គោ​យន្ត​ច្នៃ​ដឹក​ពោត​ដាច់​រ៉ូ​ទីល​ធ្លាក់​ផ្លូវ​ក្រឡាប់​កិន​អ្នកបើកបរ​ស្លាប់​នៅ​ស្រុក​សំឡូត

ខេត្តបាត់ដំបង ៖ គោ​យន្ត​ច្នៃ​១​គ្រឿង​ទំនង​មាន​បញ្ហា​គាំង​ចង្កូត​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​កិន​អ្នកបើកបរ​ស្លាប់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​រំចេក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា គោ​យន្ត​ច្នៃ​នោះ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សឿ​ស សំ​អឿ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​ខាងកើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​បាន​ប្រាប់​ថា គោ​យន្ត​ច្នៃ​នោះ​ដឹក​ពោត​ជា​ច្រើន​តោន ហើយ​ពេល​កំពុង​បើកបរ​ស្រាប់តែ​ដាច់​រ៉ូ​ទីល​រហូត​អ្នកបើកបរ​មិន​អាច​បញ្ជា​ចង្កូត​បាន ក៏​ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​សង្កត់​អ្នកបើកបរ​ដាច់​ពាក់កណ្ដាល​ខ្លួន​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ៕