ញាធរ​តាម​ព្រំដែន​បើក​ដៃ​តែ​ម្តង ហើយ​មាន​មន្ត្រី​សមត្ថកិច្ច​ខ្លះ​ទៀត ជិះ​យក​ម៉ូតូ​គ្មាន​ពន្ធ​ទាំង​នោះ​មក​លក់​ឲ្យ​ពលរដ្ឋ​ទៀត​ផង៖ «អ៊ីចឹង​ខ្ញុំ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន ជួយ​សម្រួល​ការងារ​ពន្ធ​ហ្នឹង​បន្តិច កុំ​ឲ្យ​ដល់​ថ្នាក់​ហ្នឹង»

ទាក់ទង​បញ្ហា​នេះ នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី សូ សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ គឺ​ដំណើរ​ការ​ជា​ធម្មតា ហើយ​មាន​ពលរដ្ឋ​ជាច្រើន​ចូលរួម​អនុវត្ត​ច្បាប់ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​ចំពោះ​ករណី​ឃាត់​ម៉ូតូ​គ្មាន​ពន្ធ និង​ស្លាក​លេខ​របស់​ពួក​គាត់។ លោក​ថា រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ឃាត់​ម៉ូតូ​ដែល​គ្មាន​ពន្ធ ព្រម​ទាំង​គ្មាន​ស្លាក​លេខ​ចំនួន ១១៥​គ្រឿង និង​ម៉ូតូ​មាន​ពន្ធ​ប៉ុន្តែ​គ្មាន​ស្លាក​លេខ​ចំនួន ៥៦​គ្រឿង។ លោក​បន្ត​ថា ការ​នាំ​យក​ម៉ូតូ​គ្មាន​ពន្ធ​ចូល​មក គឺ​មិន​ពាក់ព័ន្ធ​មន្ត្រី​សមត្ថកិច្ច​ចរាចរណ៍​ទេ ប៉ុន្តែ​លោក​បាន​បញ្ជូន​សំណូមពរ​ប្រជាពលរដ្ឋ ដោយ​សុំ​ឲ្យ​មាន​ការ​សម្រួល​តម្លៃ​បំពេញ​ឯកសារ​ទៅ​មន្ត្រី​ពន្ធដារ​គយ​រួច​រាល់​ហើយ។ ទន្ទឹម​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា៖ «ទិញ​យានយន្ត​ទាំងឡាយ ត្រូវ​តែ​មាន​ពន្ធ​ត្រឹមត្រូវ។ បើ​សិន​ទិញ​ម៉ូតូ ឬ​រថយន្ត​ដែល​មាន​ស្លាក​លេខ ត្រូវ​ទៅ​កាត់​ឈ្មោះ​ដើម្បី​ជា​កម្មសិទ្ធិ​របស់​គាត់​ផ្ទាល់»

ដោយឡែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​អំពើ​ពុក​រលួយ ទើប​បាន​ជា​យាន​ជំនិះ​មួយ​ចំនួន​អាច​នាំ​ចូល​មក​ស្រុក​ខ្មែរ​ដោយ​គ្មាន​ការ​បង់​ពន្ធ​បាន។ ករណី​នេះ​លោក​ថា មិន​មែន​ជា​កំហុស​របស់​ពលរដ្ឋ​ឡើយ ប៉ុន្តែ​វា​ជា​កំហុស​របស់​មន្ត្រី​ពន្ធដារ ឬ​មន្ត្រី​គយ​តាម​ព្រំដែន ដែល​មាន​ភាព​ធូរ​រលុង ឬ​ធ្វេសប្រហែស។ លោក​បន្ថែម​ថា រឿង​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជ​រដ្ឋាភិបាល។ ស្រប​គ្នា​នេះ ដើម្បី​ឲ្យ​យាន​ជំនិះ​ទាំង​នោះ​អាច​ចរាចរ​ដោយ​ស្រប​ច្បាប់​នៅ​លើ​ផ្លូវ​សាធារណៈ​បាន រាជ​រដ្ឋាភិបាល​ត្រូវ​សម្រួល​តម្លៃ​ធ្វើ​ឯកសារ​ពាក់ព័ន្ធ ក្នុង​កម្រិត​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។