អតីតអ្នកថតរូប គេហទំព័រវីអូឌី ត្រូវចោរ លួចម៉ូតូទាំងថ្ងៃ

ភ្នំពេញ៖ អតីតអ្នកថត រូបឲ្យគេហទំព័រវីអូឌី (VOD) លោក ទេព សូនី នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៣ ត្រូវបានចោរលួចម៉ូតូ ១គ្រឿង មាក់វេវ នៅមុខម៉ាតយីហោ Smile (ស្មាញ)។

យោងតាមជនរងគ្រោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៦ ខែមករានេះថា បន្ទាប់ពីខ្លួនត្រឡប់មកពីថតរូបក្នុងកម្មវិធីមួយនៅមុខព្រះបរមរាជវាំង លោកបានជិះម៉ូតូមកទិញភេសជ្ជៈ ដើម្បីបរិភោគនៅម៉ាតយីហោ Smile ដែលមានទីតាំងនៅជាប់ផ្លូវលេខ៦៣ កែងនឹងផ្លូវ១៨៤ ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពេលចូលទៅទិញត្រឹមតែរយៈពេល ១ប៉ព្រិច ស្រាបតែចេញមកវិញ រកម៉ូតូមិនឃើញតែម្តង។

លោក សូនី បានបន្ថែមថា ម៉ូតូដែលចោរលួចនោះ ម៉ាកវេវ សេរី ២០០៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1A-0756។ បច្ចុប្បន្នជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកាន់នគរបាលប៉ុស្តិ៍សង្កាត់បឹងរាំង ដើម្បីឲ្យនគរបាលជួយតាមរក និងវែកមុខជនល្មើស មកផ្តន្ទាទោសតាមច្បាប់រួចរាល់ហើយ៕