សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​លុប​ចោល​ប័ណ្ណបើកបរ​ម៉ូតូ​កម្លាំង​ចាប់​ពី​ 125​ CC ចុះ​ក្រោម

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​សម្រេច​លុប​ចោល​ទាំងស្រុង​ប័ណ្ណបើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់ពី 125CC ចុះ​ក្រោម ប៉ុន្តែ​​សម្តេច​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​រៀន​ច្បាប់​ចរាចរណ៍ និង​បើកបរ​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ៗ​គ្នា ។ នេះ​បើ​យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebok) ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebok) ផ្លូវការ​របស់​សម្តេច​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​ខ្លឹ​ម​សារ​ទាំងស្រុង​ថា ៖

« ​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ !
ក្រោយ​ពី​បាន​តាមដាន​ស្តាប់​នូវ​មតិយោបល់ សំណូមពរ និង​សំណើ​របស់​បងប្អូន​ជនរួមជាតិ ជា​ពិសេស យុវជន និង​សិស្សានុសិស្ស​ទាក់ទង​និង​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ហើយ​ក្រោយ​ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន គឺ​ខ្ញុំ​បាន​សម្រេច​បញ្ឈប់​អោយ​បង់ថ្លៃ​ទាំងស្រុង​ក្នុង​ការ​ធ្វើ​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125 CC ចុះ​ក្រោម ចាប់ពី​ពេល​នេះ​តទៅ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ​មាន​កម្លាំង​ចាប់ពី 125 CC ចុះ​ក្រោម គឺ​មិន​ចាំបាច់​បង់លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​មិន​ចាំបាច់​មាន​ប័ណ្ណបើកបរ​ឡើយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គឺ​សូម​ប្រជាពលរដ្ឋ​ត្រូវ​តែ​រៀន​ច្បាប់​ចរាចរណ៍ និង​បើកបរ​ត្រូវ​តែ​គោរព​ច្បាប់​គ្រប់​ៗ​គ្នា​។ ខ្ញុំ​នឹង​ស្នើ​ទៅ​អង្គការនីតិបញ្ញត្តិ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ញត្តិ​ច្បាប់​ដែល​មានការ​ពាក់​ព័​ន្ឋ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។
ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​ការ​ចូលរួម​កាត់​បន្ថយ​នូវ​ការ​ចំណាយ និង​ការ​លំបាក​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ។
នេះ​គឺជា​កាដូ​មួយ​ថែម​ទៀត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​ក្នុង​ខួប ៧ មក​រា ២០១៦ នេះ ! »