អគ្គស្នងការដ្ឋាន នគរបាលជាតិ ចេញបទបញ្ជាថ្មីឲ្យផ្អាក ត្រួតពិនិត្យលិខិតស្នាម យានយន្ត

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញបទបញ្ជាថ្មីឲ្យ ផ្អាកត្រួតពិនិត្យមួយរយៈលើ ប័ណ្ណបើកបរ ប័ណ្ណសំគាល់ទោចក្រយានយន្ត វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស និង លិខិតធ្វើអាជីវកម្ម ចំពោះរថយន្តដឹកជញ្ជូន រហូតដល់មានបទបញ្ជាសារជាថ្មី ។

បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក កឹម គុណវឌ្ឍអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹថា នេះជាដំណឹងល្អសំរាប់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលកំពុងបារម្មណ៍អំពីការរឹត បន្តឹងការអនុវត្តច្បាប់ចរាចរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបទបញ្ជាថ្មីដោយបាន ជំរាបមកស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និង អធិការដ្ឋានក្រុង ខណ្ឌ ស្រុក ឲ្យផ្អាកត្រួតពិនិត្យមួយរយៈលើលិខិតស្នាមយានយន្ត។

លោកបានអបអរសាទរចំពោះ ចំណាត់ការរបស់អគ្គស្នងការ ដ្ឋាននគរបាលជាតិ ដើម្បីបញ្ចៀសនូវការ អនុវត្តទាំងប្រទាំងប្រទើស ជាមួយប្រជាពលរដ្ឋ ៕