​លោក សុក សិត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្តតាកែវ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​

លោក សុក សិត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ​ត្រូវបាន​មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​ខេត្តតាកែវ​រិះគន់ថា​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​តាមរយៈ​ការបំពេញ​ការងារ​មិន​ត្រឹមត្រូវ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​លោក សុក សិត និង​មន្ត្រី​សិ្ន​ទ្ធ​របស់ខ្លួន​បាន​ឃុបឃិត​គ្នា​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​កិបកេង​លុយ​របស់​អង្គភាព និង​គាបសង្កត់​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ដែល​មក​ស្វែងរក​សេវាសាធារណៈ​របស់​រដ្ឋ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ហើយ​បើ​ពលរដ្ឋ​ណា​បង់ប្រាក់​ក្រៅផ្លូវការ​នោះ​សេវា​រដ្ឋ​នឹង​រលូន​ល្អ តែបើ​គ្មាន​ការបង់ប្រាក់​ក្រៅផ្លូវការ ក្រុមមន្ត្រី​ខិលខូច​នឹង​យក​លេស​ខុស​នេះ​ខុស​នោះ​អូស​បន្លាយពេល​។​

​ប្រជាពលរដ្ឋ​ខេត្តតាកែវ​បាន​រាយការណ៍​មក​ថា ការចេញ​ប្លង់​កម្មសិទ្ធិ ការសុំច្បាប់​សាងសង់ ការសុំច្បាប់​ជួសជុល​សំណង់​ផ្សេងៗ​ជាដើម​គឺជា​ឱកាស​របស់លោក សុក សិត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ ក្នុងការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ងាយស្រួល​។ ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​ប្រជាពលរដ្ឋ ឬ​អ្នក​ដែល​មក​ស្វែងរក​សេវាសាធារណៈ​ផ្សេងៗ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ​មិនបាន​សែនព្រេន​ឲ្យ​លោក សុក សិត និង​បក្ខពួក នោះ​ក្រុមមន្ត្រី​ខិលខូច​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ​នឹង​ចាប់កំហុស​ចោទថា​ខុស​នេះ​ខុស​នោះ​មិន​ព្រម​ចេញ​ច្បាប់​ឲ្យ​មិន​ខាន តែ​ផ្ទុយទៅវិញ​បើ​បាន​សែនព្រេន​រួចរាល់​ទោះជា​សំណង់​សង់​ឡើង​ដោយ​ខុសច្បាប់ ឬ​ខុស​លក្ខណៈ​បច្ចេកទេស ក៏​ក្រុមមន្ត្រី​អាច​សម្រប​ស្រួល​ដើម្បី​ឲ្យ​ការដ្ឋាន​សំណង់​ដំណើរការបាន​រលូន​។​

ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ ក៏បាន​បង្ហើប​ដែរ​ថា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ លោក សុក សិត និង​បក្ខពួក​មួយ​ក្តាប់​តូច​បាន​ចាយវាយ​ថវិកាជាតិ​មាន​ភាពមិនប្រក្រតី​ផងដែរ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ប្រាក់​បុព្វហេតុ​រដ្ឋបាល ប្រាក់​បុរេប្រទាន និង​ប្រាក់​ផ្សេងៗ​ទៀត​ដែលជា​ចំណាយ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ ត្រូវបាន​លោក សុក សិត ចាយវាយ​មិន​ត្រឹមត្រូវ និង​គ្មាន​តម្លាភាព​ឡើយ ហើយ​នៅពេលដែល​មន្ត្រីក្រោមឱវាទ​សួរនាំ លោក សុក សិត បាន​ព្រមាន​មិន​ឲ្យ​តវ៉ា និង​អួតអាង​ថា​ឲ្យ​ទៅប្តឹង​អ្នកណា​ក៏​មិន​ខ្លាច​ដែរ​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គប្បី​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ខាងលើនេះ​ឡើងវិញ​ផង​៕

512-x-3002